ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បើក​ការ​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ​លើក​ដំបូង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ សីហា​នេះ សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ទីលានប្រណាំង​ម៉ូតូ King Track Circuit បាន​ប្រកាស​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ សីហា​នេះ សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ទីលានប្រណាំង​ម៉ូតូ King Track Circuit បាន​ប្រកាស​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​បើក​ការ​ប្រកួតប្រណាំង​ថ្នាក់​ជាតិ​ធំ​មួយ​ពេញ​រយៈពេល​២​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៦ និង​២៧ សីហា ដោយ​មាន​កីឡាករ​ប្រណាំង​ម៉ូតូ​អាជីព​ៗ​រហូត​ដល់​ជាង​៦០​រូប​ចូលរួម​ប្រកួត​។ នេះ​ជា​ការ​ប្រកួត​ទ្រង់ទ្រាយ​ធំ ដោយ​ខាង​សហព័ន្ធ និង​អ្នក​រៀបចំ​ការ​ប្រកួត បាន​ទាំង​អះអាង​ថា ក្រោយ​បញ្ចប់​ការ​ប្រកួត​គឺ​នឹង​ជ្រើស​បាន​កីឡាករ​ខ្លាំង​ៗ​សម្រាប់​តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ក្នុង​ពេល​ខាង​មុខ បន្ទាប់​ពី​សហព័ន្ធ​យានយន្ត​កម្ពុជា​ទើបនឹង​បាន​ក្លាយជា​សមាជិក​កីឡា​យានយន្ត​អន្តរជាតិ​នោះ​។

ថ្លែង​ក្នុង​វេទិកា​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ សីហា នៅ​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក គង់ ធា​រ៉ា អ្នក​រៀបចំ​ព្រឹត្តិការណ៍ និង​ជា​អ្នកគ្រប់គ្រង​ទីលានប្រណាំង​ម៉ូតូ King Track Circuit បាន​អះអាង​ថា នេះ​ជា​ការ​ប្រកួត​លើក​ទី​១ នៅ​លើ​ទីលាន King Track ក្រោយ​ការ​រៀប​ជាទី​កន្លែង​ប្រណាំង​ម៉ូតូ រហូត​ដល់​៦៦​នាក់ និង​បែងចែក​ជា​៤​ពូ​ល​ផ្សេង​គ្នា​ដែល​មាន​ន័យ​ថា​មួយ​ពូ​ល​ៗ​គឺ​ប្រកួត​ក្នុង​ប្រភេទ​កម្លាំង​ម៉ូតូ​ខុស​ៗ​គ្នា​។ លោក​ថា​ការ​ប្រកួត​ទាំងមូល​នឹង​ចាប់ផ្ដើម​តាំងពី​ម៉ោង​៩​ព្រឹក រហូត​ដល់​ល្ងាច ពេញ​រយៈពេល​២​ថ្ងៃ​តែ​ម្ដង គឺ​ថ្ងៃ​ទី​២៦ និង​២៧ សីហា ដើម្បី​ឲ្យ​កីឡាករ​ទាំងអស់​ធ្វើការ​ដណ្ដើម​ពាន​ជើងឯក​គ្នា ដោយ​ពាន​ជើងឯក​នេះ​មានការ​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡា​យានយន្ត​តែ​ម្ដង ដែល​មាន​ន័យ​ថា អ្នក​ឈ្នះ​គឺ​នឹង​ក្លាយជា​ជើងឯក​កម្រិត​ថ្នាក់​ជាតិ​សម្រាប់​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ផ្សេង​ៗ​។

លោក​ថា នេះ​ជា​ការ​ប្រកួត​ដែល​មាន​កម្រិត​ទទួលស្គាល់​ជា​លក្ខណៈ​ថ្នាក់​ជាតិ ដោយ​មាន​ទាំង​គណៈកម្មការ​ពី​សហព័ន្ធ​យានយន្ត និង​មានការ​ទទួលស្គាល់​ទាំងស្រុង​នូវ​ការ​ប្រកួតប្រជែង ដោយ​មិនមែន​គ្រាន់តែ​ជា​ការ​ប្រកួត​មិត្តភាព​ដូចដែល​ទីលាន King Track Circuit ធ្លាប់​បាន​ធ្វើ​លើក​មុន​នោះ​ទេ​។ ក្នុង​ពេល​ដ៏​ខ្លី​ទីលានប្រណាំង​ម៉ូតូ​មួយ​នេះ ក៏​នឹង​ត្រូវ​ពង្រីក​ខ្លួន​ឲ្យ​ក្លាយជា​ទីលានប្រណាំង​ម៉ូតូ​កម្រិត​អន្តរជាតិ ដើម្បី​អញ្ជើញ​កីឡាករ​ប្រណាំង​ម៉ូតូ​អន្តរជាតិ​ឲ្យ​ចូលរួម​ប្រកួត​ផង​ដែរ​។ លោក​ថា ក្នុង​ចំណោម​កីឡាករ​៦៦​រូប​ដែល​ត្រូវ​ប្រកួត​ពេញ​រយៈពេល​២​ថ្ងៃ​នៅ​លើ​ទីលាន King Track ដែល​ស្ថិត​នៅ​ជិត​មណ្ឌល​ឱកាស​ខ្ញុំ សង្កាត់​ឃ្មួ​ញ ក្នុង​ខណ្ឌ​សែន​សុខ​នោះ នឹង​ទទួល​បាន​ពាន​ជើងឯក និង​មេដាយមាស សម្រាប់​លេខ​១​ក្នុង​ពូ​ល​នីមួយ​ៗ​អម​ដោយ​ទឹកប្រាក់​ក្នុង​ម្នាក់​១​ពាន់​ដុល្លារ​។ ក្នុង​នោះ​អ្នក​ទទួល​បាន​លេខ​២ និង​លេខ​៣ ក៏​ទទួល​បាន​មេដាយ​ប្រាក់ និង​សំ​រិ​ទ្ធិ​ផង​ដែរ​។

លោក ខៃ វណ្ណៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​អះអាង​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ជា​ជើងឯក​ផ្នែក​ប្រណាំង​ម៉ូតូ ក្រោយ​ពី​កម្ពុជា​ត្រូវ​បាន​ស្ថាបនា​ជា​ទីលានប្រណាំង​ម៉ូតូ​ឈ្មោះ King Track Circuit នៅ​ខ័​ណ្ឌ​សែន​សុខ​។ លោក​ថា​ក្រោយ​ការ​ប្រកួត​នេះ កីឡាករ​ផ្នែក​ប្រណាំង​ម៉ូតូ​នឹង​មានការ​ទទួលស្គាល់​កម្រិត​ជាតិ​សម្រាប់​អ្នក​ឈ្នះ ហើយ​មិន​ភ័យ​រឿង​ខ្វះ​ទីលាន​ហ្វឹកហាត់​ទៀត​ទេ ក្នុង​ពេល​ដែល​ទីលាន​មួយ​នេះ​ក៏​នឹង​ត្រូវ​ស្ថាបនា​ឲ្យ​ធំ​ហើយ​បំពាក់​ការ​ប្រណាំង​ម៉ូតូ​ឲ្យ​ត្រូវ​ស្ដង់ដា ដើម្បី​លើកកម្ពស់​វិស័យ​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​ឲ្យ​បាន​ស្មើមុខស្មើមាត់​នឹង​ប្រទេស​ជិតខាង​៕