ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងលះគ្នាហើយ… តែមកខ្ចីនេះខ្ចីនោះ លុះអត់ឱ្យខឹង

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្ដី​រូប​នោះ​បាន​ទៅ​កាន់​ផ្ទះ​ប្រពន្ធ​សុំ​ទូរទស្សន៍​១​គ្រឿង​យក​ទៅ​មើល​នៅផ្ទះ​របស់​ខ្លួន

រាជធានីភ្នំពេញ ៖ ​បុរស​​ម្នាក់​​បាន​​លែងលះ​គ្នា​​ជាមួយ​ប្រពន្ធ​ រហូត​​ដល់ឡើង​តុលាការ​​រយៈពេល​ជិត​១​ឆ្នាំ​​​មក​ហើយ ប៉ុន្តែ​តុលា​​ការ​​នៅ​មិន​ទាន់​បាន​ចេញ​សាលក្រម​​ឱ្យ​លែងលះ​ជា​ស្ថាពរ​នៅឡើយ​​ទេ ។ ហើយ​​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​សម្រេចចិត្ត​រស់នៅ​បែក​គ្នា​​​ដែរ ​គឺ​ប្ដី​នៅផ្ទះ​ផ្សេង ​និង​ប្រពន្ធ​នៅផ្ទះ​ផ្សេង​ ។ ស្រាប់តែ​​​បុរស​ជា​អតីតប្តី​នោះ​ នៅ​តែ​តាម​រករឿង​ប្រពន្ធ​មិន​ឈប់មិនឈរ​ ហើយ​​នៅ​​ចុង​ក្រោយ​នេះ​ គាត់​បាន​ប្រើ​​ហិ​ង្សា​វាយ​ប្រពន្ធ​និង​កូនប្រុស ​បណ្ដាល​​ឱ្យ​​រង​របួស​ថែម​ទៀត ដែល​ជា​​ហេតុ​ធ្វើ​ឱ្យ​​​អត់​ទ្រាំង​លែង​បាន ក៏​​មក​ដាក់​ពាក្យបណ្ដឹង​​ឱ្យ​​នគរបាល​ចាប់ខ្លួន​​តែ​ម្ដង ​។

ហេតុ​ការណ៍​ខាងលើ​​កើតឡើង កាលពី​វេលា​ម៉ោង០​៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​សីហា ​ស្ថិត​នៅ​ចំណុច​ក្នុង​ភូមិ​ត្រពាំងទន្លាប់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​ បុរស​ដែល​ប្រើ​ហិ​ង្សា​លើ​ប្រពន្ធ​និង​កូន​មាន​ឈ្មោះ​អ៊ុ​ន ជួន អាយុ​៤៣​ឆ្នាំ ​ជា​កសិករ ស្នាក់​​នៅ​ក្នុងភូមិ​កើតហេតុ​ ។ ដោយឡែក​​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ភិន ធឿ​ន អាយុ​៣៩​ឆ្នាំ ​ជាអ្នក​​ចិញ្ចឹម​មាន់ បាន​រង​របួស​រលាត់​​​កែងដៃ​​ទាំង​សងខាង និង​ជាំ​ជើង​ខាង​ធ្វេ​ង​ ​ព្រមទាំង​ហើម​មុខ​ខាង​ធ្វេ​ង​ និង​កូនប្រុស​ឈ្មោះ​ជួន បញ្ញា អាយុ​១៨​ឆ្នាំ ​ជា​សិស្ស​រង​​របួស​​ហើម​កញ្ចឹង.ក ​​ទាំង​ពីរ​នាក់​ម្ដាយ​​និង​កូន​ ក៏​ស្នាក់​នៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ​នោះ​ដែរ​ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ​នេះ​ រស់នៅ​ដោយ​មិន​មានការ​ចុះសម្រុង​នឹង​គ្នា​នោះ​ឡើយ ហើយ​បាន​ប្ដឹង​លែងលះ​គ្នា​ដល់ តុលាការខេត្ត​កណ្ដាល​​ថែម​ទៀត​ផង ហើយ​ក្រោយ​ពេល​លែងលះ​គ្នា​រួច រវាង​ប្ដី​និង​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ ​បាន​រស់នៅ​ផ្ទះ​ផ្សេង​ពី​គ្នា និង​ការ​ហូប​ចុក​ដោយឡែក​ពី​គ្នា​ ។ ​ប៉ុន្តែ​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ ​សាលា​ដំបូង​ខេត្តកណ្ដាល ​មិន​ទាន់​ចេញ​សាលក្រម​ឲ្យ លែង​លះ​គ្នា ​ជា​ស្ថាពរ​នៅឡើយ​ទេ ហើយ​បុរស​ជា​ប្ដីតែ​​ង​តែ​តាម​រករឿង​ប្រពន្ធ​ជា​បន្តបន្ទាប់ ​។

ប្រភព​​ដដែល​​​ថា ដោយឡែក ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ បុរស​ជា​ប្ដី​រូប​នោះ​បាន​ទៅ​កាន់​ផ្ទះ​ប្រពន្ធ​សុំ​ទូរទស្សន៍​១​គ្រឿង​យក​ទៅ​មើល​នៅផ្ទះ​របស់​ខ្លួន ប៉ុន្តែ​នៅ​ក្នុង​ពេល​នោះ​ ប្រពន្ធ​​មិន​ព្រម​ឱ្យ​​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​​នោះ​​ផ្ទុះ​កំហឹង​ទាញ​ដុំ​ថ្ម​ និង​ចបជីក​គប់​និង​វាយ​ទៅ​លើ​ប្រពន្ធ​និង​កូនប្រុស​ ​បណ្ដាល​ឲ្យ​រង​របួស​ព្រមទាំង​វាយ​ទៅ​លើ​ជញ្ជាំង​ផ្ទះ ដែល​បិទ​បាំង​ដោយ​ស័ង្កសី បណ្ដាល​ឲ្យ​ធ្លុះ​ធ្លាយ​៥​កន្លែង និង​វាយ​បំផ្លាញ​អំ​ភ្លី​ខូចខាត​អស់​១​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ជួយ​ឃាត់ ទើប​ស្ងប់ស្ងាត់​ ។​​