ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន និង​កំពុង​រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ ខណៈ​ដែល​ការ​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី ចំនួន​១០០​ទីតាំង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នោះ​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន និង​កំពុង​រើ​បង្គោល​ស្តុ​ប​ចាស់​ចេញ បាន​ចំនួន​៤២​ទីតាំង លើ​ចំនួន​៤៦​ទីតាំង ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​។ មន្ត្រី​ដដែល​បន្ត​ថា ក្នុង​ផែនការ​ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​បង្គោល​ភ្លើងស្តុប​ទាំងនេះ​ទៅ​ដំឡើង​នៅ​ខណ្ឌ​ជាយក្រុង​ចំនួន​៤៣​ទីតាំង​ផង​ដែរ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ឲ្យ​ដឹង​ហើយ​ថា ការ​ដាក់​ឲ្យ​ភ្លើងស្តុប​ជា​បន្តបន្ទាប់​នេះ ដោយសារ​ខាង​មន្ទីរ ត្រូវ​លាប​គំនូស​ថ្មី លុប​គំនូស​ចាស់ រើ និង​រៀប​បេតុង​ទ្រូងផ្លូវ​ថ្មី និង​ទីតាំង​ខ្លះ ត្រូវ​ត​ខ្សែ​ភ្ជាប់​ចរន្ត រួម​នឹង​ការ​រើ​ស្តុ​ប​ចាស់​ផង​ដែរ​។ ទន្ទឹម​ជាមួយ​ការ​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ប្រភេទ​ថ្មី​នេះ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក៏​គ្រោង​ផលិត​ស្ព​ត​ជា​វី​ឌី​អូ ដើម្បី​ពន្យល់​ពី​របៀប​ប្រើប្រាស់ ស្តុ​ប​ថ្មី​នា​ពេល​ខាង​មុខ ដោយសារ​ភ្លើងស្តុប​ថ្មី​នេះ ទំនើប​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ភ្លើងស្តុប​ចាស់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ជប៉ុន តាម​រយៈ​អង្គការ JICA បាន​ជួយ​ជំនួយ​បង្គោល​ភ្លើងស្តុប​ថ្មី ដំបូង​ចំនួន​១០០ ដើម្បី​ដំឡើង​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បង្គោល​ភ្លើងស្តុប​ចាស់​ៗ ដែល​ត្រូវ​បាន​ដក​ចេញពី​កន្លែង​ចាស់​នោះ នឹង​យក​ទៅ​ដំឡើង​នៅ​តំបន់​ក្រៅ​រាជធានី​វិញ មាន​ចំនួន​៤៣​កន្លែង​ផ្សេង​ទៀត​៕