ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ការ​ប្រើប្រាស់ និង​ថែទាំ​ចង្កូតរថយន្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចង្កូត​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​បញ្ជា​រថយន្ដ​ឲ្យ​ស្រប​តាម​ទិស​ដៅ​ដែល​ត្រូវ​ឆ្ពោះទៅ ។ បើសិនជា​

រាជធានី​ភ្នំពេញ ៖ ចង្កូត​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​បញ្ជា​រថយន្ដ​ឲ្យ​ស្រប​តាម​ទិស​ដៅ​ដែល​ត្រូវ​ឆ្ពោះទៅ ។ បើសិនជា​ចង្កូត​មាន​បញ្ហា​ណាមួយ ដូច​ជា​តឹង​ពិបាក​បត់បែន​នោះ នឹង​ធ្វើ​ឱ្យ​អ្នកបើកបរ​មាន​អារម្មណ៍​ថា ពិបាក​គ្រប់គ្រង​ល្បឿន ឬ​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ផង​ដែរ​។ ដូចនេះ តើ​អ្នកបើកបរ​គួរ​ប្រើប្រាស់​ចង្កូតរថយន្ត​យ៉ាងណា​ទើប​អាច​រក្សា​បាន​យូរ និង​មិន​ធ្វើ​ឱ្យ​មាន​បញ្ហា  ?

លោក ហ៊ឺ​ន ចំណាប់ អ្នកគ្រប់គ្រង​រោង​ជាង​ផ្នែក​ជួសជុល​រថយន្ត Jaguar, Land Rover នៃ​ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា បានឱ្យ​ដឹង​ថា គ្រប់​រថយន្ត​ទាំង​ថ្មី​ទាំង​ចាស់ ចង្កូត​វា​សំខាន់​ណាស់ ។ រថយន្ត​ស៊េរី​ចាស់ គេ​ប្រើ​ប្រព័ន្ធ​ប្រេង ឬ​បូម ប៉ុន្តែ​សម្រាប់​រថយន្ត​ស៊េរី​ថ្មី​ដូច​ជា Land Rover ជាដើម​នោះ គឺ​ឈប់​ប្រើ​ប្រេង​ហើយ គេ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ដែល​អ្វី​ៗ​គ្រប់យ៉ាង​ត្រូវ​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ។ លោក​ថា ៖« ចង្កូតរថយន្ត​ទូទៅ បើសិនជា​វា​រាង​តឹង​នៅ​ពេល​យើង​ត្រូវការ​បត់បែន វា​បង្ហាញ​ថា ចង្កូតរថយន្ត​នោះ​មាន​បញ្ហា​ហើយ ។ ដូចនេះ ម្ចាស់​រថយន្ត​គួរតែ​ទៅ​ជួប​ជាមួយ​ជាង​ដើម្បី​ជួសជុល តែ​សម្រាប់​រថយន្ត Range Rover វិញ វា​នឹង​បង្ហាញ​ដោយ​ការ​ធ្លាក់ ឬ​ចង្កូត​នោះ​រេ​ចេញពី​កន្លែង​ដើម​ធម្មតា ។ អីចឹង ត្រូវការ​មក​ពិនិត្យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ។ សម្រាប់​រថយន្ត​ស៊េរី​ចាស់​ៗ វា​អាច​បណ្ដាល​មក​ពី​ខ្វះ​ប្រេង ឬ​ស្ងួត​ប្រេង ។ អីចឹង ត្រូវ​យក​ទៅ​កន្លែង​ជួស​ជុល​ដើម្បី​បន្ថែម​ប្រេង ឬ​ពិនិត្យ​មើល​ប្រព័ន្ធ​ផ្សេង​ៗ​ទាក់ទង​នឹង​ប្រព័ន្ធ​ចង្កូត » ។

លោក​បន្ត​ថា ចំពោះ​រថយន្ត​ស៊េរី​ទំនើប​ៗ​វា​នឹង​បង្ហាញ​សញ្ញា​នៅ​លើ​តា​ប្លូ​ថា ចង្កូតរថយន្ត​នោះ​កំពុង​មាន​បញ្ហា គឺ​ទាមទារ​ឱ្យ​ត្រួតពិនិត្យ និង​ជួសជុល​ឡើង​វិញ ។ បើសិនជា​សញ្ញា​នេះ​បាន​លោត​បង្ហាញ​ហើយ ម្ចាស់​រថយន្ត​នៅ​តែ​បន្ត​ប្រើប្រាស់ ឬ​បើកបរ​ទៀត នឹង​អាច​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ឬ​អាច​ថា​ចង្កូត​នោះ​តឹង​ខ្លាំង ដែល​មិន​អាច​បត់បែន​ខ្លាំង​ៗ​បាន ។

លោក ចំណាប់ បាន​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ចង្កូត​សម្រាប់​រថយន្ត​ស៊េរី​ចាស់​ៗ​ថា អ្នកបើកបរ​មិន​គួរ​ប្រើ​ចង្កូត​បត់​ទាល់តែ​អស់​ទេ ពីព្រោះ​រថយន្ត​ស៊េរី​ចាស់ គេ​ប្រើ​ប្រេង​នៅឡើយ​។ ដូចនេះ បើសិនជា​មូល​អស់​ពេក​ទៅ វា​នឹង​ធ្វើ​ឱ្យ​ប្រេង​ធ្លាក់​មិន​ទាន់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ចង្កូត​នោះ​ឆាប់​មាន​បញ្ហា ឬ​ក៏​ខូច ។ ប៉ុន្តែ​សម្រាប់​រថយន្ត​ស៊េរី​ថ្មី​ៗ​វិញ ដែល​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ទោះបី​បត់បែន ឬ​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​ពិបាក​យ៉ាងណា​ក៏​ដោយ ក៏​គ្មាន​បញ្ហា​ដែរ ។

លោក​បញ្ជាក់​ថា គ្រប់​រថយន្ត​ទាំងអស់ មិន​ថា​ផលិត​នៅ​ឆ្នាំ​ណា​ទេ គួរតែ​ត្រួតពិនិត្យ​ចង្កូតរថយន្ត​ឲ្យ​ទៀងទាត់ ។ ចំពោះ​រថយន្ត​ប្រើ​ប្រេង គួរតែ​ទៅ​ពិនិត្យ​ម្ដង នៅ​រាល់ពេល​បើកបរ​បាន​ចម្ងាយ​ក្រោម​១០​ម៉ឺន​គីឡូម៉ែត្រ​តិចតួច ប៉ុន្តែ​បើសិនជា​លេច​ហូរ​ប្រេង​ចង្កូត គួរតែ​ទៅ​យានដ្ឋាន​ឱ្យ​ជាង​ពិនិត្យ​មើល ។ ដោយឡែក ចំពោះ​រថយន្ត​ស៊េរី​ទំនើប​ដែល​​មិន​ប្រើ​ប្រេង​ចង្កូត គឺ​ត្រូវ​កំណត់​ចម្ងាយ​ច្បាស់លាស់​មួយ​ដើម្បី​ឱ្យ​ម្ចាស់​យក​រថយន្ត​មក​ត្រួតពិនិត្យ​ចង្កូត​ម្ដង ពីព្រោះ​តែ​ចង្កូត​នេះ​ហើយ ជា​កន្លែង​សំខាន់​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ ៕