ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ សក្តិ​សិទ្ធិ ខកចិត្ត​ក្រោយ​ចាញ់​សិស្ស​ប្អូន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពៅ សក្ដិ​សិទ្ធិ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ចាញ់​ពិន្ទុ សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ក្នុង​ជំនួប​ប្រកួត​ជា​លក្ខណៈ​

រាជធានី​ភ្នំពេញ ៖ ពៅ សក្ដិ​សិទ្ធិ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ចាញ់​ពិន្ទុ សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ក្នុង​ជំនួប​ប្រកួត​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​យប់​ថ្ងៃ​ទី​២៦ សីហា កន្លង​មកនេះ ។

ពៅ សក្ដិ​សិទ្ធិ ដែល​ជា​ជើង​ខ្លាំង​លំដាប់ជួរ​មុខ​មួយ​រូប​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​បាន​ចាញ់​ទាំង​មិន​អស់ចិត្ត​ក្នុង​ជំនួប​ប្រកួត​ជាមួយ​សរ រាជសីហ៍ កាលពី​យប់​ថ្ងៃ​សៅរ៍ ។

កីឡាកររូប​នេះ​រៀបរាប់​ទាំង​សោកស្ដាយ​ថា ប្រសិនជា​ជើង​ទាំង​សងខាង​របស់​លោក​នៅ​រឹង​មាំ​ដូច​ធម្មតា​នោះ មិន​បណ្ដោយ​ឱ្យ​សរ រាជសីហ៍ យកឈ្នះ​បាន​ដោយ​ងាយ​នោះ​ទេ ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ ថ្វី​ដ្បិតតែ​លោក​ឈ្នះ​កីឡាករ​ថៃ​ឈ្មោះ Kongpha khav​ដោយ​ពិន្ទុ​មែន ប៉ុន្តែ​ជើង​ទាំង​សងខាង​របស់​លោក​ត្រូវ​កីឡាករ​ថៃ​រូប​នេះ​ទាត់​ឱ្យ​ឈឺ​ស្ទើរតែ​កម្រើក​លែង​កើត​ទៅ​ហើយ ។ ពេល​ជួប​សរ រាជសីហ៍ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ លោក​ពិតជាជួប​ការ​លំបាក​ខ្លាំង​មិន​អាច​បញ្ចេញ​ក្បាច់គុន​ឱ្យ​អស់ពី​ខ្លួន​ឡើយ​ដោយសារ​តែ​ឈឺ​ជើង​ខ្លាំង​ពេក ។

លោក​ពិតជា​ចង់​ប្រកួត​ម្ដងទៀត​ដើម្បី​ជម្រះ​បញ្ជី​ឱ្យ​ដឹង​ស​-​ខ្មៅ មិន​ចង់​ចាញ់​ដោយ​មិន​អស់​ចិត្ត​ហើយ​ទទួល​ប្រាក់​រង្វាន់​២​លាន​រៀល​តាម​រយៈ​ដណ្ដើម​បាន​តំណែង​ជើងឯក​រង​បែប​នេះ​ទេ ។

ចំណែក​សរ រាជសីហ៍ បាន​និយាយ​ថា លោក​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ​Mongkhun Sith Samrandeth ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២​ទើប​កម្លាំង​មិន​ទាន់​ថយ​ចុះ ។ លោក​ថា រាមច្បង ពៅ សក្ដិ​សិទ្ធិ ពិតជា​មិន​ងាយ​យកឈ្នះ​ដោយ​ស្រួល​មែន​បើ​គាត់​មិន​ចំណាយ​កម្លាំង​ច្រើន​នៅ​ក្នុង​វគ្គ​ជម្រុះ​ទេ​នោះ ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក​ម៉ា​រ៉ា​តុង​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​លើក​នេះ សរ រាជសីហ៍ ត្រូវ​គេ​ឃើញ​មាន​ប្រៀប​ជាង​ដាច់​តាំងពី​ទឹក​ទី​១​និង​ទី​២​ម្ល៉េះ ។

ចូល​ដល់​ទឹក​ទី​៣​និង​ទី​៤ ពៅ សក្ដិ​សិទ្ធិ​បាន​វាយបក​សង​វិញ​បង្ខំ​ឱ្យ​សរ រាជសីហ៍ ដកថយ​មិន​ហ៊ាន​ចូល​ផ្ដេសផ្ដាស់​គ្រាន់តែ​រាល់​ការ​វាយ​ចេញ​របស់​គេ​មិនសូវ​ចំ​គោលដៅ​ល្អ​ប៉ុណ្ណោះ​។ ចូល​ដល់​ទឹក​ទី​៥ សរ រាជសីហ៍ ជា​អ្នកមាន​ប្រៀប​ជាង​ដាច់​តែ​ម្ដង ដូច្នេះ​ចៅក្រម​ទាំង​៥​រូប​បាន​កាត់ក្ដី​ឱ្យ សរ រាជសីហ៍ ឈ្នះ​ពិន្ទុ​ដោយ​មិន​ឯកច្ឆន្ទ​៤​ទល់​១ អម​ជាមួយនឹង​ទឹកប្រាក់​៤​លាន​រៀល ។

ចំណែក​គូ​សងសឹក​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ធ្វើ​ឱ្យ​កីឡាករ​ពុទ្ធ អ៊ំ​អ័ន មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ ជួប​ការ​បរាជ័យ​ជា​លើក​ទី​២​តាម​រយៈ​ការ​យកឈ្នះ​ដោយ​ពិន្ទុ ៕