ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​គេង​មិន​គ្រប់អាច​ប្រឈម​នឹងជំងឺ

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា កុមារ​ដែល​គេង​មិន​គ្រប់គ្រាន់​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា កុមារ​ដែល​គេង​មិន​គ្រប់គ្រាន់​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ជាង​កុមារ​ដែល​ជា​ធម្មតា​គេង​បាន​គ្រប់គ្រាន់ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​ថា រយៈពេល​នៃ​ការ​គេង​របស់​កុមារ​នៅ​ពេល​យប់​មានការ​ទាក់ទង​ជាមួយនឹង​ការ​ថយ​ចុះ​ទម្ងន់​រាង​កាយ ម៉ាស់​សាច់ដុំ​កើនឡើង និង​ថយ​ចុះ​ការ​ប្រមូលផ្តុំ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ។

ភាពធាត់ និង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ខ្ពស់​គឺជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ដែល​វា​កើតឡើង​នៅ​ពេល​ដែល​រាង​កាយ​មិន​អាច​ប្រើ ឬ​ផលិត​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​មិន​គ្រប់គ្រាន់​ដើម្បី​បំ​លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​។ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​លោក Christopher Owen នៃ​សាកលវិទ្យាល័យ St. George’s University នៃ​ទីក្រុង​ឡុ​ង​ដ៍​បាន​និយាយ​ថា​ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា​ការ​បង្កើន​រយៈពេល​នៃ​ការ​គេង​អាច​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ធ្លាប់​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​ដែល​មិន​ពឹងផ្អែក​លើ​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន ព្រោះ​វា​កម្រ​កើត​មាន​ចំពោះ​កុមារ ។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​វា​ជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ចំពោះ​កុមារ ដោយសារ​កុមារ​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​មាន​បញ្ហា​លើស​ទម្ងន់ ឬ​ធាត់ មិន​ហាត់ប្រាណ​គ្រប់គ្រាន់ ហើយ​បរិភោគ​អាហារ​សម្បូរ​​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ច្រើន​ពេក ។ ចំពោះ​ការ​សិក្សា​នា​ពេល ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ទិន្នន័យ​ស្ទង់​មតិ​លើ​ទម្លាប់​នៃ​ការ​គេង និង​លទ្ធផល​មន្ទីរ​ពិសោធន៍​​ពី​ការ​ធ្វើតេស្ត​នៃ​កត្តា​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​កុមារ​ជនជាតិ​អង់គ្លេស​ចំនួន​៤.៥២៥​នាក់​មាន​អាយុ​៩ ឬ​១០​ឆ្នាំ ។

ជា​មធ្យម​កុមារ​គេង​បាន​១០,៥​ម៉ោង​នៅ​ពេល​យប់ ទោះបី​រយៈពេល​នៃ​ការ​គេង​មាន​ពី​៨​ទៅ​១២​ម៉ោង​ក៏​ដោយ ។ កុមារ​ដែល​គេង​បាន​តិច​ជាង​ក្នុង​ការ​ស្រាវជ្រាវ​មាន​កត្តា​ហានិ​ភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​មាន​ភាពស៊ាំ​ទៅ​នឹង​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន នៅ​ពេល​ដែល​រាង​កាយ​មិន​ឆ្លើយ​តប​ទៅ​នឹង​អ៊័​រ​ម៉ូ​ន​នេះ ។

មិន​តែ​ប៉ុ​ណ្នោះ​ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា​កុមារ​ដែល​គេង​បាន​តិច​មាន​បញ្ហា​លើស​ទម្ងន់ ឬ​ធាត់ និង​មាន​ខ្លាញ់​ក្នុង​រាង​កាយ​ច្រើន​ផង​ដែរ​។ ក្មេង​ៗ​ដែល​មាន​អាយុ​ពី​៦​ទៅ​​១២​ឆ្នាំ​គួរតែ​គេង​ចន្លោះ​ពី​៩​ទៅ​១២​ម៉ោង​ក្នុង​មួយ​យប់ ។ នេះ​បើ​តាម American Academy of Pediatrics​។ ការ​គេង​មិន​បាន​គ្រប់គ្រាន់​ក៏​មានការ​ទាក់ទង​ជាមួយនឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​រង​របួស សម្ពាធ​ឈាម​ឡើង​ខ្ពស់ បញ្ហា​ធាត់ និង​ជំងឺ​បាក់ទឹកចិត្ត ។

លោក James Gangwisch អ្នក​ស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ​នៅ​ឯ​សាកលវិទ្យាល័យ Columbia ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​និយាយ​ថា​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​កម្រិត​អ៊័​រ​ម៉ូ​ន​ដែល​គ្រប់គ្រង​ចំណង់​អាហារ​ធ្វើ​ឱ្យ​កុមារ​ឃ្លាន​កាន់តែ​ខ្លាំង និង​បង្កើន​ចំណង់​អាហារ​ដែល​មាន​ជាតិ​ផ្អែម និង​ប្រៃ ។ លោក Gangwisch និយាយ​ថា​ការ​គេង​គ្រប់គ្រាន់​ជួយ​គ្រប់គ្រង​ការ​ឃ្លាន​អាហារ​របស់​យើង និង​ការពារ​រាង​កាយ​ពី​បញ្ហា​ស៊ាំ​នឹង​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន ៕