ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​អាច​វិនិច្ឆ័យ​ជំងឺ តាម​រយៈ​ឧបករណ៍​អេ​ឡិច​ត្រូ​និក

6 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​ឧបករណ៍​អាច​ភ្ជាប់​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដើម្បី​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​ឧបករណ៍​អាច​ភ្ជាប់​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដើម្បី​ធ្វើតេស្ត​រករោគវិនិច្ឆ័យ​វេជ្ជសាស្ដ្រ  ។ កម្រិត​នៃ​ការ​ធ្វើតេស្ត​របស់​ឧបករណ៍​នេះ គឺ​ដូច​គ្នា​នឹង​ការ​ធ្វើតេស្ត​របស់​មន្ទីរពិសោធន៍ ។

ឧបករណ៍​វិភាគ​អេ​ឡិច​ត្រូ​និក Transmission-reflectance-intensity (TRI) មាន​តម្លៃ​៥៥០​ដុល្លារ​អា​មេ​រិ​ក ។ វា​អាច​ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដើម្បី​វិភាគ​គំរូ​ឈាម ទឹកនោម ឬ​ទឹកមាត់​របស់​អ្នកជំងឺ ហើយ​វា​អាច​ជឿជាក់​បាន​ដូចនឹង​ឧបករណ៍​នៅ​គ្លីនិក ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ ។

លោក Brian Cunningham សាស្ត្រា​- ចា​រ្យ​នៅ​សាកលវិទ្យាល័យ Illinois នៅ Urbana-Champaign សហរដ្ឋអាមេរិក និយាយ​ថា ៖« ឧបករណ៍​វិភាគ TRI របស់​យើង គឺ​ដូច​ជា​កាំបិត​មួយ​ដែល​មានមុខ​ងារ​ច្រើន​ទាក់ទង​នឹង​ការ​វិភាគ​ជីវសាស្ត្រ ។ វា​មាន​សមត្ថភាព​ធ្វើតេស្ត​ប្រភេទ​សាមញ្ញ​បំផុត​ចំនួន​៣ » ។

តើ​វា​ជួយ​យើង​របៀប​ណា ?
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​ឧបករណ៍​វិភាគ TRI ដើម្បី​វិភាគ​គំរូ​២ ដោយ​ធ្វើតេស្ត​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ទាក់ទង​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​ធ្វើតេស្ត Phenylketonuria (PKU) សម្រាប់​ទារក​ទើបនឹង​កើត ។ គេ​បាន​វិភា​គជា​ប្រយោល​រក​មើល​អង់​ហ្ស៊ី​ម​មាន​សារសំខាន់​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ធម្មតា​របស់​ទារក ។

លទ្ធផល​នៃ​ការ​ធ្វើតេស្ត​របស់​ពួក​គេ គឺ​អាច​ប្រៀបធៀប​នឹង​លទ្ធផល​ដែល​ទទួល​បាន​ពី​ឧបករណ៍​ធ្វើតេស្ត​កម្រិត​គ្លីនិក ។ លោក Kenny Long អ្នកដឹកនាំ​ការ​ស្រាវជ្រាវ ដែល​ត្រូវ​បាន​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ Lab on a chip និយាយ​ថា ៖« ឧបករណ៍​វិភាគ TRI គឺ​ដូច​គ្នា​នឹង​មន្ទីរពិសោធន៍​ចល័ត​មួយ ជាង​ឧបករណ៍​ឯកទេស » ។

ក្នុង​ចំណោម​ការ​ធ្វើតេស្ត​រោគវិនិច្ឆ័យ​ជា​ច្រើន ដែល​អាច​ប្រើ​ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន គឺ​ការ​ធ្វើតេស្ត ELISA អាច​រក​ឃើញ និង​វាស់វែង​នូវ​ប្រូ​តេ​អីុ​ន និង​អង្គ​បដិបក្ខ​ជា​ច្រើន​នៅ​ក្នុង​ឈាម ហើយ​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​សម្រាប់​ធ្វើតេស្ត​សុខភាព​ជា​ច្រើន ។

ឧបករណ៍​វិភាគ TRI ដំណើរការ​ដោយ​ប្រើប្រាស់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន គឺ​មាន​តួនាទី​ដូចនឹង​ឧបករណ៍ Spectrometer មានដំណើរ​ការ​ខ្លាំង​។ វា​អាច​វាស់​ស្ទង់​គំរូ​ជា​ច្រើន​ក្នុង​ពេល​ដំណាលគ្នា​ផង​ដែរ ។

សមត្ថភាព​អាច​វិភាគ​គំរូ​ជា​ច្រើន​យ៉ាង​ឆាប់រហ័ស និង​ជឿ​ទុកចិត្ត​បាន ធ្វើ​ឱ្យ​ឧបករណ៍​វិភាគ​នេះ​សម​ស្រប​ជាមួយ​អ្នកជំងឺ​ដែល​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ទៅ​ធ្វើតេស្ត​នៅ​តាម​គ្លីនិក  មន្ទីរពេទ្យ ឬ​សម្រាប់​អ្នកជំងឺ​ត្រូវការ​លទ្ធផល​ធ្វើតេស្ត​ភ្លាម​ៗ ៕