ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​នឹង​ទទួល​បាន​ចំណែក​យ៉ាងដូចម្តេច​ពី​ភាគលាភ​នៃ​អណ្ដូងប្រេង​នៅ​ប្លុក​A ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ចាប់អារម្មណ៍ និង​ចង់​ដឹង​ពី​ផលប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួល​បាន​ពី​ភាគលាភ​អណ្តូងប្រេង​នៅ​តំបន់​ប្លុក​A​របស់​កម្ពុជា ដែល​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ចាប់អារម្មណ៍ និង​ចង់​ដឹង​ពី​ផលប្រយោជន៍​ដែល​កម្ពុជា​នឹង​ទទួល​បាន​ពី​ភាគលាភ​អណ្តូងប្រេង​នៅ​តំបន់​ប្លុក​A​របស់​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុមហ៊ុន KRISENERGY កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​មកនេះ ។

យោង​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ប្រេងកាត​ប្លុក​A របស់​ក្រុមហ៊ុន​KRISENERGY កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន រួម​មាន អត្រា​កម្រៃ​សួយ​សារ​, ពន្ធ​លើ​ប្រាក់​ចំណូល​, ពន្ធ​លើ​ប្រាក់​ចំណូល​លើស​កម្រិត​, ពន្ធ​លើ​ការ​នាំ​ចេញ​, ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ ជា​ពិសេស រាជរដ្ឋាភិបាល​ទទួល​បាន​ភាគហ៊ុន​៥%​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​។

លោក Kelvin Tang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KRISENERGY Ltd បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ថា ការ​អភិវឌ្ឍ​អណ្តូងប្រេង​ប្លុក​A​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សេដ្ឋកិច្ច និង​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​សម្រាប់​ក្រុមហ៊ុន​KRSIENERGY​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ដំបូង​ក្នុង​ដំណាក់​កាល​១A រួម​មាន តំបន់​ក្បាល​អណ្តូង ដែល​បញ្ជា​ពី​ចម្ងាយ​សម្រាប់​ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន​២៤ នឹង​អាច​ធ្វើការ​បូម​បាន​៣​ម៉ឺន​បារ៉ែល​ក្នុង​១​ថ្ងៃ ទៅ​កាន់​នាវា​ផលិត​មួយ​ដែល​ធ្វើ​ប្រព្រឹត្ត​កម្ម​ប្រេង នឹង​ញែក​យក​ឧស្ម័ន ប្រេង និង​ទឹក ចេញពី​គ្នា ។

លោក​បន្ត​ថា ភាគលាភ​ដែល​បែងចែក​រវាង​ក្រុមហ៊ុន និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក​A​នេះ កម្ពុជា​នឹង​ទទួល​បាន​កម្រៃ​លើ​សួយ​សារ​១២,៥%​នៃ​ផលិតកម្ម​, ពន្ធ​លើ​ប្រាក់​ចំណូល​២៥% សម្រាប់​រយៈពេល​៥​ឆ្នាំ​ដំបូង រាប់​ចាប់ពី​ឆ្នាំ​ដំបូង​ដែល​មាន​ចំណូល​ជាប់ពន្ធ និង​៣០%​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ ។ ក្នុង​នោះ ចំពោះ​ពន្ធ​លើ​ប្រាក់​ចំណូល​លើស​កម្រិត និង​ប្រសិនបើ​មាន​ប្រាក់​ចំណូល​លើស​កម្រិត នោះ​ពន្ធ​ប្រាក់​ចំណូល​លើស​កម្រិត​នឹង​ត្រូវ​អនុវត្ត​បន្ថែម​លើ​ប្រាក់​ចំណូល​លើ​អត្រា​កំណើន​តាម​ថ្នាក់​ចាប់ពី​១០​ទៅ​៣០%​ផង​ដែរ ។

ចំណែក​ពន្ធ​លើ​ការ​នាំ​ចេញ ក៏​បាន​កំណត់​ក្នុង​ចំនួន​២%, ថ្លៃ​ជួល​ផ្ទៃដី​ប្រចាំឆ្នាំ ចំនួន​៥០០​ដុល្លារ​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ គឺ​ចាប់​គិត​ពី​ថ្ងៃ​ចូល​ជា​ធរមាន រួម​ជាមួយ​រាជរដ្ឋាភិបាល​ទទួល​បាន​ភាគហ៊ុន​៥% ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​នោះ​ផង​ដែរ ។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​នេះ លោក Kelvin Tang បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទទួល​បានការ​វិនិយោគ​លើ​ទំហំ​ផ្ទៃដី​ធ្វើ​អាជីវកម្ម​ទំហំ​៣.០៨៣​គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម មាន​រយៈពេល​២៥​ឆ្នាំ គឺ​ចាប់​គិត​ពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ផលិតកម្ម​ដំបូង​នេះ​តទៅ ។

លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា  កម្ពុជា​មាន​ទិស​ដៅ​ច្បាស់លាស់ គឺ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​ចំណូល​ប្រេងកាត និង​ឧស្ម័ន ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​នឹង​ប្រើប្រាស់​ចំណូល​នេះ រួមចំណែក​ក្នុង​ការ​កែទម្រង់​រចនា​ម្ព័​ន្ធ​សេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ៖« កម្ពុជា​ត្រៀមខ្លួន​រួច រាល់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ធនធានមនុស្ស ស្ថាប័ន និង​គោលនយោបាយ ដើម្បី​បញ្ចៀស​នូវ​បណ្តាសា​ធនធាន និង​ជំងឺ​ហូ​ឡង់ (Dutch disease) ដោយ​បាន​សិក្សា​ពី​បទ​ពិសោធន​ន៍​ដ៏​ជូរ​ចត់​កន្លង​មក​របស់​ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន និង​បាន​គិតគូរ​រួច​ជា​ស្រេច ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេងកាត​ទៅ​ជា​កាត​លី​ករ​ពិតប្រាកដ​មួយ ក្នុង​ការ​អភិវឌ្ឍ​ពិពិធ​កម្ម និង​ទំនើប​កម្ម​សេដ្ឋកិច្ច ដែល​មាន​វិស័យ​ឧស្សាហកម្ម ដើរតួ​កាន់តែ​សំខាន់​ឡើង ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ » ។

គួរ​រំលឹក​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ទិស​ដៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ និង​ម៉ោង​១២ ក្នុង​ការ​បូម​យក​នូវ​តំណក់​ប្រេង​ពី​ប្លុក​A ដែល​កាលនោះ ទទួល​សិទ្ធិ​រុករក​ដោយ​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​អា​មេ​រិ​ក​Chevron ប៉ុន្ដែ​ផែនការ​នេះ​ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​បញ្ហា​បច្ចេកទេស និង​កង្វះ​ច្បាប់​ផ្សេង​ក្នុង​ការ​គ្រប់គ្រង ។

បើ​តាម​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត លោក ជា សុ​ជាតិ តំបន់​ប្រេងកាត​កម្ពុជា​បែងចែក​ជា​២៥​ប្លុក គឺ​តំបន់​ដែន​គោក​១៩​ប្លុក និង​ដែនសមុទ្រ​៦​ប្លុក ៕