ខេត្តបាត់ដំបង ៖ គេនៅមិនទាន់កំណត់អត្តសញ្ញាណក្រុមចោរណាម្នាក់ ដែលលួចគោអ្នកភូមិចំនួន០៦ក្បាលដឹកតាមរថយន្តកាលពីសប្ដាហ៍មុនបាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២៨ កុម្ភៈ
តែកម្លាំងសមត្ថកិច្ចកំពុងបន្តតាមប្រមាញ់មុខសញ្ញាក្រុមចោរលួចគោនេះនៅឡើយ ក្រោយពីមានតម្រុយខ្លះៗពីគោលដៅ ។ នេះបើតាមការអះអាងរបស់មន្ត្រីប៉ុស្ដិ៍រដ្ឋបាលឃ្លាំងមាសនៃអធិការនគរបាលស្រុកបវេល ។
លោកទឹង ស៊ីនឿន នាយប៉ុស្ដិ៍រដ្ឋបាលឃុំឃ្លាំងមាសបានថ្លែងប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ថា ពេលនេះ កម្លាំងរបស់លោកដែលដឹកនាំដោយលោកអធិការរងផ្នែកព្រហ្មទណ្ឌបាន និងកំពុងបន្តកិច្ចប្រតិបត្តិការចុះស្រាវជ្រាវលើសំណុំរឿងក្រុមចោរលួចគោ នៅក្នុងមូលដ្ឋានរបស់លោកកាលពីសប្ដាហ៍មុននេះនៅឡើយទេ បើទោះជាមិនទាន់មានតម្រុយពីមុខសញ្ញាក្រុមជនសង្ស័យក្ដី ។
យោងតាមរបាយការណ៍ព្រឹត្តិហេតុ កាលពីថ្ងៃទី២៥ កុម្ភៈ វេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានទាំងរថយន្តផង បានបំពុលសត្វសុនខងា.ប់ចំនួន០៤ក្បាល និងឆ្មាងា.ប់មួយក្បាល រួចនាំគ្នាចូលលួចយកគោមេធំៗពីក្នុងក្រោលអស់ចំនួន០៦ក្បាល នៅចំណុចភូមិអន្លក់រាំង ឃុំឃ្លាំងមាស ស្រុកបវេល។ របាយការណ៍បានឲ្យដឹងទៀតថា ម្ចាស់គោឈ្មោះ ហូន ចេម ហៅ ចូច ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅចំណុចកើតហេតុ ។ បើតាមម្ចាស់គោបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ហ្វូងគោរបស់គាត់ទាំងអស់បានចងនៅក្នុងក្រោល ដែលនៅក្បែរផ្ទះ ហើយផ្ទះគាត់មានចិញ្ចឹមសុនខជាច្រើនក្បាលទៀតផង ។
គាត់និយាយថា នៅយប់កើតហេតុ ក្រុមចោរបានដាក់ថ្នាំបំពុលជាមួយសាច់មាន់បោះឲ្យសុនខ
ស៊ីពុលងា.ប់រាយពីដី។ សុនខទាំងតូចទាំងធំអស់ចំនួន០៤ក្បាល និងសត្វឆ្មាងាប់មួយក្បាល ។ ក្រោយបំពុលសុនខឆ្មាងា.ប់អស់ ក្រុមចោរបានចូលដឹកគោមេធំៗចេញពីក្នុងក្រោលអស់ចំនួន
០៦ក្បាល ខណៈក្រុមគ្រួសារគាត់សំរាន្តលង់លក់នៅក្នុងផ្ទះ តែព្រឹកឡើងគាត់ឃើញមេគោមួយក្បាលរួចមកវិញ ទំនងពួកចោរដេញឡើងរថយន្តមិនបានសម្រេច ។
លោក ម៉ី គឹមសាន អធិការរងផ្នែកព្រហ្មទណ្ឌបានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៨ កុម្ភៈ នេះ ដែរថា បើតាមការស្រាវជ្រាវក្រុមចោរអាចមានគ្នាច្រើន និងមានរថយន្តសម្រាប់ដឹកគោដែលលួចបានទៀតផង ។
លោកថា មានសាក្សីមួយចំនួនបានប្រទះឃើញរថយន្តក្រុមចោរនេះ នៅពាក់កណ្ដាលអធ្រាត្រ មុនពេលពេកកើតហេតុ ។ ចំណុចកើតហេតុ ស្ថិតនៅក្បែរព្រំប្រទល់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយបើតាមតម្រុយ ដែលសាក្សីបានផ្ដល់ក្រុមចោរទំនងអាចចេញពីប្រភពនៅទឹកដីប៉ៃលិននេះឯង ។ ពេលនេះកម្លាំងរបស់លោកបាននិងកំពុងសហការជាមួយកម្លាំងជំនាញនៃអធិការស្រុកសាលាក្រៅ ដើម្បីធ្វើការស្រាវជ្រាវគ្រប់ទីកន្លែង ស្វែងរកមុខសញ្ញាក្រុមចោរហារយទាំងនេះ។
សូមរំលឹកថា មុខសញ្ញាក្រុមចោរហារយលួចគោដឹកតាមរថយន្តបែបនេះ តែងធ្វើសកម្មភាពជាញឹកញាប់នៅតាមបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបង ។ បើតាមមន្ត្រីជំនាញខ្លះអះអាងថា មុខសញ្ញាក្រុមចោរហារយដើរលួចគោដឹកតាមរថយន្តក្នុងទ្រង់ទ្រាយយ៉ាងធំដុំនេះ គឺជាមុខសញ្ញាដដែលៗ ដែលធ្លាប់លួចគោក្របីអ្នកស្រុកកន្លងមក។ ក្រុមនេះបានប្រើប្រាស់រថយន្តកង់០៦ជាប្រភេទរថយន្តចំណុះ១.៥តោន (រថយន្តកូរ៉េ) ។
គេនៅចាំបានថា កាលពីឆ្នាំទៅមិញ ក្រុមចោរដែលមានសមាសភាពទាំងហ្វូងៗបែបនេះ បានប្រើប្រាស់រថយន្តដែលមានភិនភាគដូចខាងលើ ធ្វើសកម្មភាពលួចសត្វក្របីធំៗរបស់ពលរដ្ឋអស់ចំនួន០៤ក្បាល នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ។ ក្រោយមក សមាសភាពក្រុមចោរ ដែលមានរថយន្តដូចគ្នាដដែលបានធ្វើសកម្មភាពលួចដឹកគោអ្នកភូមិអស់ជាច្រើនក្បាល នៅឃុំបួរ ស្រុកភ្នំព្រឹក ក្រោយបំពុលសុនខងា.ប់អស់ជាច្រើនក្បាល ។
សមត្ថកិច្ចមិនទាន់មានតម្រុយពីមុខសញ្ញាក្រុមចោរលួចគោក្របីទាំងនេះផង ស្រាប់តែចុងខែមករា ឆ្នាំ២០២៣ ក្រុមចោរដែលមានភិនភាគដដែលដូចគ្នាខាងលើនេះ បានធ្វើសកម្មភាពបំពុលសុនខងា.ប់ចំនួន០៥ក្បាល រួចចូលលួចមេគោធំៗ របស់អ្នកស្រុកអស់ចំនួន០៣ក្បាលទៀតដឹកតាមរថយន្តដូចគ្នានេះ នៅចំណុចភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ហើយនៅពេលនេះ បានលួចមេគោធំៗរបស់អ្នកភូមិអស់ចំនួន០៦ក្បាលទៀត នៅស្រុកបវេល តែរួចមួយក្បាលត្រឡប់មករកម្ចាស់វិញ ។
រហូតមកដល់ពេលនេះ មុខសញ្ញាក្រុមចោរហារយដើរបំពុលសុនខងា.ប់លួចគោដឹកតាមរថយន្តទាំងនេះ មិនទាន់កំណត់បាននូវមុខសញ្ញាជនសង្ស័យណាម្នាក់បាននៅឡើយទេ ខណៈក្រុមជនសង្គមងងឹតទាំងនោះ បង្កើនសកម្មភាពកាន់តែខ្លាំងឡើងៗលួចគោអ្នកស្រុកនៅតាមមូលដ្ឋាន ។
ប៉ុន្តែយ៉ាងណា ជុំវិញករណីក្រុមចោរបំពុលសុនខងា.ប់រាយពេញដី លួចគោអស់ពីក្នុងក្រោលនៅស្រុកបវេល ខាងលើនេះ បើតាមលោក ម៉ី គឹមសាន អធិការរងស្រុកបវេលបានបញ្ជាក់ថា ពិតមែនតែយើងមិនទាន់កំណត់បាននូវអត្តសញ្ញាណក្រុមចោរហារយ តែយើងអាចកំណត់បាននូវប្រភព ឬទិសដៅពីមុខសញ្ញាក្រុមជនសង្ស័យបានខ្លះៗហើយ ដែលកម្លាំងរបស់លោកកំពុងសហការជាមួយកម្លាំងជំនាញខេត្តប៉ៃលិន ។
ចែករំលែកព័តមាននេះ