ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​មាន​មោទនភាព​ដែល​រូប​ស្ពាន​ចំនួន​2​សង់​ដោយ​ជប៉ុន​នៅ​កម្ពុជា​មាន​ក្នុង​ប្រាក់​រៀល​ខ្មែរ

6 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព​ថ្មី​ៗ​នេះ លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ទាំង​ស្នាមញញឹម​ថា

រាជធានី​ភ្នំពេញ ៖ ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព​ថ្មី​ៗ​នេះ លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ទាំង​ស្នាមញញឹម​ថា ថ្នាក់ដឹកនាំ អ្នកនយោបាយ និង​ប្រជាពលរដ្ឋ​ជប៉ុន​មាន​មោទនភាព​ខ្លាំង ដែល​ស្ពាន​ចំនួន​២​សាងសង់​ដោយ​ជប៉ុន​នៅ​កម្ពុជា ត្រូវ​បាន​លេច​រូបរាង​នៅ​ក្នុង​ក្រដាសប្រាក់​រៀល​របស់​កម្ពុជា ។

នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​ដែរ លោក​ឯកអគ្គរាជទូត​បាន​ជម្រាប​ជូន​លម្អិត​ថា ជប៉ុន​នឹង​ធ្វើ​យ៉ាងណា ជួយ​កម្ពុជា​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

សំណួរ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្មី​ៗ​នេះ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​ជប៉ុន​។ តើ​លោក​អាច​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​បានដឹង​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ពន្យល់​ពី​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​ដែល​ជា​លទ្ធផល​បាន​មក​ពី​ដំណើរ​ទស្សនកិច្ច​នេះ ? តើ​មាន​ឯកសារ​អ្វីខ្លះ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា ?

ចម្លើយ ៖ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ខួប​អនុស្សាវរីយ៍​ទី​២៥​ឆ្នាំ នៃ​ការ​ចូលរួម​របស់​កងកម្លាំង​ជប៉ុន​នៃ​ការ​ថែរក្សា​សន្តិភាព ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​១ នៅ​ប្រទេស​កម្ពុជា ។ វា​ក៏​ជា​ខួប​អនុស្សាវរីយ៍​ទី​៦០​ឆ្នាំ ចាប់តាំងពី​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទី​១ ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា គឺ​លោក Nobusuke Kishi ជា​ជីតា​នាយក​រដ្ឋមន្ត្រី ស៊ិ​ន​ហ្សូ អា​បេ (Shinzo Abe) ហើយ​ទស្សនកិច្ច​លើក​នេះ គឺជា​ទស្សនកិច្ច​លើក​ទី​២១ សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ។ ដូច្នេះ ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ជប៉ុន និង​កម្ពុជា ។

ចំពោះ​វិស័យ​នយោបាយ​វិញ គឺ​នាយក​រដ្ឋមន្ត្រី អា​បេ គាត់​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​សម្តេច​តេ​ជោ នៃ​ភាព​ជោគជ័យ​របស់​ប្រទេស​កម្ពុជា សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ​នេះ​។ លោកនាយក​រដ្ឋមន្ត្រី អា​បេ ក៏​បាន​មាន​ប្រសាសន៍​ថា ជប៉ុន​នឹង​បន្ត​ជួយ​គាំទ្រ និង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​សម្រាប់​ការងារ​បោះ​ឆ្នោត ។

ចំណែក​រឿង​សេដ្ឋកិច្ច​វិញ កម្ពុជា​កំពុង​ប្រឹងប្រែង​ឆ្ពោះទៅ​រក​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ ដូច្នេះ ប្រទេស​ជប៉ុន​ជួយ​គាំទ្រ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដោយ​ពង្រឹង​នូវ​ជំនាញ​ខាង​វិស័យ​ដឹក​ជញ្ជូន ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ការ​ពង្រឹងសមត្ថភាព​ទីក្រុង​ផង​ដែរ ។

ចំពោះ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​មាន​២​គឺ ១-​ជា​ជំនួយ​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នៃ​ការ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤ ដែល​មាន​ទឹកប្រាក់​សរុប​៣,៩៤៨​លាន​យ៉េន (​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​) និង​២-​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​៣២,៥០២​លាន​យ៉េន (​ប្រមាណ​ជា​២០៩​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល លោកនាយក​រដ្ឋមន្ត្រី អា​បេ ក៏​បាន​រៀបចំ​ពិធីជប់លៀង​មួយ​ជូន​សម្តេច​តេ​ជោ ។ នៅ​ពេល​នោះ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ខួបកំណើត​របស់​សម្តេច គឺ​១​ថ្ងៃមុន (​ខួបកំណើត​ពិតប្រាកដ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ថ្ងៃ​ទី​៥ សីហា​) នៃ​ការ​មក​ដល់​របស់​គាត់​នៅ​ប្រទេស​ជប៉ុន ។ ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី អា​បេ ក៏​ដូច​ជា​អ្នកចូលរួម​ទាំងអស់​គ្នា​បាន​ច្រៀង​ចម្រៀង Happy Birthday ជូន​ដល់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា ។ ទស្សនកិច្ច​លើក​នេះ​ធ្វើ​ឡើង​ក្នុង​បរិយាកាស​ស្និទ្ធស្នាល ។

សំណួរ ៖ តើ​លោក​អាច​ជម្រាប​ជូន​លម្អិត​បន្ថែម​ទៀត​ថា តើ​គម្រោង​ទាំង​ពីរ​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​តូ​ក្យូ​កន្លង​មកនេះ នឹង​ចាប់ផ្តើម​នៅ​ពេល​ណា ហើយនឹង​បញ្ចប់​នៅ​ពេល​ណា? ជា​ពិសេស តើ​គម្រោង​ទាំង​ពីរ​នេះ​មាន​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះ​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា ?

ចម្លើយ ៖ ចំពោះ​គម្រោង​ការពារ​ទឹកជំនន់ គឺជា​គម្រោង​ទី​៤ សម្រាប់​រាជធានី​ភ្នំពេញ ។ កន្លង​មក រាជធានី​ភ្នំពេញ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​តែងតែមាន​ទឹកជំនន់ (​ជំនន់​ទឹកភ្លៀង​) តែ​ប្រហែលជា​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បានដឹង​ហើយ​ថា គឺ​ប្រែប្រួល និង​កែ​លម្អ​បន្តិច​ម្តង​ៗ ។ សម្រាប់​គម្រោង​លើក​នេះ យើង​កែ​លម្អ​ជា​ពិសេស​នៅ​ក្នុង​តំបន់​ម្តុំ​វត្ត​ភ្នំ និង​តំបន់​ទួល​គោក ហើយ​យើងខ្ញុំ​នឹង​កែ​លម្អ​លូ​បង្ហូរទឹក​នៅ​ទីនោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ​សប្បាយ​រីករាយ ។

ចំពោះ​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺ​ដោយសារ​កំពង់​ផែ​នេះ ជា​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា ។ ដូច្នេះ វា​មាន​សារសំខាន់​ផ្នែក Logistic (​ដឹក​ជញ្ជូន​) នៅ​កម្ពុជា ។ កិច្ចការ​ពង្រីក​ចំណត​កុងតឺន័រ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៩ ហើយ​គម្រោង​នីមួយ​ៗ​មាន​រយៈពេល​៣​ឆ្នាំ ។

សំណួរ ៖ សម្រាប់​ទស្សនកិច្ច​កន្លង​មក​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ី​ន​ហ្សូ អា​បេ សន្យា​ថា នឹង​ជួយ​គាំទ្រ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រ​ទស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ តើ​លោក​អាច​ជម្រាប​ជូន​ថា តើ​ជប៉ុន​នឹង​ធ្វើ​យ៉ាងណា ដើម្បី​ជួយ​កម្ពុជា​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​មួយ​នេះ ?

ចម្លើយ ៖  អម្បាញ់មិញ ខ្ញុំ​ក៏​បាន​ជម្រាប​ជូន​ដែរ​ថា បញ្ហា​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា គឺ​ការ​កែ​លម្អ​ផ្នែក​ដឹក​ជញ្ជូន ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ការ​ពង្រឹងសមត្ថភាព​ទីក្រុង ។

ដូច្នេះ យើងខ្ញុំ​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​វិស័យ​ទាំង​៣​នេះ ។ នៅ​ក្នុង​គោលនយោបាយ​សហប្រតិបត្តិការ​របស់​ជប៉ុន និង​កម្ពុជា គឺ​យើង​លើក​ឡើង​ពី​ចំណុច​សំខាន់​ខ្លះ​ៗ​គឺ ១-​ការ​លើក​ស្ទួយ​ឧស្សាហកម្ម​, ២-​ការ​តម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​៣-​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ ។

សំណួរ ៖ អរគុណ​លោក​ឯកអគ្គរាជទូត ក៏​ប៉ុន្តែ​នាង​ខ្ញុំ​សុំ​ឲ្យ​លោក​ជួយ​ពន្យល់​បន្ថែម ក៏​ដូច​ជា​វាយតម្លៃ​ថា តើ​ចំណង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន​កន្លង​មក​មាន​លក្ខណៈ​ដូច​ម្តេច ? ហើយ​អ្វី​ទៅ​គួរ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ?

ចម្លើយ ៖ ប្រទេស​ជប៉ុន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ។ កន្លង​មកនេះ ទំនាក់ទំនង​មាន​តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក​ម្ល៉េះ តែ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំង គឺ​ក្រោយ​សង្គ្រាមត្រជាក់ យើង​ក៏​បាន​ចូលរួម​ចំណែក​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​ផង​ដែរ ។ ក្រោយ​ពី​សន្តិភាព​នៅ​កម្ពុជា​នេះ​ហើយ យើង​ក៏​បាន​ជួយ​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។ ទន្ទឹម​នឹង​ទំនាក់ទំនង​មិត្តភាព​ជា​ប្រ​វ​តិ្ត​សាស្ត្រ និង​ចាប់តាំងពី​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​មក ក្រុមហ៊ុន​ជប៉ុន​បាន​និង​កំពុង​ធ្វើ​វិនិយោគ​យ៉ាង​សកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​បង្កើត​ការងារ​បាន​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ។ ទំនាក់ទំនង​របស់​យើង​មាន​គ្រប់​វិស័យ ដូច្នេះ​ហើយ​បានជា​លោកនាយក​រដ្ឋមន្ត្រី អា​បេ និង​សម្តេច​តេ​ជោ​សម្រេចចិត្ត​ថា លើកតម្កើង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ល្អ​តាំងពី​ឆ្នាំ​២០១៣​មក ។

ជា​ពិសេស នៅ​ខែកញ្ញា​ឆ្នាំ​មុន មានការ​ចាប់ផ្តើម​នូវ​ជើងហោះហើរ​ត្រង់​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​តូ​ក្យូ ហើយ​ខែមករា ឆ្នាំ​ក្រោយ (២០១៨) យើង​នឹង​រៀបចំ និង​បើក​ការិយាល័យ​កុងស៊ុល​មួយ​នៅ​ខេត្តសៀមរាប​។ ដូច្នេះ តាម​រយៈ​ទំនាក់ទំនង​ល្អ​ប្រសើរ​របស់​ប្រទេស​ទាំង​ពីរ​លើ​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មករ​វាង​ជប៉ុន និង​កម្ពុជា​នេះ ខ្ញុំ​សង្ឃឹមថា ទំនាក់ទំនង​ល្អ​នេះ​នឹង​ពង្រីក​ឲ្យ​បាន​គ្រប់​វិស័យ​បន្ថែម​ទៀត ។

សម្រាប់​គម្រោង​បើក​ការិយាល័យ​កុងស៊ុល​មួយ គឺថា​កិច្ចការ​កុងស៊ុល គឺជា​កិច្ចការ​មួយ​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ជប៉ុន ។ ចំណែក​កិច្ចការជំនួញ គឺ​ការ​វិនិយោគ​ភាគច្រើន​នៅ​ភ្នំពេញ ឬ​ក៏​ប៉ោយ​ប៉ែ​ត និង​ក្រុង​បា​វិត ។ ការងារ​កុងស៊ុល​នៅ​សៀមរាប គឺ​ពាក់ព័ន្ធ​នឹង​អ្នកទេសចរ​ជប៉ុន ។ អ្នកទេសចរ​មក​លេង​កម្ពុជា​ភាគច្រើន គឺ​ទៅ​លេង​នៅ​អង្គរវត្ត ខេត្តសៀមរាប ហើយ​ពួក​គាត់​ជួនកាល​ក៏​មាន​បញ្ហា​បន្តិចបន្តួច​ដូច​ជា បាត់​លិខិតឆ្លងដែន (passports) ។ ដូច្នេះ​ការងារ​ចម្បង​របស់​ការិយាល័យ​កុងស៊ុល​នៅ​ខេត្តសៀម​រាប គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ជប៉ុន​មក​ទស្សនកិច្ច និង​កម្សាន្ត​នៅ​ខេត្ត​នេះ ។

សំណួរ ៖ អរគុណ​ជា​ថ្មី​ម្តងទៀត​លោក បើ​និយាយ​ពី​ប្រទេស​ជប៉ុន គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​ច្បាស់​ថា ជប៉ុន​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ធំ និង​សំខាន់​មួយ​របស់​កម្ពុជា ។ អីចឹង តើ​លោក​អាច​រៀបរាប់​បាន​ទេ​ថា គម្រោង​ធំ​ៗ​ចំនួន​៥ ដែល​ជប៉ុន​ជួយ​មក​ដល់​កម្ពុជា​មាន​អ្វីខ្លះ ? ហេតុ​អ្វី​បានជា​លោក​យល់​ថា គម្រោង​ទាំង​៥​នេះ​មាន​សារសំខាន់ ?

ចម្លើយ ៖ គម្រោង​របស់​យើង ដែល​ប្រជាពលរដ្ឋ​កម្ពុជា​តែងតែ​ស្រឡាញ់​ពេញចិត្ត​ខ្លាំង គឺ​ស្ពាន​។ នេះ​ជា​ក្រដាស​៥០០​រៀល​របស់​កម្ពុជា យើង​ឃើញ​ស្ពាន​២​ដែល​ជប៉ុន​សាងសង់ គឺ​ស្ពាន​ត្សឹ​បា​សា ឬ​ហៅ​ថា ស្ពាន​អ្នក​លឿង និង​ស្ពាន​គី​ហ្សូ​ណា (​ខេត្តកំពង់ចាម​) ផង​ដែរ ។ ស្ពាន​ទាំង​២​នេះ​កំពុង​តែ​រួមចំណែក​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​លើក​ស្ទួយ​វិស័យ​ឧស្សាហកម្ម ។

ពេល​ខ្ញុំ​ជួប​ជាមួយ​អ្នកនយោបាយ​នៅ​ប្រទេស​ជប៉ុន ខ្ញុំ​តែងតែ​បង្ហាញ​ក្រដាសប្រាក់​រៀល​នេះ​ចំពោះ​មុខ​ពួក​គាត់ ដោយសារ​តែ​នៅ​ក្នុង​ក្រដាសប្រាក់​រៀល ក៏​មាន​ទង់ជាតិ​ជប៉ុន នៅ​ក្នុង​នេះ​ផង​ដែរ ។ អ្នកនយោបាយ​នៅ​ជប៉ុន​គាត់​សប្បាយ​រីករាយ​ពេល​បានឃើញ​បែប​នេះ ។

២-​សម្រាប់​ផ្លូវ​វិញ គឺ​យើង​បាន​ជួយ​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​១ និង​លេខ​៥ ហើយ​ផ្លូវ​ទាំងនេះ​ដើរតួ​នាទី​សំខាន់ ដែល​យើង​ហៅ​ថា ផ្លូវ​ច្រក​សេដ្ឋកិច្ច​ខាងត្បូង ។ ផ្លូវ​ទាំងនេះ​ឆ្លងកាត់​ពី​ហូ​ជី​មិ​ញ (​វៀតណាម​) ឆ្លងកាត់​បា​វិត (​កម្ពុជា​) ហើយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ហើយ​ទៅ​ដល់ទី​ក្រុង​បាងកក​ទៀត​។ ដូច្នេះ តាម​រយៈផ្លូវ​នេះ​អាច​ភ្ជាប់​ប្រទេស​៣ បាន​នៅ​ក្នុង​តំបន់​មេគង្គ និង​រួមចំណែក​កែ​លម្អ Logistic (​ផ្លូវ​ដឹក​ជញ្ជូន​) រវាង​ប្រទេស​ទាំង​៣​នេះ ។

៣-​គម្រោង​ទាក់ទង​នឹង​ទឹក ដែល​គេ​ហៅ​ថា ក្តី​ស្រមៃ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ គឺ​គុណភាព​ទឹក​ស្អាត​ល្អ​ប្រសើរ ។

៤-​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស គឺ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រុមហ៊ុន​ជប៉ុន និង​អង្គការ​ផ្សេង​ៗ​នៃ​ប្រទេស​ជប៉ុន​ខិតខំ​ប្រឹងប្រែង​កសាង​សាលារៀន​នៅ​ប្រទេស​កម្ពុជា ។ យើងខ្ញុំ​ក៏​បាន​បញ្ជូន​អ្នកឯកទេស​មក​ពី​ជប៉ុន​ដើម្បី​បង្រៀន​បច្ចេកវិទ្យា ក៏​ដូច​ជា​បទ​ពិសោធន៍​របស់​ខ្លួន​ជូន​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​នៅ​កម្ពុជា ហើយ​យើង​ក៏​បាន​ផ្តល់​អាហារូប​ករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅ​រៀន​នៅ​ជប៉ុន​ផង​ដែរ ។

៥-​បញ្ហា​មួយ​ចំនួន​បណ្តាល​មក​ពី​សង្គ្រាម​ពី​មុន គឺ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​មួយទៀត គឺ​តុលាការ​កាត់ទោស​ខ្មែរក្រហម​ផង​ដែរ ។ ជំនួយ​២​ផ្នែក​នេះ​មាន​សារសំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា ។

សំណួរ ៖ អរគុណ​លោក​ឯកអគ្គរាជទូត អីចឹង នាង​ខ្ញុំ​សុំ​ងាក​ទៅ​ចំណុច​មួយទៀត​នៃ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ជប៉ុន ។ តើ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន​មាន​ទំហំ​ប៉ុន្មាន​ដែរ ? ហើយ​បើ​ប្រៀបធៀប​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ វា​មាន​កំណើន​ប៉ុន្មាន​ភាគរយ ?

ចម្លើយ ៖ ទាំង​ផ្នែក​ពាណិជ្ជកម្ម​ទ្វេភាគី ទាំង​ការ​វិនិយោគ គឺ​កើនឡើង​ទាំង​ពីរ ជា​ពិសេស​តួលេខ​នៃ​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា នឹង​កើនឡើង​ដល់​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​មុន (២០១៦) ។ នេះ​ជា​តួលេខ​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​យើង ក្នុង​នោះ​មានការ​វិនិយោគ​ធំ​ៗ​ច្រើន​ដូច​ជា ការ​វិនិយោគ​ផ្សារ​ទំនើប​អីុ​អន​ម៉​ល​ទី​២ ហើយ​ការ​វិនិយោគ​មួយទៀត​នៅ​គី​រី​រម្យ គឺ​ក្រុមហ៊ុន​ជប៉ុន​កំពុង​បង្កើត​សាកលវិទ្យាល័យ​បច្ចេកទេស​នៅ​គី​រី​រម្យ រួម​ជាមួយ​ការ​អភិវឌ្ឍ​រី​ស៊​ត (Resorts) នៅ​ទីនោះ​ផង​ដែរ ។

នៅ​សាកលវិទ្យាល័យ​នេះ​មាន​ចំណុច​ពិសេស​មួយ គឺ​គ្មាន​ការ​បង់ថ្លៃ​សិក្សា​ទេ ។ និស្សិត​ទាំងអស់​នឹង​ទទួល​បាន​អាហារូបករណ៍​ទាំងអស់​គ្នា ហើយ​ឲ្យ​ស្នាក់​នៅ​ទីនោះ និង​រៀន​ផ្នែក​បច្ចេកវិទ្យា (Information Technology) តែ​ម្តង ។ ពេល​ខ្ញុំ​ទៅ​ទីនោះ​លើក​មុន ឃើញ​មាន​សាស្ត្រាចារ្យ​ជនជាតិ​ឥណ្ឌា​គាត់​បង្រៀន​កុំព្យូទ័រ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា និស្សិត​ទាំងអស់​ក្រោយ​ពេល​ពួក​គាត់​បញ្ចប់​ការ​សិក្សា​នៅ​ទីនោះ ប្រហែលជា​ពួក​គេ​នឹង​ជោគជ័យ​នៅ​ក្នុង Business (​អាជីព​ការងារ​) របស់​គេ ។

តួលេខ​១​ឆ្នាំ​ៗ​បាន​ប្រែប្រួល​បន្តិចបន្តួច ក៏​ប៉ុន្តែ​ជា​ទូទៅ វិនិយោគិន​ជប៉ុន​កំពុង​តែ​ចាប់អារម្មណ៍​ទៅ​លើ​ចំណុច​ទាក់ទាញ​ផ្នែក​វិនិយោគ​នៅ​កម្ពុជា ។ យោង​តាម​ឯកសារ​របស់​ស្ថានទូត​បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើងជា​លំដាប់​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ។ បច្ចុប្បន្ន​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើនឡើង​ខ្ពស់​ដល់​ទៅ​២​ទៅ​៥​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក ។

ជប៉ុន គឺជា​ប្រទេស​ដៃគូ​នាំ​ចូល​ធំ​លំដាប់​ទី​៨​នៃ​ប្រទេស​កម្ពុជា ហើយ​ចំនួន​ទឹកប្រាក់​នាំ​ចូល​ពី​ជប៉ុន​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ស្មើ​ប្រមាណ​៣០២​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ផលិតផល​នាំ​ចូល​ចម្បង​ៗ​រួម​មាន រថយន្ត និង​គ្រឿង​ម៉ាស៊ីន​ជាដើម ។

ដោយឡែក ជប៉ុន ក៏​ជា​ប្រទេស​ដៃគូ​នាំ​ចេញ​ធំ​លំដាប់​ទី​៤​នៅ​កម្ពុជា​ផង​ដែរ ។ ក្នុង​ឆ្នាំ​២០១៥ ចំនួន​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ជប៉ុន ស្មើ​៩៦៨​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ផលិតផល​នាំ​ចេញ​ចម្បង​ៗ​គឺ សម្លៀក​បំពាក់ ស្បែកជើង និង​ឧបករណ៍​អគ្គិសនី ៕