ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វីតាល់​ប្រគេន​រថ​យន្ត​ទួរីស២គ្រឿង​ដល់​អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃទី២២ មេសា ​នៅ​ក្នុង​​បរិវេណ​​វត្ត​ចំពុះ​ក្អែក​ សង្កាត់ព្រែក​ថ្មី ​​ខណ្ឌ​មានជ័យ​​ រាជធានីភ្នំពេញ បាន​រៀប​ចំ​ធ្វើ​ពិធី​ថ្វាយ​​រថយន្ត​​​ទួរីស១២​កៅអី ២​គ្រឿង ​របស់​ក្រុម​ហ៊ុន​អិនវីស៊ី​ខប​ភើរ៉េសិន​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ទឹកពិសា​បរិសុទ្ធ វីតាល់​ដល់​​អគ្គា​​ធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃទី២២ មេសា ​នៅ​ក្នុង​​បរិវេណ​​វត្ត​ចំពុះ​ក្អែក​ សង្កាត់ព្រែក​ថ្មី ​​ខណ្ឌ​មានជ័យ​​ រាជធានីភ្នំពេញ បាន​រៀប​ចំ​ធ្វើ​ពិធី​ថ្វាយ​​រថយន្ត​​​ទួរីស១២​កៅអី ២​គ្រឿង ​របស់​ក្រុម​ហ៊ុន​អិនវីស៊ី​ខប​ភើរ៉េសិន​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ទឹកពិសា​បរិសុទ្ធ វីតាល់​ដល់​​អគ្គា​​ធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ ។ 

ពិធី​នេះ​មានការ​ថ្វាយផ្ទាល់​ពី​​សំណាក់​លោក​ជំទាវ​ហ៊ុន ម៉ាណា ​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល និង​ជាអគ្គនាយិកា​​ក្រុមហ៊ុន​អិន​ វី​ ស៊ី ​​ដល់​សម្តេច​សង្ឃ​នន្ទ ង៉ែត ​​ព្រះអគ្គា​ធិការ​នៃ​​អគ្គាធិការដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ ​។ លោក​ជំទាវ​ហ៊ុន​ ម៉ាណា បានថ្លែង​អំណរ​ព្រះ​​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេច​ព្រះសុ​មេធាធិបតី នន្ទ ង៉ែត ​ដែល​បាន​យាង​ចូលរួម​ជាព្រះរាជអធិប​តី​ក្នុងពិធី​​ប្រគល់​រថយន្ត​​ទួរីស​១២​កៅអី២គ្រឿង ​ដែល​ជា​វិភាគ​ទាន​របស់​អតិថិជន​ប្រើប្រាស់​ទឹក​ពិសាបរិសុទ្ធ វីតាល់​​ប្រគេន​ថ្វាយ​​អគ្គាធិការ​ដ្ឋាន​ពុទ្ធ​ិក​សិក្សា​ជាតិនេះ ។

លោក​ជំទាវ​​បាន​លើក​ឡើង​ថា ​ក្រុម​​ហ៊ុន​អិន វី ស៊ី ​ខបភើ​រ៉េសិន ​បាន​​បើក​សម្ពោធ​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី៧ មករា ឆ្នាំ២០១០ ​ត្រូវ​នឹង​ថ្ងៃ​រំលឹក​​ខួប​លើកទី៣១ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​​លើ​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល ពត ​។ ​​ថ្ងៃ៧មករា ​បាន​ផ្តល់​ជីវិត​ថ្មី​ឱ្យ​យើង​​ទាំង​អស់គ្នាបាន​ជួប​ជុំ​ក្រុម​គ្រួសារ​ញាតិមិត្ត ព្រម​ទាំង​បាន​​ស្គាល់នូវ​សុខ​សន្តិភាព ភាពសំបូរ​សប្បាយ និង​មាន​ការ​អភិ​វឌ្ឍយ៉ាង​ឆាប់រហ័សលើគ្រប់វិស័យ ដូចសព្វ​ថ្ងៃនេះ ក្រោមមាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់រាជ​រដ្ឋាភិបាលកម្ពុជា​​​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​ជា​ប្រមុខ​​ដ៏ឈ្លាស​វៃ និង​​ប្រកប​ដោយ​គតិបណ្ឌិត ។

​ចាប់តាំងពីថ្ងៃសម្ពោធ​​នោះ​មក ​ក្រុម​ហ៊ុន​មិន​ត្រឹម​តែ​ផ្តល់​ភាព​ស្រស់ថ្លា​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​​របស់​អតិថិជន​​តាម​រយៈ​ការផលិត​ និងផ្គត់​ផ្គង់​​​ទឹក​ពិសា​ដែល​មានគុណ​ភាព​ល្អ​ប៉ុណ្ណោះ​ទេ ​វី​តាល់ ថែម​ទាំង​បាន​ចូល​រួម​ចំណែក​​ដល់​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​​​​ជាតិ និង​កាត់បន្ថយ​​ភាពក្រី​ក្រ​របស់​ប្រជាពលរដ្ឋ​ផង​តាម​រយៈ​ការ​ផ្តល់​ការ​ងារ​​ធ្វើ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​​​ និង​បរិច្ចាគ​ជា​ប្រចាំ​នូវ​ទឹក​ប្រាក់​​របស់​ក្រុម​ហ៊ុន​ ដើម្បីឧបត្ថម្ភ​​គាំពារ​ដល់​សកម្ម​ភាព​សង្គម ​និង​ចលនា​មនុស្ស​ធម៌​​នានា​ទៀត​ផង ។ ជា​ក់ស្តែង​ថ្ងៃនេះ​ក្រុម​ហ៊ុន​អិន វី ស៊ី ​ទឹកពិសា​បរិសុទ្ធ​វីតាល់ បាន​នាំយក​រថ​យន្ត​ទួរីស​​១២​កៅអី២គ្រឿង ​ដែលជា​វិភាគ​ទាន​របស់អតិថិជន​ប្រើ​ប្រាស់​​ទឹក​សុទ្ធវីតាល់ប្រគេនអគ្គាធិការដ្ឋានពុទ្ធិ​កសិក្សា​ជាតិ ដើម្បី​បង្ក​លក្ខណៈ​​​ងាយស្រួល​សម្រាប់​ចុះ​បំពេញ ​បេសកកម្ម​តាមខេត្ត ក្នុង​​ការ​លើក​កម្ពស់​​វិស័យ​ពុទ្ធិកសិក្សា​ឱ្យ​កាន់​តែ​រីកចម្រើន​​ទៅ​មុខ​តាម​សំណើ​ចម្រើនពរ​របស់ព្រះអង្គ ដែលថវិកា​នេះ​បាន​មកពីការ​ដក​ចំណូល​២៥​រៀល​​ក្នុង​១​ដប​​​ចេញ​ពីការលក់​ទឹកបរិសុទ្ធ​វីតាល់ ។ ​​បើគ្មានការ​គាំទ្រ​ពីអតិថិជន​​ប្រើ​ប្រាស់​ទឹក​បរិសុទ្ធ​​វីតាល់​ទេ ក៏គ្មានពិធី​ប្រគេន​រថយន្ត​ទួរីស​១២​កៅអី​២គ្រឿង​នេះដែរ ពិសេស​បាន​ទទួលការគាំទ្រ​​យ៉ាង​លើស​លប់​រហូត​ដល់អាច​មាន​លទ្ធ​ផល​ប្រគេន​​ថ្វាយរថ​យន្ត​វិភាគទាន​ដល់​ព្រះ​សង្ឃ​ទៅមុខទៀត ។

ក្នុងនាម​លោកជំទាវ​ជា​ប្រធាន​ក្រុម​ប្រឹក្សា ​ភិបាល​​ និង​ជា​អគ្គ​នាយិកា​​ក្រុមហ៊ុន​ សូមគោរព ថ្លែង​អំណរគុណ​​ និង​ដឹង​គុណ​ចំពោះ​​ការ​គាំទ្រ​ទឹក​សុទ្ធ​វីតាល់ពីដើម​រៀង​មក ពីសំណាក់​លោក  លោក​ឧកញ៉ា លោកជំទាវ លោក​ លោកស្រី នាង​​កញ្ញា ​ដែល​បាន​ប្រើ​ប្រាស់​​ទឹកសុទ្ធ​​វីតាល់ ដែល​ជា​​កត្តា​លើក​ទឹក​ចិត្ត​យ៉ាងធំធេង​ធ្វើ​ឱ្យ​ក្រុម​​ហ៊ុន​បន្ត​ប្រឹងប្រែង​​អភិវឌ្ឍខ្លួន​ ដើម្បី​បម្រើ​​សុខ​ភាពប្រជា​ពលរដ្ឋ ក៏​ដូច​ជា​បម្រើបុព្វ​ហេតុ​របស់​ក្រុម​ហ៊ុន​តាំង​ពី​ដើមរៀង​មក​ និង​តទៅទៀត ។

​ជោគ​ជ័យ​របស់វីតាល់​ គឺ​មិន​អាច​កាត់​ផ្តាច់​បានពី​ទំនុកចិត្ត និងការបន្ត​គាំទ្រ​ពីសំណាក់អតិ​ថិ​ជន​បានឡើយ​ ហេតុនេះ​ក្រុម​ហ៊ុន​រង់ចាំ​ទទួល​​យក​មតិ​យោបល់រិះគន់ស្ថាបនា​ទាំ​ង​ឡាយពីអតិ​ថិ​ជន​គ្រប់មជ្ឈ​ដ្ឋានជា​និច្ច ​ដើម្បីកែលំអ​​ទាំង​គុណ​ភាពផលិត ​និងសេវា​កម្ម ។ បន្ទាប់​មក សម្តេច​សង្ឃ​​រួម​ទាំង​​មន្ត្រី​សង្ឃ​៦​អង្គ​ទៀតបាន​ប្រសិទ្ធ​ពរ​ជ័យដល់​លោកជំទាវ​អគ្គនាយិកា​ក្រុម​ហ៊ុន​ ព្រម​ទាំង​បុគ្គ​លិក​ទាំង​អស់ និង​ភ្ញៀវ​​ដែលបានចូលរួម​ ។ លោក​ជំទាវ​​ក៏​បាន​ប្រគេន​ និង​ប្រគល់​សោ​​រថ​យន្ត ​ជា​និមិត្ត​រូប​ដល់​សម្តេច​ព្រះសង្ឃនន្ទ ង៉ែត ​។

កម្ម​វិធី​បន្ត​ទៀត​​លោក​ជំទាវ និងគណៈ​​អធិបតី​​បាននាំ​យកអំណោយ​ជា​សំភារ​​លុយកាក់ ចែកជូន​ដល់​តាជី យាជី និង​ចាស់ជរា ​ប្រជា​ពល​ពលរដ្ឋ​ក្រីក្រប្រមាណ​ជា​២០០​នាក់ មាន​សម្លៀក​បំពាក់​១សម្រាប់ ក្រមា១ ​ត្រីខ ៥កំប៉ុង មីយើង​៥កញ្ចប់​​​ ស្ករស១គីឡូក្រាម ​ទឹក​ពិសាបរិសុទ្ធ​វីតាល់២ដប ទឹកដោះ​គោខាប់២​កំប៉ុង តែ​១​កញ្ចប់​ អូវ៉ាន់ទីន​១ដបធំ ​និងថវិកា​៥ម៉ឺន​រៀល ​ក្នុង​ម្នាក់ៗ​ ។ ​សំភារ​ និង​ថវិកា​នេះ​លោក​ជំទាវ​​អះ​អាង​ថា ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​​និង​លោក​ជំទាវ បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​​ ដែល​ជាឪពុក​និង​ម្តាយ​បង្កើត​របស់លោកជំទាវ ។

ភ្ជាប់​ជាមួយ​កម្មវិធីនោះ​ដែរ ​លោក​ជំទាវ ហ៊ុន ម៉ាណា ​និងមាតា​ក្មេក ព្រម​ទាំង​ក្រុម​គ្រួសារ​​​បាន​នាំ​យកអំណោយ​ជាកញ្ចប់​ មាន​សំភារ​ និង​ទឹក​ប្រាក់​ដូច​រៀបរាប់​ខាងលើ​ដែរ ឧបត្ថម្ភ​​ដល់ដូនជី តាជី ​ចាស់ ជរា ប្រជា​ពលរដ្ឋ​ក្រីក្រប្រមាណ​៥០០​នាក់នៅ​ក្នុង​បរិវេណ​វត្ត​ចំពុះក្អែក ។ ​អំណោយ​ទាំងនេះ​លោក​ជំទាវ​ឱ្យ​ដឹង​ថា ជា​ទាន​បានមកពីឪពុក​ម្តាយ​បង្កើត​ និងម្តាយក្មេក ៕