ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Floyd អាច​រក្សា​កំណត់​ត្រា​មិន​ចាញ់​បាន​អត់​ពេល​ប៉ះ McGregor ?

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្ដេច​ប្រដាល់​អា​មេ​រិ​ក​មិន​ដែល​ចាញ់ Floyd Mayweather និង​ស្ដេច​ប្រដាល់​ក្បាច់គុន​ចម្រុះ​សញ្ជាតិ​អៀរ​ឡង់ Conor McGregor ដល់​ថ្ងៃ​វ៉ៃ​គ្នា​ដណ្ដើម​ខ្សែក្រវាត់ «Money Belt» នៅ​លើ​

សហរដ្ឋអាមេរិក ៖ ស្ដេច​ប្រដាល់​អា​មេ​រិ​ក​មិន​ដែល​ចាញ់ Floyd Mayweather និង​ស្ដេច​ប្រដាល់​ក្បាច់គុន​ចម្រុះ​សញ្ជាតិ​អៀរ​ឡង់ Conor McGregor ដល់​ថ្ងៃ​វ៉ៃ​គ្នា​ដណ្ដើម​ខ្សែក្រវាត់ «Money Belt» នៅ​លើ​សង្វៀន​T-Mobile Arena ស្ថិត​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក​ហើយ នា​ថ្ងៃ​សៅរ៍ ​ទី​២៦ សីហា ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៧ សីហា នៅ​កម្ពុជា ខណៈ​ទូរទស្សន៍​ធំ​ក្នុងស្រុក CTN នឹង​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ប្រកួត​ទាំងមូល​នេះ​ផង​ដែរ​។

Floyd Mayweather វ័យ​៤០​ឆ្នាំ ធ្លាប់​ប្រកួត​៤៩​លើក មិន​ដែល​ចាញ់ ក្នុង​នោះ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២៦​លើក និង​គ្រង​ខ្សែក្រវាត់​លំដាប់​ពិភពលោក​៥​ស្ថាប័ន ។

ចំណែក Conor McGregor វ័យ​២៩​ឆ្នាំ ធ្លាប់​ប្រកួត​យុទ្ធ​គុន​ចម្រុះ (MMA)​របស់​កម្មវិធី Ultimate Fighting Championship(UFC)​ដែល​ជា​ការ​ប្រកួត​នៅ​ក្នុង​ទ្រុង​ចំនួន​២៤​លើក​ក្នុង​នោះ​ឈ្នះ​២១​លើក និង​ចាញ់​៣​លើក ។

ស្ដេច​ប្រដាល់​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​គ្នា​ចំនួន​១២​ទឹក​ក្រោម​ច្បាប់​កីឡាប្រដាល់​សាកល​អាជីព​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ពិសេស​ដែល​មានឈ្មោះ​ថា «Money Belt» ។

ព្រឹត្តិការណ៍​នេះ​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ប្រដាល់​ដ៏​ធំ​ក្នុង​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ ដែល​ស្ដេច​ប្រដាល់​ទាំង​ពីរ​នឹង​ទទួល​បាន​ប្រាក់​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​ផង​ដែរ ។ 

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា Conor McGregor​នឹង​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​មិន​តិច​ជាង​៧៥​លាន​ដុល្លារ​ទេ​ចំណែក​Floyd Mayweather​នឹង​ទទួល​បាន​១០០​លាន​ដុល្លារ
ប៉ុន្តែ​អ្នកជំនាញ​មួយ​ចំនួន​រំពឹង​ទុក​ថា Conor McGregor​នឹង​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ប្រមាណ​ជា​១០០​លាន​ដុល្លារ ឯ​Floyd Mayweather នឹង​ទទួល​បាន​២០០​លាន​ដុល្លារ។

មុន​ការ​ប្រកួត​ចាប់ផ្ដើម​ Floyd Mayweather ទទួលស្គាល់ ​Conor McGregor ​មាន​ប្រៀប​ជាង​ខ្លួន​ទាំង​កម្ពស់​-​វ័យ និង​ចម្ងាយ​ដៃ​វាយ​ចេញ ។

លោក​បាន​លើក​ឡើង​ថា​៖ « Conor McGregor មិនមែន​ជា​អ្នក​ប្រដាល់​ដូច​២​ឆ្នាំ​មុន​ទេ ខ្ញុំ​ជឿជាក់​ថា គូប្រកួត​របស់ខ្ញុំ​ពិតជា​មាន​ប្រៀប​ជាង​នៅ​ថ្ងៃ​ប្រកួត​នោះ ។ ម្យ៉ាង​ខ្ញុំ​ខាន​វាយ​២​ឆ្នាំ​ហើយ ពេល​នេះ​ខ្ញុំ​អាយុ​៤០​ឆ្នាំ​ទៀត ប្រ​សិន​មើល​តាម​កាសែត គេ​នាំមុខ​ខ្ញុំ​ច្រើន​» ។

Conor McGregor ដែល​ត្រូវ​បាន​អ្នកជំនាញ​ប្រដាល់​ព្យាករ​ទុក​ថា មាន​សង្ឃឹម​តិចតួច​បំផុត​ក្នុង​ការ​យកឈ្នះ​ការ​ប្រកួត​ប្រដាល់​អាជីព​ជា​លើក​ទី​១​របស់​គេ​នោះ បាន​អួត​ក្ដែ​ង​ៗ​ថា​៖« ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​បង្កើត​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ពិភព​ប្រដាល់ ។

នេះ​មិនមែន​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​របស់ខ្ញុំ​ឡើយ ។ ខ្ញុំ​នឹង​បំបែក​រូបគេ​ជា​បំណែក​ៗ​ដោយសារ​ខ្ញុំ​បាន​សម្រប​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទៅ​កាន់​កីឡាប្រដាល់ ។ ខ្ញុំ​ពិតជា​មនុស្ស​ពិសេស​ម្នាក់ ហើយ​ខ្ញុំ​ហ៊ាន​ប្រាប់​លោក​អ្នកជា​មុន​ថា ការ​ប្រកួត​នៅ​ថ្ងៃ​នោះ​នឹង​ចំណាយពេល​ត្រឹមតែ​១ ទឹក​ឬ​២​ទឹក​ប៉ុណ្ណោះ ខ្ញុំ​នឹង​វាយ​ឱ្យ​គេ​សន្លប់ និង​ផ្តល់​ការ​ចុក​ចាប់​ដល់​រូបគេ ខ្ញុំ​នឹង​មិន​អាណិតអាសូរ​ឡើយ ។ ខ្ញុំ​ជឿជាក់​ថា រូបគេ​នឹង​សន្លប់​ក្នុង​ទឹក​ទី​១»​។

ចុះ​លោក​អ្នក​វិញ​យល់​ឃើញ​យ៉ាងណា​ដែរ រវាង​កីឡាករ​ទាំង​ពីរ​តើ​មួយ​ណា​សក្តិ​សមជា​អធិរាជ​នៅ​លើ​សង្វៀន​ប្រដាល់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ ?