ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​-​កម្មការិនី ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​​តាម​​មន្ទីរពេទ្យ​​រដ្ឋ…

6 ឆ្នាំ មុន

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ទូ​ទាំង​ប្រទេស​​ថា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ទូ​ទាំង​ប្រទេស​​ថា ចាប់ពី​ខែមករា​ឆ្នាំ​២០១៨​តទៅ កម្មករ​-​កម្មការិនី​គ្រប់​ផ្នែក​ទាំង​ក្នុង​ប្រព័ន្ធ​ទាំង​ក្រៅ​ប្រព័ន្ធ​ទាំងអស់ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ​ត្រូវ​បាន​ទទួល​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​តាម​មន្ទីរពេទ្យ​រដ្ឋ ។ រដ្ឋ​ជា​អ្នក​បង់ថ្លៃ​ជំនួស​តាម​រយ​:​មូលនិធិ​សមធម៌​ដែល​បាន​និង​កំពុង​អនុវត្ត​ជាង​៣​លាន​នាក់​រួច​មក​ហើយ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ក្នុង​ឱកាស​អញ្ជើញ​សាកសួរ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​រោងចក្រ​នានា​ចំនួន​ប្រមាណ​ជា​១៧.០០០​នាក់​ដែល​មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​៧២​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា យើង​ត្រូវធ្វើ​ការងារ​នេះ​ជាមួយ​ក្រសួងសុខាភិបាល​ក្រសួង​ការងារ ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ទេសចរណ៍ ក្រសួងកសិកម្ម ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សាធារណការ អាកាសចរណ៍​ស៊ី​វិល​រ៉ែ​និង​ឋា​ម​ពល ឧស្សាហកម្ម សិប្បកម្ម មុខងារសាធារណៈ ជា​កិច្ចការ​ដែល​ត្រូវធ្វើ​ជាមួយ​គ្នា ។

រាជរដ្ឋាភិបាល​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ឲ្យ​ប្រទេស​មាន​សន្តិភាព បើ​គ្មាន​សន្តិភាព​គឺ​គ្មាន​ការ​អភិវឌ្ឍ​នោះ​ទេ ធ្វើ​យ៉ាងណា​កសាង​ហេ​ដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ដើម្បី​បម្រើ​ឲ្យ​ការ​វិនិយោគ ផ្លូវថ្នល់ ផ្លូវដែក ព្រ​លាន​យន្តហោះ កំពង់​ផែ អគ្គិសនី​…​។ ឱកាស​មាស ឱកាស​ពេជ្រ​បាន​មក​ដល់​សម្រាប់​យើង ក៏​ប៉ុន្តែ​ជោគជ័យ​នេះ​មិន​បាន​ធ្លាក់​មក​ពីលើ​មេឃ​ទេ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​រួមសុខ​រួមទុក្ខ​ជាមួយ​កម្មករ ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​គឺ​ដើម្បី​បង្កើន​ការងារ​ដល់​បងប្អូន​កម្មករ ។

ក្នុង​ឱកាស​សំណេះសំណាល​នោះ​សម្តេចតេ​ជោ​បាន​ផ្តល់​អនុសាសន៍​ល្អ​ៗ៥​ចំណុច​ដល់អាជ្ញាធរ​និយោជិត កម្មករ និង​កម្មការិនី​ធ្វើការ​រួម​គ្នា​ដើម្បី​ធានា​ដល់​លក្ខណៈ​ការងារ​និង​ប្រាក់​ចំណូល​ល្អ ។ ទី​១-​ត្រូវ​រួម​គ្នា​រក្សា​សន្តិភាព ស្ថិរភាព​និង​សុវត្ថិភាព សណ្តាប់​ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ ។ ទី​២-​រួម​គ្នា​រក្សា​ការងារ​និង​បង្កើត​ការងារ​ថ្មី​ៗ​ច្រើន​ថែម​ទៀត​ដោយ​ធ្វើការ​ពង្រីក​និង​បង្កើន​ទីផ្សារ​បន្ថែម​។ ទី​៣-​រួម​គ្នា​បង្កើន​ប្រាក់​ចំណូល​ដោយ​ការ​បណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់​កម្មករ​និង​កុំ​ឲ្យ​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ការងារ​និង​ប្រាក់​ចំណូល ។ ទី​៤-​ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ ចាប់ពី​ខែមករា​ឆ្នាំ​២០១៨​គឺ​និយោជក​(​ម្ចាស់​ក្រុមហ៊ុន​) នឹង​បង់ថ្លៃ​របប​សង្គម​១០០%​ដល់​កម្មករ​-​កម្មការិនី​ដែល​បងប្អូន​អាច​ចំណេញ​ថវិកា​៨.០០០​រៀល​ទៅ​១២.០០០​រៀល​ក្នុង​១​ខែ ។ ទី​៥-​ផ្តល់​កិច្ច​គាំពារ​និង​យកចិត្តទុកដាក់​ចំពោះ​កម្មករ​កម្មការិនី​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​។ រាជរដ្ឋាភិបាល​បន្ត​គាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ដោយ​ធ្វើការ​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​ដៃគូរ​ដើម្បី​ផ្តល់​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​លក្ខណៈ​ការងារ​ល្អ​ៗ​រួម​ទាំង​ជួយ​សម្រួល​នូវ​លិខិត​បទដ្ឋាន​ដែល​ពាក់ព័ន្ធ​ការងារ​ស្របច្បាប់​ដល់​ក្មួយ​ៗ​កម្មករ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ក្មួយ​ៗ​កម្មករ​ថា កម្មករ​-​កម្មការិនី​នឹង​ទទួល​បាន​សេវា​ជិះឡាន​ក្រុង​រយៈពេល​២​ឆ្នាំ​ដោយ​សេរី​គឺ​ចាប់ពី​ខែសីហា ឆ្នាំ​២០១៧ ដល់​សីហា​ឆ្នាំ​២០១៩ ។ នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​កម្មករ កម្មការិនី​ទាំងអស់​នឹង​មាន​ប្រាក់​សោ​ធន​និវត្តន៍(​ប្រាក់​ចូល​និវត្តន៍​៨០%​នៃ​ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់​បាន​ទទួល​) ។ ចាប់ពី​ឆ្នាំ​២០១៨​ទៅ​កម្មករ​ទាំងអស់​ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​ទទួល​បានការ​ពិនិត្យ​ព្យាបាល​ជំងឺ​ពី​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ ។

សម្តេច​បាន​ឲ្យ​ក្រុមហ៊ុន​រៀបចំ​បង្កើត​គិលានដ្ឋាន​តាម​រោងចក្រ​របស់​ខ្លួន​ដើម្បី​ជួយ​កម្មករ​កម្មការិនី ។ ចំពោះ​កម្មការិនី​ដែល​សម្រាល​កូន​គឺ​ទទួល​បានការ​ឈប់​សម្រាក​រយៈពេល​៣​ខែ​ហើយ​នៅ​ទទួល​បាន​ប្រាក់ខែ​១២០%​។បន្ទាប់​ពី​ការ​សំណេះសំណាល​ជាមួយ​បង​ប្អូន​កម្មករ​-​កម្មការិនី និយោជិត​រួច​មក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​រោងចក្រ​ផលិត​សម្លៀក​បំពាក់​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​ផង​ដែរ ៕ ​