ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​7​ខែ​ឆ្នាំ​នេះ ផ្សារ​ធំ​ថ្មី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​12​ម៉ឺន​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្សារ​ធំ​ថ្មី​ដែល​មាន​អាយុកាល​ជាង​៨០​ឆ្នាំ ត្រូវ​បាន​សាងសង់​ឡើង​តាម​ម៉ូ​ដ​អគារ​បែប​សម័យ​អាណានិគម​បារាំង មា​នទី​តាំងនៅ​ចំ​កណ្តាល​បេះដូង​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​

រាជធានី​ភ្នំពេញ ៖ ផ្សារ​ធំ​ថ្មី​ដែល​មាន​អាយុកាល​ជាង​៨០​ឆ្នាំ ត្រូវ​បាន​សាងសង់​ឡើង​តាម​ម៉ូ​ដ​អគារ​បែប​សម័យ​អាណានិគម​បារាំង មា​នទី​តាំងនៅ​ចំ​កណ្តាល​បេះដូង​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​ជាតិ​សាសន៍​មក​ទស្សនា នាំ​គ្នា​ទិញ​វត្ថុ​អនុស្សាវរីយ៍​ជា​ហូរហែ និង​ឈ្វេងយល់​ពី​សំណង់​បុរាណ​មួយ​នេះ ។

លោកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​ដឹង​ថា សំណង់​ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣៥ ក្នុងអំឡុងពេល​អាណានិគម​បារាំង តាម​ម៉ូ​ដ Art Deco ហើយ​បាន​លាប​ពណ៌​លឿង​លាយ​ប្រផេះ​។ សំណង់​នេះ​មាន​ស្លាប​៤ ដែល​គ្រប​ដោយ​ដោម (​កំពូល​) នៅ​ចំ​កណ្តាល ។ នៅ​ក្នុង​ស្លាប​ទាំង​៤​នេះ និង​នៅ​ជុំវិញ​បរិវេណ​ខាងក្រៅ គឺ​មាន​ដាក់​លក់​នូវ​របស់របរ​ស្ទើរតែ​គ្រប់មុខ រួម​មាន ឧបករណ៍​អេ​ឡិច​ត្រូ​និក​, សម្លៀក​បំពាក់​, នាឡិកាដៃ​, កាបូប វ៉ា​លី​, ស្បែកជើង​, អាហារ​ស្ងួត ស្រស់ និង​គ្រឿងអលង្ការ ។ សម្លៀក​បំពាក់​មាន​ចាប់ពី​អាវយឺត​តម្លៃ​ថោក រហូត​ដល់​ក្រមា (​ក្រមា​ខ្មែរ​) ។ វត្ថុ​បុរាណ​ដែល​ទាក់ទាញ រួម​មាន សៀវភៅ​មគ្គុទ្ទេសក៍​អំពី​ការ​ធ្វើ​ដំណើរ​ថតចម្លង និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត ។

លោកស្រី​បញ្ជាក់​ថា ៖« ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧​នេះ ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​នៅ​ផ្សារ​ធំ​ថ្មី​មាន​ចំនួន​១២៨.៤១៦​នាក់ ក្នុង​នោះ​វៀតណាម​៦៣.១៦៨​នាក់​, ចិន​៣៣.៨៨៣​នាក់​, អឺរ៉ុប​២៧.៤៨៣​នាក់​, ម៉ា​ឡេ​ស៊ី​១.៥៣២​នាក់​, ថៃ​៧៣៧​នាក់​, ជប៉ុន​១.៣០៦​នាក់​, កូរ៉េ​៤៥​នាក់ និង​ឡាវ​២៦២​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​១២០.៥៣៤​នាក់ កើនឡើង​៧.៨៨២​នាក់ គិត​ជា​ភាគរយ​មាន​កំណើន​៦,៥% » ។

បើ​តាម​លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នក​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ កាលពី​ថ្ងៃ​ទី​១៧ សីហា ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ក្នុង​ម្នាក់ គិត​ជា​មធ្យម​ស្នាក់​នៅ​រយៈពេល​៦​ថ្ងៃ​កន្លះ និង​ចាយវាយ​ប្រាក់​ប្រមាណ​៧០០​ដុល្លារ​ក្នុងអំឡុងពេល​ស្នាក់​នៅ​នោះ ។

លោក​បន្ថែម​ថា ឧស្សាហកម្ម​ទេសចរណ៍​បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​សំខាន់​ដល់​ការ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ដូច​ជា អង្ករ បន្លែ ត្រី សាច់ វត្ថុ​អនុស្សាវរីយ៍ រួម​ទាំង​សេវាកម្ម​ផ្សេង​ៗ ។ នៅ​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥.០១១.៧១២​នាក់ ដែល​បង្កើត​ចំណូល​ចូល​ចរន្ត​សេដ្ឋកិច្ច​ជាតិប្រមាណ​៣.៥០០​លាន​ដុល្លារ ។

លោកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី​បាន​បញ្ជាក់​ថា ៖« បើ​ទោះបី​សព្វ​ថ្ងៃនេះ សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ចូល​មក​ទស្សនា​ក្នុង​ផ្សារ​ធំ​ថ្មី​កើនឡើង​ច្រើន​ក៏​ពិតមែន តែ​ជាមួយ​គ្នា​នោះ គណៈកម្មការ​ផ្សារ​បាន​ចាត់​កម្លាំង​ទាំង​សមត្ថកិច្ច និង​កម្លាំង​ផ្សារ​ប្រចាំការ​គ្រប់​ច្រកល្ហក​ទាំងអស់ ដើម្បី​ការពារ​សន្តិ​សុខ​សណ្តាប់​ឲ្យ​មាន​របៀបរៀបរយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មិន​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​នៅ​ក្នុង​ផ្សារ​ឡើយ​។ ជាមួយ​គ្នា​នេះ ក្នុង​បរិវេណ​ផ្សារ​ក៏​មាន​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព​​គ្រប់​ទីកន្លែង​ផង​ដែរ ។ ចំពោះ​បញ្ហា​អនាម័យ​វិញ គឺ​គណៈកម្មការ​ផ្សារ​តែងតែ​ចុះ​សម្អាត​បាញ់​ទឹក​ដុសលាង កុំ​ឲ្យ​មាន​ក្លិនស្អុយ​ឆ្អេះឆ្អាប​ដល់​ភ្ញៀវ​ចេញចូល​ក្នុង​ផ្សារ » ។

គួរ​បញ្ជាក់​ថា ផ្សារ​ធំ​ថ្មី​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ខែសីហា ឆ្នាំ​១៩៣៥ និង​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែមិថុនា ឆ្នាំ​១៩៣៧ តាម​ប្លង់​ស្ថាបត្យកម្ម​របស់​លោក JEAN DUBOIR ជនជាតិ​បារាំង ដែល​មាន​ក្រុមហ៊ុន​ឥណ្ឌូចិន សាយ​ហ្គ​ន ជា​អ្នក​សិក្សា​បច្ចេកទេស និង​ជា​អ្នក​សាងសង់​នៅ​ក្នុង​រជ្ជកាល​ព្រះករុណា ព្រះបាទ ស៊ី​សុវត្ថិ​មុនី​វង្ស គ្រង​រាជសម្បត្តិ ហើយ​បាន​ប្រែក្លាយ​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នា​ទសវត្សរ៍​ទី​៣០ ដល់​ទសវត្សរ៍​ទី​៧០ ដែល​ជា​សមិទ្ធផល​មួយ​ក្រោម​ជំនួយ​របស់​រដ្ឋា​ភិបាល​បារាំង​ជូន​ដល់​ប្រទេស​កម្ពុជា ហើយ​បើ​យើង​ពុំ​ស្គាល់​ផ្សារ​ធំ​ថ្មី​ទេ ហាក់បីដូចជា​ពុំ​ស្គាល់​រាជធានី​ភ្នំពេញ​ដែរ ។

ឆ្លងកាត់​ដំណាក់កាល​ជា​បន្តបន្ទាប់​មក ដោយ​សង្កេត​ឃើញ​ថា អគារ​ផ្សារ​ធំ​ថ្មី ដែល​បាន​ចាត់​បញ្ចូល​ជា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ មាន​សំណង់​នៃ​អគារ​ខ្លះ​បាន​ប្រេះស្រាំ ជ្រាប​ទឹក មិន​ធានា​បាន​នូវ​គុណភាព​យូរអង្វែង ទើប​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ឯកសារ​សុំ​ការ​គាំទ្រ​ជំនួយ​ផ្នែក ហិរញ្ញវត្ថុ​ពី​ទី​ក្រុងប៉ារីស​នា​ឆ្នាំ​២០០១ និង​បាន​ធ្វើការ​ចរចា​សម្របសម្រួល​ជា​បន្តបន្ទាប់ ទើប​ឈាន​ទៅ​ដល់​ការ​រៀបចំ ជួសជុល​កែ​លម្អ ។ សំណង់​ពាណិជ្ជកម្ម​នេះ​រួមចំណែក​ដល់​ការ​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា ជា​ពិសេស បាន​រួមចំណែក​ដល់​ការ​លើក​ស្ទួយ​សោភ័ណ​ភាព​របស់​ទីក្រុង និង​ផ្តល់​សេវា​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ៕