ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន​ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យានោះ​នឹង​បាត់​ទំនុកចិត្ត​លើ​ទីផ្សារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ធ្វើស្រែ​តាម​បែប​ចុះ​កិច្ចសន្យា ជា​ការ​ជួយ​កសិករ​ឲ្យ​មាន​លំនឹង​ក្នុង​ចិត្ត និង​ជំរុញ​ធ្វើ​យ៉ាងណា ឲ្យ​កសិករ​ផលិត​ពូជ​សុទ្ធ​មានគុណ​ភាពល្អ​ដើម្បី​

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ធ្វើស្រែ​តាម​បែប​ចុះ​កិច្ចសន្យា ជា​ការ​ជួយ​កសិករ​ឲ្យ​មាន​លំនឹង​ក្នុង​ចិត្ត និង​ជំរុញ​ធ្វើ​យ៉ាងណា ឲ្យ​កសិករ​ផលិត​ពូជ​សុទ្ធ​មានគុណ​ភាពល្អ​ដើម្បី​ងាយស្រួល​នាំ​ចេញ និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំ​ចេញ​អង្ករ​នានា ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ សីហា កន្លង​មក លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុ​ុ​ក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា គឺ​ដើម្បី​ឈាន​ទៅ​ផ្តល់​ភាព​ស្មោះត្រង់​ដល់​ការ​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​របស់​ទីផ្សារ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការ​អនុវត្ត​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ទេ នឹង​បាត់បង់​ទំនុកចិត្ត​លើ​ទីផ្សារ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ផលិតករ និង​ប្រជា​កសិករ​ឲ្យ​លើកកម្ពស់​បច្ចេកទេស​ដាំ​ដុះ ពង្រឹងគុណភាព និង​ការ​វេច​ខ្ចប់​ផលិតផល​កសិកម្ម សំដៅ​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​នៃ​ប្រទេស​នាំ​ចូល ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖« នៅ​ក្នុង​ឆ្នាំ​២០១៦ ការ​នាំ​ចេញ​វិស័យ​កសិកម្ម​បាន​កើនឡើង​ដល់​ទៅ​៥​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ទិន្នន័យ​នេះ​នឹង​បន្ត​កើនឡើង​ថែម​ទៀត បើ​សិន​​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ភូតគាម​អនាម័យ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​បម្រើ​ការ​ផលិត និង​ការ​នាំ​ចេញ​កសិផល » ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២៤ សីហា ម្សិលមិញ​ថា ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ជា​គោលនយោបាយ​សំខាន់​មួយ​របស់​ក្រសួងកសិកម្ម ដើម្បី​តម្រង់​ទិស​ទីផ្សារ​ជូន​កសិករ និង​បញ្ចៀស​ការ​ធ្លាក់​ថ្លៃ​នៅ​ពេល​កសិករ​ប្រមូល​ផល​កសិកម្ម​ម្តង​ៗ ។

លោក​បណ្ឌិត​បន្ត​ថា ៖« ការ​អនុវត្ត​កសិកម្ម តាម​កិច្ចសន្យា​នេះ ធ្វើ​ឱ្យ​អ្នក​ដាំ​ដុះ​បានដឹង​ជា​មុន​ថា ដៃគូ​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​គាត់​នេះ ចង់​ទិញ​អី ចំនួន​ប៉ុន្មាន ហើយ​ត្រូវ​ប្រមូល​ផល​នៅ​ពេល​ណា មុន​នឹង​គាត់​ចាប់ផ្តើម​ដាំ​ដុះ​ដំណាំ​អ្វីមួយ ។ ផ្ទុយ​មក​វិញ សម្រាប់​កសិករ​មិន​បាន​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ខណៈ​ការ​ដាំ​ដុះ​តាម​រយៈ​ការ​យល់​ឃើញ​ត​គ្នា ដល់​ពេល​រដូវ​ប្រមូល​ផល​ឈាន​ចូល​មក​ដល់ គឺ​អត់​មាន​អ្នក​ប្រមូល​ទិញ​កសិផល » ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ជា​ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា កន្លង​មក​បាន​គាំទ្រ​គោលនយោបាយ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​នេះ ដោយ​លោក​ថ្លែង​ថា ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ ជា​រឿង​ល្អ​ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ការ​ទទួល​បាន​អង្ករ​មានគុណ​ភាពល្អ​។

លោក​បន្ត​ថា កន្លង​មក ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិករ​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ព្រះ​វិហារ ពោធិ៍សាត់ បាត់ដំបង និង​កំពង់ចាម​មួយ​ចំនួន​ហើយ ។ លោក​ថា ៖« អ្វី​សំខាន់ គឺ​រឿង​ទីផ្សារ ប្រសិនជា​យើង​មាន​ទីផ្សារ​នាំ​ចេញ​ច្រើន យើង​អាច​ធ្វើស្រែ​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​បាន​ច្រើន ប៉ុន្តែ​យើង​ប្រឈម​​នឹង​ហានិភ័យ​នៃ​ការ​ខាតបង់ ប្រសិនជា​យើង​គ្មាន​ទីផ្សារ » ។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​បាន​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍​ផង​ដែរ ដែល​បាន​ធ្វើការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ជាមួយ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ដើម្បី​នាំ​ចេញ​អង្ករ​សរីរាង្គ ។

បើ​តាម​លោក​ឧកញ៉ា សុង សា​រ៉​ន នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​របស់​លោក​គ្រោង​នាំ​ចេញ​អង្ករ​សរីរាង្គ​ចំនួន​៨​ពាន់​តោន​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ខណៈ​ទីផ្សារ​ក្នុង​ស្រុក​​ក៏​កំពុង​មាន​កំណើន​ខ្ពស់​ផង​ដែរ ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​អនុក្រឹត្យ​លេខ​៣៦ អន​ក្រ ចុះ​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១១ ដើម្បី​ឲ្យ​ក្រសួងកសិកម្ម​រៀបចំ​គណៈកម្មការ​មួយ​ឈាន​ទៅ​ដល់​ការ​រៀបចំ​គាំទ្រ​ចុះ​កិច្ចសន្យា​រវាង​វិស័យ​ឯកជន និង​សហគមន៍​កសិកម្ម ដែល​មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​ចំនួន​១៨ ត្រូវ​ចូលរួម​ជា​សមាជិក ប៉ុន្តែ​អនុក្រឹត្យ​នោះ​ហាក់ដូច​ពុំ​សូវ​មាន​សកម្ម​ភាព ទើបតែ​ពេល​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ខិតខំ​ជំរុញ​ធ្វើ​យ៉ាងណា ឲ្យ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ​មាន​សកម្មភាព​ឡើង​វិញ ៕