ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអី​ឡានខ្លះ​ដឹកឈើ​ចេញ​បាន​ ​​ខ្លះ​ទៀត​​​ជាប់​អន្ទាក់​…?

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែសីហា​ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង

ខេត្តពោធិ៍សាត់ ៖ ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ដ​តូច-​ធំ​ នៅ​តែ​មាន​ជា​បន្តបន្ទាប់​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ទោះបី​ទីស្នាក់ការ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​គ្រប់​ប្រភេទ​ដាក់​ពង្រាយ​គ្នា​តាម​ដងផ្លូវ​ក៏​ដោយ ។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ខែសីហា​ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាប់​ឃាត់​រថយន្ដ​ធុន​ធំ​មួយ​គ្រឿង​លួច​ដឹកឈើ​ខុសច្បាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ភូមិ​ស្ទឹង​ថ្មី​ឃុំ​ប្រមោយ ស្រុក​វាល​វែង ។

លោក​អនុសេនីយ៍ឯក ពុធ ប៊ុ​ន​ឈឿ​ន មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង​បានឱ្យ​ដឹង​ថា រថយន្ដ​ដឹក​បទល្មើស​ព្រៃឈើ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​បាន​នេះ​ម៉ាក​ហ៊ី​ណូ​ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ត្រាវ​ឆ្នូត​បៃតង​លាយ​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-2407​។ លោក​ឱ្យ​ដឹង​ថា នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ សីហា​នោះ កម្លាំង​របស់​លោក​ចុះ​ល្បាត​ប្រទះ​ឃើញ​រថយន្ដ​ខាងលើ​ឃ្លុំ​ជិត​កំពុង​ធ្វើ​ដំណើរ​ពី​ស្រុក​វាល​វែង​ឆ្ពោះទៅ​ទីរួមខេត្ត​ពោធិ៍សាត់ ។

ដោយ​មានការ​សង្ស័យ​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​សុំ​យោបល់ ។ បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​ថ្នាក់លើ​ហើយ លោក​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្ទាក់​រថយន្ដ​នោះ​ឱ្យ​ឈប់​នៅ​ចំណុច​ភូមិ​ស្ទឹង​ថ្មី​ឃុំ​ប្រមោយ​ដើម្បី​ត្រួតពិនិត្យ​។ នៅ​ពេល​ឆែក​មើល ស្រាប់តែ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​ក៏​នាំ​យក​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាល​វែង​តែ​ម្ដង ។នៅ​ព្រឹក​ថ្ងៃ​ទី​២៣ សីហា​នោះ​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​មន្ត្រី​បរិស្ថាន​ទាំង​រថយន្ដ​ទាំង​ឈើ​ប្រណីត​ប្រភេទ​រាជ​កុ​ល ដែល​មាន​ចំនួន​២៣​កំណាត់​ធំ​ៗ​ស្មើនឹង​១៨,៩០០​ម៉ែត្រត្រីគុណ ។

គេ​មានការ​ងឿងឆ្ងល់​ណាស់​ថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​គ្រប់មុខ​សញ្ញា​រាប់​ទាំង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ផង​បណ្ដាក់​គ្នា​នៅ​តាម​ដងផ្លូវ ហេតុ​អ្វី​នៅ​តែ​ទប់ស្កាត់​រថយន្ដ​ដឹកឈើ​មិន​បាន ? គឺ​រថយន្ត​ទាំងនោះ​នៅ​តែ​អាច​ចរាចរណ៍​ដឹក​ជញ្ជូន​បាន​ទាំង​យប់​ទាំង​ថ្ងៃ តើ​រថយន្ដ​ចេញ​បាន​ដោយសារ​អ្វី ? ហើយ​រថយន្ដ​ខ្លះ​ជាប់អន្ទាក់​សមត្ថកិច្ច​ដោយសារ​អ្វី ?