ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​នៅ​ភូមិសាស្ត្រ​ណាខ្លះ​ជាប់ពន្ធ និង​ត្រូវ​បង់​ដូច​ម្តេច ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​មាន​ច​ម្ង​ល់​ជុំវិញ​បញ្ហា​បង់ពន្ធ​ផ្ទះសម្បែង​ជូន​រដ្ឋ និង​ពុំ​ដឹង​ច្បាស់​ថា ផ្ទះ​របស់​ខ្លួន​ជាប់ពន្ធ​ដែរ​ឬ​យ៉ាងណា ខណៈ​អ្នកមួយ​ចំនួន​យល់​ថា

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​មាន​ច​ម្ង​ល់​ជុំវិញ​បញ្ហា​បង់ពន្ធ​ផ្ទះសម្បែង​ជូន​រដ្ឋ និង​ពុំ​ដឹង​ច្បាស់​ថា ផ្ទះ​របស់​ខ្លួន​ជាប់ពន្ធ​ដែរ​ឬ​យ៉ាងណា ខណៈ​អ្នកមួយ​ចំនួន​យល់​ថា ឲ្យ​តែ​មាន​ប្លង់​រឹង គឺ​ជាប់ពន្ធ​ទាំងអស់ រីឯ​អ្នកខ្លះ​ទៀត​យល់​ថា តម្លៃ​នៃ​ការ​បង់ពន្ធ​គឺ​រដ្ឋ​គណនា​តាម​តំបន់​ដែល​អចលនទ្រព្យ​ស្ថិត​នៅ ។ តើ​ជាក់ស្ដែង ដូចនឹង​ការ​លើក​ឡើង​ដែរ​ឬ​យ៉ាងណា ? តើ​ការ​បង់ពន្ធ​នោះ រដ្ឋ​គិត​យ៉ាងម៉េច ? ហើយ​ប្រសិនបើ​មិន​បង់ពន្ធ តើ​មានទោស​ទណ្ឌ ឬ​ពិន័យ​ដែរ​ឬទេ ?

ដើម្បី​ជា​ចំណេះដឹង​បន្ថែម​ជុំវិញ​បញ្ហា​ច​ម្ង​ល់​ខាងលើ សារព័ត៌មាន​កោះសន្ដិភាព ទំព័រ​ផ្នែក​អចលនទ្រព្យ ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ សូម​ដកស្រង់​ប្រសាសន៍​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​បកស្រាយ​លម្អិត​ដូច​តទៅ ៖

អចលនទ្រព្យ​ទាំងឡាយ​ណា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្ត្រ ក្នុង​រាជធានី​ភ្នំពេញ​ទាំង​១២​ខណ្ឌ និង​ក្រុង​ទូ​ទាំង​២៤​ខេត្ត សុទ្ធសឹងតែ​ជាប់ពន្ធ​ទាំងអស់ ។ ចំណែក​នៅ​តាម​ស្រុក រាជរដ្ឋាភិបាល​មិន​ទាន់​ពង្រីក​វិសាលភាព​ទៅ​ដល់​នោះ​ទេ មាន​ន័យ​ថា អត់​ជាប់ពន្ធ​ទេ ។

ចំពោះ​អចលនទ្រព្យ​ដែល​ជាប់ពន្ធ គឺ​មាន​តម្លៃលើស​ពី​១០០​លាន​រៀល​ឡើង​ទៅ ឬ​លើស​ពី​២​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ (​បើ​គិតលុយ​៤​ពាន់​រៀល​ក្នុង​១​ដុល្លារ​) ដូច្នេះ តម្លៃ​នៅ​ក្រោម​១០០​លាន​រៀល​ចុះ គឺ​មិន​ជាប់ពន្ធ​ទេ ។

រីឯ​ការ​បង់ពន្ធ​អចលនទ្រព្យ​វិញ រាជរដ្ឋាភិបាល​បាន​បញ្ចុះ​នូវ​តម្លៃ​នៃ​អចលនទ្រព្យ​ដែល​វាយតម្លៃ​ដោយ​គណៈកម្មការ​វាយតម្លៃ​ដីធ្លី និង​អចលនទ្រព្យ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ស្នើ​សុំ​ពី​អនុ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​ពី​រាជធានី និង​ខេត្ត​នីមួយ​ៗ ។ តម្លៃ​អចលនទ្រព្យ​នេះ រាជរដ្ឋាភិបាល​បាន​បញ្ចុះតម្លៃ យក​មូលដ្ឋាន​មក​គិត​ពន្ធ​តែ​៨០%​ទេ មាន​ន័យ​ថា មិន​គិត​ពន្ធ​១០០%​នោះ​ទេ ហើយ​អត្រា​នៃ​ពន្ធ​អចលនទ្រព្យ​គឺ​០,១% ។

ជា​រៀង​រាល់​ឆ្នាំ ម្ចាស់​អចលនទ្រព្យ​គឺ​មាន​កាតព្វកិច្ច​បង់ពន្ធ​លើ​អចលនទ្រព្យ​របស់​ខ្លួន ។ តាម​ច្បាប់ ម្ចាស់​អចលនទ្រព្យ​ត្រូវ​មក​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​នៅ​រដ្ឋបាល​សារ​ពើពន្ធ ក៏​ប៉ុន្ដែ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​កែ​លម្អ​នៃ​ការ​បង់ពន្ធ​នេះ​ជា​លំដាប់លំដោយ ហើយ​កន្លង​ទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​អចលនទ្រព្យ​មានឱកាស​ទៅ​បង់ពន្ធ​នៅ​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដូច​ជា ធនាគារ​អេ​ស៊ី​លី​ដា​, ធនាគារ​កា​ណា​ឌី​យ៉ា​, ធនាគារ​វឌ្ឍនៈ​, ធនា​គារ​កម្ពុជា​សាធារណៈ និង​ធនាគារ ANZ Royal ក៏​ប៉ុន្ដែ​ប្រសិនបើជា​ការ​ចុះបញ្ជី​ដំបូង ម្ចាស់​អចលនទ្រព្យ​ត្រូវ​មក​ធ្វើការ​ចុះបញ្ជី​សារពើពន្ធ​នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​អចលន​ទ្រព្យ​របស់​ពួក​គាត់​ស្ថិត​នៅ មាន​ន័យ​ថា ដីធ្លី ផ្ទះសម្បែង​របស់​ពលរដ្ឋ​នៅ​ខណ្ឌ​ណា ពួក​គាត់​ត្រូវ​មក​ចុះបញ្ជី​សារពើពន្ធ​នៅ​សាខា​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្ថិត​នៅ​នោះ ហើយ​បន្ទាប់​ពី​មាន​ទិន្នន័យ​ក្នុង​បញ្ជី​ហើយ ពួក​គាត់​អាច​ទៅ​បង់ពន្ធ​នៅ​ធនាគារ​ដែល​បាន​រៀបរាប់​ខាងលើ​ណាមួយ​ក៏​បាន ព្រោះ​មាន​គល់បញ្ជី​ស្រាប់ ។

ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និង​កំពុង​តែ​ធ្វើ​កាត​ជូន​ម្ចាស់​អចលនទ្រព្យ ដើម្បី​ងាយស្រួល​ថ្ងៃក្រោយ ពួក​គាត់​គ្រាន់តែ​យក​កាត​នេះ​ទៅ​ធនាគារ​ជា​ដៃគូ​ខាងលើ​ណាមួយ គឺ​អាច​បង់ពន្ធ​បាន​ដោយ​ងាយ មិន​ពិបាក​យក​ឯកសារ​ស្មុគស្មាញ ឬ​ចំណាយពេល​យូរ​ទេ ដោយសារ​តែ​ឯកសារ​ទាំងនោះ​មាននៅ​ក្នុង​គល់បញ្ជី​ដែល​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ (Database) អស់ហើយ ។

ថ្មី​ៗ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ម្ចាស់​អចលនទ្រព្យ​នៅ​ក្នុង​រាជធានី និង​នៅ​តាម​ក្រុង​ក្នុង​ខេត្ត​នានា គឺ​បាន​ធ្វើ​ជា​កាត​នេះ​ទៅ​ដល់​ផ្ទះ​ពលរដ្ឋ​តែ​ម្ដង ហើយ​ប្រសិនបើ​បងប្អូន​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​ម្ចាស់​អចលនទ្រព្យ មាន​បំណង​ចង់​បង់ពន្ធ​លើ​អចលនទ្រព្យ​របស់​ខ្លួន អាច​មក​ធ្វើ​បច្ចុប្បន្នភាព​នៅ​សាខា​ពន្ធដារ​ក្នុងភូមិ​សាស្ត្រ​នៃ​អចលនទ្រព្យ​ស្ថិត​នៅ ពេល​នោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចេញ​កាត​ជូន​ទៅ​ម្ចាស់​អចលនទ្រព្យ​តែ​ម្ដង ។

ជា​រៀង​រាល់​ឆ្នាំ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បើក​ទទួល​ការ​បង់ពន្ធ​អចលនទ្រព្យ ចាប់ពី​ដើមឆ្នាំ​នីមួយ​ៗ រហូត​ដល់​ខែកញ្ញា គឺ​មាន​រយៈពេល​៩​ខែ សម្រាប់​ឲ្យ​ម្ចាស់​អចលន​ទ្រព្យ​ទាំងអស់​មក​បង់ពន្ធ ដូច្នេះ នៅ​សល់​តែ​ជាង​១​ខែ​តិចតួច​ប៉ុណ្ណោះ នឹង​ផុត​កាលបរិច្ឆេទ​នៃ​ការ​បង់ពន្ធ​នេះ​ហើយ ។

ប្រសិនបើ​ពលរដ្ឋ​មក​បង់ពន្ធ​យឺត អគ្គនាយកដ្ឋាន​នឹង​ធ្វើការ​ពិន័យ និង​ការ​ប្រាក់​ថែម​ទៀត ហើយ​បើសិន​ចាប់ពី​ការ​ប្រកាស​អនុវត្ត​បង់ពន្ធ​តាំងពី​ឆ្នាំ​២០១១​មក ម្ចាស់​អចលន​ទ្រព្យ​មិន​មក​ប្រកាស​ពន្ធ នឹង​មានទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង មាន​ន័យ​ថា ត្រូវ​បង់ប្រាក់​ទោសទណ្ឌ បូក​នឹង​ពិន័យ​ការ​ប្រាក់​ក្នុង​១​ខែ​២% ។

ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​អចលនទ្រព្យ​ស្ថិត​នៅ​ភូមិសាស្ត្រ​ជាប់ពន្ធ​ទាំងអស់ សូម​រូតរះ​អញ្ជើញ​ទៅ​បង់ពន្ធ​អចលនទ្រព្យ​របស់​ខ្លួន ដើម្បី​រដ្ឋ​ទទួល​បាន​ចំណូល​ពន្ធ​មក​អភិវឌ្ឍន៍​មូលដ្ឋាន​វិញ ៕