ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​លំនៅ​ឋាន​តម្លៃ​មធ្យម​ប្រកាស​លក់​ជា​ផ្លូវការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​បាន​ទន្ទឹងរង់ចាំ​មើល​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​មធ្យម​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ប៉ុន្តែ​តាំងពី​គម្រោង​នេះ​បាន​ប្រកាស​ពី​ទីតាំង និង

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​បាន​ទន្ទឹងរង់ចាំ​មើល​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​មធ្យម​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ប៉ុន្តែ​តាំងពី​គម្រោង​នេះ​បាន​ប្រកាស​ពី​ទីតាំង និង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​មក វា​ហាក់ដូចជា​នៅ​ស្ងាត់​បន្តិច និង​គ្មាន​សកម្មភាព​គគ្រឹកគគ្រេង​ដូច​កាលពី​មិន​ទាន់​ដឹង​ទីតាំង និង​បើក​ការដ្ឋាន​ឡើយ ស្រប​ពេល​ពលរដ្ឋ​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន បែរជា​សម្រុក​ទៅ​ទិញ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ផ្សេង​ទៅ​វិញ ។

ថ្មី​ៗ​នេះ គម្រោង​លំនៅ​ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រីរាជការ និង​អ្នកមាន​ចំណូល​ទាប និង​មធ្យម បាន​ប្រកាស​លក់​ជា​ផ្លូវការ​ម្ដងទៀត និង​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទៅ​យកពាក្យ​ស្នើ​សុំ​ដើម្បី​ទិញ​គម្រោង​លំនៅ​ឋាន​នេះ ក៏​ប៉ុន្តែ​តាម​រយៈ​ការ​ប្រកាស​លក់​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ វា​ហាក់ដូចជា​យឺតយ៉ាវ​បន្តិច ខណៈ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ វិនិយោគិន​លើ​វិស័យ​លំនៅ​ឋាន​ល្បី​ៗ​នៅ​កម្ពុជា បាន​អភិវឌ្ឍន៍​គម្រោង​ស្រ​ដៀង​គ្នា​នេះ​ដែរ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ ។ ដូចនេះ ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ទៅ​ទិញ​គម្រោង​លំនៅ​ឋាន​ពី​ក្រុមហ៊ុន​ថ្មី​នោះ​ទៅ​ហើយ ខណៈ​មួយ​ចំនួន​ទៀត​នៅ​រង់ចាំ​មើល​គម្រោង​អភិវឌ្ឍន៍ ដែល​មានការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ដដែល ។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ឱ្យ​ពលរដ្ឋ​ដែល​មាន​បំណង​ទិញ​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ ទៅ​ដាក់​ពាក្យ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៩ កញ្ញា ខាង​មុខ ដើម្បី​បំពេញ​បែប​បទ​ស្នើ​សុំ​ទិញ​គម្រោង​ផ្ទះ​នេះ ។

បើ​តាម​ពលរដ្ឋ​ម្នាក់​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ និង​មាន​គម្រោង​ទិញ​លំនៅ​ឋាន​សាធារណៈ​របស់​ក្រុមហ៊ុន World Bridge Land កាលពីមុន​នោះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ងាក​ទៅ​ទិញ​គម្រោង​អភិវឌ្ឍន៍​របស់​បុរី​ពិភព​ថ្មី​បាត់​ទៅ​ហើយ បើ​ទោះបីជា​គម្រោង​នោះ​វា​ថ្លៃ​ជា​គម្រោង​លំនៅ​ឋាន​សាធារណៈ ដែល​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្តី ពីព្រោះ​​តាំងពី​គម្រោង​លំនៅ​ឋាន​សាធារណៈ​នោះ​បាន​បុក​គ្រឹះ​មក វា​ហាក់ដូចជា​ស្ងប់ស្ងាត់ ។ ដូចនេះ​ហើយ​លោក​ក៏​សម្រេចចិត្ត​ទិញ​គម្រោង​ថ្មី ដើម្បី​បាន​ផ្ទះ​នៅ​ឆាប់​ៗ ។

បើ​តាម​លោក​ឧកញ៉ា សៀ ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Land ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ​នេះ ធ្លាប់​បាន​លើក​ឡើង​ហើយ​ថា លោក​ព្យាយាម​សម្រួល​ការងារ​ឱ្យ​រួច​សិន ទើប​ប្រកាស​លក់​ជា​ផ្លូវការ​។ ជាក់ស្ដែង ក្រុមហ៊ុន​ត្រូវ​ស្វែងរក​ធនាគារ​ជា​ដៃគូ​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ និង​រង់ចាំ​ឱ្យ​ក្រុមការងារ​ចាក់​បំពេញ​ដី​នៅ​កន្លែង​អភិវឌ្ឍន៍​ឱ្យ​រួចរាល់​សិន ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Founder Appraisal ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​គម្រោង​លំនៅ​ឋាន​សាធារណៈ បានឱ្យ​ដឹង​ថា បើ​ទោះជា​មាន​ក្រុមហ៊ុន​ថ្មី​ៗ​ជា​ច្រើន​ទៀត​អភិវឌ្ឍន៍​លំនៅ​ឋាន​បែប​នេះ​ក្តី ក៏​ក្រុមហ៊ុន​នៅ​តែ​មិន​ព្រួយបារម្ភ​ដែរ ព្រោះ​តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មាន​កំណើន​ជា​ប្រចាំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​គម្រោង​លំនៅ​ឋាន​នេះ​ដែរ ក៏​ខុស​ពី​គម្រោង​លំនៅ​ឋាន​ដទៃ​ទៀត ដូច​ជា​គម្រោង​លំនៅ​ឋាន​តាម​បុរី​ជាដើម ។

លោក​បន្ត​ថា តាម​លោក​ដឹង គម្រោង​ដែល​អភិវឌ្ឍន៍​ស្រ​ដៀង​នឹង​ក្រុមហ៊ុន World  Bridge Land មាន​ជា​បន្តបន្ទាប់​មែន ប៉ុន្តែ​គម្រោង​ទាំងនោះ​ស្ថិត​នៅ​ទីតាំង​ផ្សេង​ពី​គម្រោង​របស់ World  Bridge Land ។ ដូចនេះ វា​អត់​មានអី​ត្រូវ​ប៉ះពាល់ ឬ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន World  Bridge Land ទេ ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ ក្នុង​១​ឆ្នាំ​ត្រូវការ​លំនៅ​ឋាន​ជា​មធ្យម​ប្រមាណ​៨​ពាន់​ខ្នង ហើយ​តម្រូវការ​នេះ​នឹង​កើន​ឡើងជា​បន្តបន្ទាប់ ។ តាម​ការ​ព្យាករ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០៣០​ខាង​មុខ​នេះ តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា មាន​ប្រមាណ​៨​ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំ ក្នុង​នោះ​រាជធានី​ភ្នំពេញ​នឹង​មាន​តម្រូវការ​ច្រើន​ជាងគេ ។ ដូចនេះ ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍ​លំនៅ​ឋាន​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ៕