អា​គុយ​រថយន្ដ​ជិត​ខូច វា​មាន​សញ្ញា​បែប​ណា និង​ថែទាំ​ដូច​ម្ដេច ?


រាជធានី​ភ្នំពេញ ៖ ម្ចាស់​រថយន្ដ​ភាគច្រើន ពិសេស​សុភាព​នារី​ពិតជា​មិនសូវ​ចាប់អារម្មណ៍​បើក​គម្រប​ក្បាល​រថយន្ដ​ដើម្បី​ត្រួតពិនិត្យ​បញ្ហា​នានា មុន​នឹង​ចេញដំណើរ​ឡើយ ។ ការ​ធ្វេសប្រហែស​បែប​នេះ អ្នក​អាច​នឹង​ជួប​រឿង​ស៊យ​នៅ​ថ្ងៃ​ណាមួយ ពិសេស​ពេល​កំពុង​ត្រូវការ​ប្រញាប់ បែរជា​បញ្ឆេះ​រថយន្ដ​មិន​ឆេះ ពេល​នោះ​អ្នកមាន​អារម្មណ៍​បែប​ណា?

នៅ​ថ្ងៃនេះ ទំព័រ​ផ្នែក​រថយន្ដ និង​បច្ចេកវិទ្យា នៃ​សារព័ត៌មាន​កោះសន្ដិភាព សូម​លើកយក​ចំណេះដឹង​ខ្លះ​ៗ​ពាក់ព័ន្ធ​នឹង​អា​គុយ​មក​ចែករំលែក ដើម្បី​ឲ្យ​ម្ចាស់​យានយន្ដ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន និង​តាមដាន​អា​គុយ​រថយន្ដ​របស់​លោក​អ្នក ។

អ្នកជំនាញ​ផ្នែក​យានយន្ត​បានឱ្យ​ដឹង​ថា តាម​ពិត អា​គុយ​រថយន្ដ គឺ​អាច​ដឹង​ពី​គុណភាព និង​សញ្ញា​នៅ​ពេល​វា​ជិត​ខូច​បាន​យ៉ាង​ស្រួល តែ​ម្ចាស់​រថយន្ដ​ភាគច្រើន​បែរជា​មិនសូវ​ចាប់អារម្មណ៍ ។

អ្នកជំនាញ​ផ្នែក​យានយន្ត​នៃ​សាលា​ដុន​បូ​ស្កូ បានឱ្យ​ដឹង​ថា អា​គុយ​មាន​២​ប្រភេទ គឺ​អា​គុយ​ស្ងួត និង​អា​គុយ​ទឹក ដែល​ម្ចាស់​រថយន្ដ​អាច​សង្កេត​ដឹង​បាន​ថា វា​ខូច ឬ​ជិត​ខូច​ដោយ​ខ្លួនឯង ។

លោក​ពន្យល់​ថា អា​គុយ​ស្ងួត វា​នឹង​ចេញ​សញ្ញា​ក្បាល​អា​គុយ​លើ​តា​ប្លូ​រថយន្ត​តែ​ម្តង ហើយ​កាលណា​ចេញ​សញ្ញា​នេះ វា​បង្ហាញ​ថា អាច​អា​គុយ​មិន​កាន់​ភ្លើង​, ឌី​ណា​ម៉ូ​រថយន្ត​មិន​សាក ឬ​បញ្ហា​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​អា​គុយ ដែល​យើង​អាច​ពិនិត្យ​មើល​ភ្នែក​វា​ដោយ​ផ្ទាល់ ។ លោក​ថា ៖« បើ​ភ្នែក​អា​គុយ​នោះ​មាន​ពណ៌​ខៀវ មាន​ន័យ​ថា វា​នៅ​មានគុណ​ភាពល្អ បើ​ឃើញ​ពណ៌​ស គឺ​អា​គុយ​នោះ​ត្រូវការ​បំពេញ​ថាមពល​ឡើង​វិញ​ជា​បន្ទាន់ ប៉ុន្ដែ​បើ​ភ្នែក​វា​ឡើង​ពណ៌​ក្រហម​នោះ គឺ​វា​អស់​រយៈពេល​នៃ​ការ​ប្រើប្រាស់​ហើយ » ។

លោក​បន្ត​ថា ៖« ចំពោះ​អា​គុយ​ទឹក​វិញ ពេល​ណា​វា​អស់​គុណភាព​ឬ​ខូច យើង​អាច​មើលឃើញ​ដោយ​ធុងអាគុយ​រាង​ប៉ោង មាន​ស្នឹម​លើ​ក្បាល​អា​គុយ​ច្រើន ហើយ​កម្រិត​ទឹក​អាស៊ីត​ធ្លាក់​ចុះ ឬ​ក៏​រីង​តែ​ម្ដង ។ លើស​ពី​នេះ នៅ​ពេល​យើង​ដេរ​បញ្ឆេះ វា​មិន​ងាយ​នឹង​ឆេះ នេះ​បញ្ជាក់​ថា វា​ជិត​ខូច​ហើយ » ។ លោក​បន្ថែម​ថា ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ទៅ​លើ​គុណភាព និង​អាយុកាល​នៃ​ការ​ប្រើប្រាស់​សម្រាប់​រថយន្ត យើង​អាច​ទិញ​ឧបករណ៍​ធ្វើតេស្ដ​មក​ពិនិត្យ​បន្ថែម​ក៏​បាន ។

ចំពោះ​វិធី​ងាយ​ៗ​ដើម្បី​ថែរក្សា អ្នកជំនាញ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ៖« យើង​ត្រូវ​ជ្រើសរើស​ប្រភេទ​អា​គុយ​ឱ្យ​ត្រូវ​នឹង​កម្លាំង​ម៉ាស៊ីនរថយន្ដ​ដែល​ក្រុមហ៊ុន​កំណត់​, មិន​គួរ​យក​អា​គុយ​ដែល​មាន​តង់ស្យុង​ខុស​គ្នា​ទៅ​កូវ​នោះ​ទេ​, ពេល​ដេរ​បញ្ឆេះ​ម្តង​ជា​២​ដង​មិន​ឆេះ កុំ​ព្យាយាម​ដេរ​ទៀត ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អា​គុយ​ឆាប់​ខូច​, ក្នុង​១​ស​ប្តា​ហ៍ បើ​អ្នក​មិន​ចេញ​ដំណើរ ត្រូវ​បញ្ឆេះ​រថយន្ត​ពី​៣​ទៅ​៥​នាទី​ដើម្បី​បំពេញ​ថាមពល​វិញ​, ត្រូវ​ដុស​សម្អាត​ក្រចាប់​អា​គុយ​ឱ្យ​បាន​ស្អាត កុំឱ្យ​វា​ស្នឹម ឬ​ច្រែះ​នៅ​លើ​ក្បាល​អា​គុយ » ។

អ្នកស្រី ហេង ស្រៀ​ង ម្ចាស់​ហាង​លក់​អា​គុយ​មួយ​កន្លែង​បានឱ្យ​ដឹង​ថា អា​គុយ​រថយន្ដ​មាន​ច្រើន​ម៉ាក និង​ច្រើន​ប្រភេទ ។ ម្ចាស់​រថយន្ដ​គួរ​ដឹង​ថា អា​គុយ​ណា​វា​ត្រូវ​នឹង​ម៉ាស៊ីន​រថយន្ដ​របស់​ខ្លួន ។ អ្នកស្រី​ថា ៖« បើ​រថយន្ដ​ទំនើប​ៗ មិនសូវ​ជា​ចាំបាច់​ថែទាំ​អ្វី​ទេ ឱ្យ​តែ​យើង​ទិញ​អា​គុយ​ម៉ាក​ល្អ និង​មានការ​ធានា​ត្រឹមត្រូវ ជា​ការ​ស្រេច ហើយ​ពេល​ប្រើប្រាស់​បាន​១ ឬ​២​ឆ្នាំ ប្រសិនបើ​វា​ចេញ​សញ្ញា​នៅ​លើ​តា​ប្លូ ម្ចាស់​រថយន្ត ត្រូវ​យក​មក​តេស្ដ​ដើម្បី​ដឹង​ច្បាស់​ពី​គុណភាព​វា ។ ចំណែក​ហាង​អ្នកស្រី​វិញ រាល់​លោក​អ្នក​ដែល​ទិញ​អា​គុយ គឺ​មានការ​ធានា​រយៈពេល​៣​ខែ ហើយ​បើ​ខូច​ក្នុងអំឡុងពេល​នោះ ក្រុមហ៊ុន​នឹង​ប្តូរ​ថ្មី​ជូន​វិញ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

រថយន្ត

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ