ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប៉ះទង្គិច​ខ្លាំង​មួយ​ប្រាវ រវាង​សន្តិសុខ​ និងស្ត្រី​លក់បបរ​មុខពេទ្យរុស្ស៊ី…

6 ឆ្នាំ មុន

​ បន្ទាប់​ពី​មានការ​បង្ហោះ​ហ្វេ​ស​ប៊ុ​កដោយ​ចោទ​ថា​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ​រវាង​ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌចំការមន ជាមួយនឹង​ស្ត្រី​រែក​បបរ​លក់​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​មន្ទីរពេទ្យ​រុ​ស្ស៊ី​) បណ្តាល​ឱ្យ​កំពប់​បបរ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ​សីហា បាន​ក្លាយទៅជា​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន បន្ទាប់​ពី​មានការ​បង្ហោះ​ហ្វេ​ស​ប៊ុ​កដោយ​ចោទ​ថា​ ចំណាត់ការ​របស់​អាជ្ញាធរ​បែប​នេះ​គឺ​ជ្រុល​ពេក​ហើយ និង​ពិតជា​អាក្រក់​មើល​ខ្លាំង​ណាស់ ដែល​សន្តិសុខ​ម្នាក់​ហ៊ាន​ទាត់​ឆ្នាំង​បបរ​ឱ្យ​កំពប់​ខ្ចាយ បង្ក​ឱ្យ​មានការ​ស្រែកយំ​ពី​ស្ត្រី​អ្នក​រែក​លក់។

ការ​ប្រឹងប្រែង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​មុខមន្ទីរពេទ្យ​នេះ ពិតជា​ទទួល​បានការ​គាំទ្រ​សម្រាប់អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​ខាងលើ ដោយសារ​តែ​មានការ​ធុញទ្រាន់​ចំពោះ​ការ​លក់ដូរ​ផ្សេង​ៗ​នៅ​មុខ​មន្ទីរពេទ្យ​នេះ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​កកស្ទះ​ចរាចរណ៍ ។ ប៉ុន្តែ​អ្វី​ដែល​ទឹកភ្នែក​ធ្លាក់​មក​លើ​ស្ត្រី​រែក​បបរ​លក់​តូចតាច​ម្នាក់ ពិតជា​មិន​គប្បី​ធ្វើ​ព្រៃផ្សៃ​បែប​នេះ​ឡើយ ក្នុង​ការ​ព្យា​យាម​លុប​បំបាត់​ការ​លក់ដូរ​នៅ​មុខ​មន្ទីរពេទ្យ​នេះ ។

នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា លោក ព្រុំ សំខាន់ អភិបាល​ខ​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ជា​បន្ត​និង​ប្រកាស​ថា អាជ្ញាធរ​ខណ្ឌ​ហាម​មិន​ឱ្យ​មានការ​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​បរិវេណ​ខាង​មុខ​មន្ទីរពេទ្យ​តទៅ​ទៀត​ទេ ។
លោក ព្រុំ សំខាន់ ថ្លែង​ថា ក្នុង​នាមរូប​លោក​ជា​អភិបាល​ខណ្ឌ សូម​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​កម្លាំង​សណ្តាប់ធ្នាប់​របស់​លោក​ដែល​មានការ​ជ្រុលជ្រួស​ប៉ះទង្គិច​ជាមួយនឹង​ស្ត្រី​អ្នកលក់​បបរ​ម្នាក់ បណ្តាល​ឱ្យ​កំពប់​ឆ្នាំង​បបរ​របស់​គាត់ ក្នុង​ពេល​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ។

ក្រោយ​ពី​កើតហេតុ​នោះ​ភ្លាម លោក​ក៏​បាន​ធ្វើការ​ប៉ះប៉ូវ​សតិអារម្មណ៍​ជាមួយនឹង​ស្ត្រី​អ្នកលក់​បបរ​រូប​នេះ ដោយ​បាន​សង​ជា​សំណង​ថ្លៃ​ខូចខាត​ចំនួន​៤០​ម៉ឺន​រៀល​ផង​ដែរ ។ ចំណែកឯ​កម្លាំងសន្តិសុខ​វិញ លោក​ក៏​បាន​ហៅ​យក​ទៅ​ធ្វើការ ណែនាំ​ដែរ តែ​មិន​បាន​បញ្ឈប់​​ពី​ការងារ​ឡើយ ។

លោក​អភិបាល​ខណ្ឌ​ថ្លែង​ទៀត​ថា ក្រោយ​ពេល​កើត​មានការ​ប៉ះទង្គិច​កាលពី​ថ្ងៃ​ទី​២១ ខែសីហា​រួច​មក ក្នុងថ្ងៃនេះ​ដែរ​រូប​លោក​ក៏​បាន​បន្ត​ដឹកនាំ​កងកម្លាំង​ចុះ​មក​រៀបចំ​សណ្តាប់ធ្នាប់​ជា​បន្ត​ទៀត ដោយ​កន្លែង​នេះ​មិន​អាច​ឲ្យ​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​កន្លែង​លក់ដូរ​ជា​បន្ត​ទៀត​បាន​ទេ ។យើង​ត្រូវ​រក​កន្លែង​ផ្សេង​ឱ្យ​ពួក​គាត់​លក់ដូរ ហើយ​កន្លង​មក រូប​លោក​ក៏​ធ្លាប់​បាន​ពិភាក្សា​ជាមួយនឹង​នាយករង​របស់​មន្ទីរពេទ្យ ដើម្បី​សុំ​រក​កន្លែង​ណាមួយ​ឱ្យ​ពួក​គាត់​បាន​លក់ដូរ​ផង​ដែរ​។

ដោយ​ឆ្លងកាត់​តាម​ការ​ណែរ​នាំ​របស់​លោក អភិបាល​រាជធានី​ភ្នំពេញ​នោះ កម្លាំង​របស់​លោកតែងតែ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ខណ្ឌ ។ ណាមួយ​ទី​នេះ​គឺជា​មន្ទីរពេទ្យ​គេ​ត្រូវការ​ស្អាត ណាមួយ​ទៀត​ការ​លក់ដូរ​របស់​ពួក​គាត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​យ៉ាង​ខ្លាំង ជា​ពិសេស​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ដល់​អ្នកដំណើរ​តាម​ផ្លូវ​ស្ទើរតែ​រាល់ថ្ងៃ ។ ដូចនេះ​ហើយ សុំ​បងប្អូន​អាជីវករ​មេត្តា​យោគយល់​ទៅ​ដល់​ចំណុច​នេះ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

ស្ត្រី​ម្នាក់​ឈ្មោះហៃ សា​រឿ​ន អាយុ​៤៣​ឆ្នាំនិយាយ​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​កូនប្រុសស្រី​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទុក រស់នៅ​ក្នុង​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង ដោយ​ប្រកប​របរ​លក់​នំ​បុ័ង​ដាក់​សាច់​បន្តិចបន្តួច​នៅ​ខាង​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ីដើម្បី​បាន​ប្រាប់​យក​ទៅ​ចិ​ញ្ចឹ​កកូន និង​បង់ថ្លៃ​ផ្ទះ​ជួល​ផង ។ ក្នុង​នាមរូប​គាត់​ម្នាក់​ដែល​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ប្រាក់​ទៅ​រក​ជួល​តាម​មុខ​ផ្ទះ​គេ​ដើម្បី​លក់ដូរ​នោះ រូប​គាត់​ក៏​សុំ​ការ​អនុញ្ញាត​បាន​លក់ដូរ​នៅ​ទីតាំង​ខាងលើ​ផង ដោយ​សន្យា​ថា នឹង​ធ្វើការ​សម្អាត​ឲ្យ​បាន​ស្អាត ក្រោយ​ពេល
ឈប់​លក់​ជា​ប្រចាំ​រាល់ថ្ងៃ បើ​មិន​ដូច្នោះ​ទេ​គ្រួសារ​គាត់​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​មិន​ខាន ។

គួរ​បញ្ជាក់​ថា កន្លង​មកនេះ​នៅ​ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​នាំ​គ្នា​ទៅ​លក់ដូរ​ដូច​ជា តាម​រទេះ កូន​គ្រែ ដឹក​តាម​កង់ និង​រែក​ក៏​មាន  ។ ទន្ទឹម​នឹង​នេះ ក៏​តែងតែ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​រាប់​ម៉ោង​ផង​ដែរ ។
បើ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ចំណុច​នេះ​បាន​ទទួល​ជោគជ័យ គឺ​ពិតជា​ស្នាដៃ​របស់​អាជ្ញាធរ ហើយ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​ពិតជា​សាទរ​រាល់​វិធានការ​ធ្វើ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​នេះ ។

ប៉ុន្តែ​បញ្ហា​ចោទ​នៅ​ត្រង់​ថា តើ​អ្នកលក់​ដូរ​ដែល​ជា​ជន​ក្រីក្រ​អាច​មាន​វិធី​បែប​ណា​ជួយ​ពួក​គាត់​បាន ? ចំណែក​អ្នកជំងឺ​ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក៏​មាន​តម្រូវការ​ទិញ​ម្ហូបអាហារ​និង​ផ្លែ​ឈើ​ដែរ ។ សង្ឃឹមថា អាជ្ញាធរ​នឹង​រៀបរយ​បញ្ហា​ស្មុគស្មាញ​នេះ ឱ្យ​ទទួលយក​បាន​ទាំងអស់​គ្នា​ជា​មិន​ខាន ៕