ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​ហ្នឹង? សួនច្បារ​យក្ស​នឹងស្ថិត​នៅ​ទីណា…

6 ឆ្នាំ មុន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស​ឱ្យ

ខេត្តមណ្ឌលគិរី ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​អតីត​អាកាសយានដ្ឋាន​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ទៅ​ជា​សួនច្បារ និង​សួន​កម្សាន្ត ។ វា​ជា​សួនច្បារ​ធំ​ជាងគេ​នៅ​កម្ពុជា ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ក្នុង​វេទិកា​ជាតិ​លើក​ទី​២​ស្តី​ពី​«​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​»​នៅ​វិមាន​សន្តិភាព​បាន​ថ្លែង​ថា អាកាសយានដ្ឋាន​ក្នុង​ខេត្តមណ្ឌលគិរី មិន​ប្រគល់​ឱ្យទៅ​ឯកជន​ទេ តែ​រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍន៍​ឱ្យ​ក្លាយទៅជា​«​សួនច្បារ​យក្ស​»​ដ៏​ស្រស់​ស្អាត​សម្រាប់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។

សម្តេច​តេ​ជោ​ហ៊ុន សែន ថ្លែង​ថា​«​ទីក្រុង​ដែល​គួរ​ឱ្យ​កោតសរសើរ និង​ក្លាយជា​ទីក្រុង​ដែល​មាន​ផ្លូវ​ល្អ​នា​ពេល​អនាគត គឺ​ទីក្រុង​បាន​លុង នៃ​ខេត្តរតនគិរី ក្រុង​សំរោង​នៃ​ខេត្តឧត្តរមានជ័យ និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នឹង​ក្លាយទៅជា​ទីក្រុង​ដ៏​ល្អ​នា​ពេល​អនាគត​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ ។

ម្យ៉ាងទៀត​ខ្ញុំ​ទុក​ដី​ព្រ​លាន​យន្តហោះ​ទាំងអស់​ឱ្យធ្វើ​សួនច្បារ ។ គេ​សុំ​វិនិយោគ​ធ្វើ​ផ្ទះ ធ្វើ​ផ្សារ​អី​…​គឺ​អត់​ទេ ! ទុក​អាហ្នឹង​ធ្វើ​សួនច្បារ​ឱ្យទៅ​ជា​សួនច្បារ​យក្ស​ដែល​ចង់​មើល​ថ្ងៃក្រោយ គឺ​សួនច្បារ​នៅ​មណ្ឌលគិរី​តែ​ម្តង​។ ព្រោះ​ខ្ញុំ​ចង់​ប្រើប្រាស់​ព្រ​លាន​យន្តហោះ​ចាស់​ឱ្យទៅ​ជា​សួនច្បារ​សម្រាប់​ប្រជាពលរដ្ឋ​ដើរ​លេង ហាត់ប្រាណ​» ។

អ្នក​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី បាន​និយាយ​ថា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ពី​រង្វង់​មូល​គោព្រៃ​ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​ទើប​ស្ថាបនា​ផ្លូវ​ថ្មី និង​សួនច្បារ​លម្អ​តាម​ដងផ្លូវ ជួយ​លើក​សម្រស់​ក្រុង​សែន​មនោ​រម្យ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​គួរ​ជាទី​មនោ​រម្យ ។

កន្លង​មក​អាកាសយានដ្ឋាន​ដែល​មា​នទី​តាំងនៅ​ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់​សម្រាប់​អ្នក​រស់នៅ​ខេត្តមណ្ឌលគិរី ព្រោះ​តាំងពី​ក្រោយ​របប​ប៉ុ​ល ពត​មក ខេត្ត​មួយ​នេះ​ជា​តំបន់​ដាច់​ស្រយាល​ដ៏​តូច​មួយ មិន​មាន​ប្រ​ព័​ន្ឋ​គមនាគមន៍​សម្រាប់​ធ្វើ​ដំណើរ​ទេ ។

បើ​ចង់​ជិះ​រថយន្ត​ទាល់តែ​ជិះ​វាង​តាម​ប្រទេស​វៀតណាម ដូច្នេះ​ហើយ​ទើប​រដ្ឋ​បង្កើត​ឱ្យ​មានការ​ហោះហើរ​ពី​ភ្នំពេញ និង​ពី​ខេត្ត​មួយ​ចំនួន​ឆ្ពោះទៅ​ខេត្តមណ្ឌលគិរី ដើម្បី​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​ខ្ចី​ផ្លូវ​ប្រទេស​ជិតខាង ។

ក្រោយ​ផ្លូវជាតិ​លេខ​៧៦​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១២​មក​អាកាសយានដ្ឋាន​ដែល​ធ្លាប់​មាន​សកម្មភាព​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន​សម្រាប់​អ្នក​ខេត្ត​មណ្ឌល​គិរី បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន ហើយ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ពី​ការ​អភិវឌ្ឍ​ទីនោះ​ទៅ​ជា​សួនច្បារ​ដ៏​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានឈ្មោះ​ថា​«​សួនច្បារ​សម្តេច​តេ​ជោ​សែន​-​រ៉ា​នី​» ។

សេចក្តីសម្រេច​លេខ​០០១​ដ​ន​ស​.​សសរ ចុះ​ថ្ងៃ​ទី​២ មក​រា ២០១៧ បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​សិក្សា​រៀបចំ​ប្លង់​មេ និង​តាមដាន​ការ​អនុវត្ត​គម្រោង​សាងសង់​«​សួនច្បារ​សម្តេច​តេ​ជោ​សែន រ៉ា​នី​» ។ សួនច្បារ​នេះ​មាន​ទំហំ​២១២.៥៥៣​ម៉ែត្រក្រឡា បណ្តោយ​ប្រវែង​១.២០០​ម៉ែត្រ មាន​លក្ខណៈ​ជា​សួនឧទ្យាន​រុក្ខសាស្ត្រ រៀបចំ​ដាំ​ដុះ​រុក្ខជាតិ​សម្បូរ​​បែប ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ ការ​កម្សាន្ត និង​ទស្សនា ។ វា​ជា​ការ​រួមចំណែក​លើក​ស្ទួយ​សក្តានុពល​វិស័យ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ឱ្យទៅ​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ក្រៅពី​តំបន់​ទេសចរណ៍​ដទៃ​ទៀត ។

ការ​រៀបចំ​សួនឧទ្យាន​បែប​នោះ គឺ​អាច​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ដោយ​រៀបចំ​ក្រាល​ថ្ម​ក្រា​នី​ត ជា​កន្លែង​ក្មេង​លេង កន្លែង​ហាត់ប្រាណ កន្លែង​តាំងពិព័រណ៍ មណ្ឌលកីឡា លំហ​ពហុមុខ​ងារ កន្លែង​វិនិយោគ និង​បង្គន់​អនាម័យ​សាធារណៈ​ជាដើម ។

លោក​ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​ថ្លែង​ថា នៅ​ឆ្នាំ​២០១៧-២០១៨​នឹង​អភិវឌ្ឍន៍​ឱ្យ​ក្លាយទៅជា​សួនច្បារ​តេ​ជោ​សែន​-​រ៉ា​នី ។ ក្រោម​ការ​ដឹកនាំ​កសាង​ដោយ​លោក​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​មានការ​បែងចែក ជា​ផ្នែក​ៗ​។ នៅ​ពេល​គម្រោង​នេះ​ដំណើរការ​រួចរាល់ នឹង​ប្រគល់​ឱ្យទៅ​ខាង​ណាមួយ​សម្រាប់​គ្រប់គ្រង ហើយ​នៅ​ពេល​នោះ​នឹង​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​ច្បាស់លាស់ ។

អាជ្ញាធរ​នៅ​មិន​ទាន់​អាច​ប៉ាន់ស្មាន​ពី​វេលា​នៃ​ការ​សាងសង់​សួនច្បារ​ដ៏​ធំ​នោះ​រួចរាល់​នៅ​ពេល​ណា​ទេ ព្រោះ​ទើបតែ​មានការ​ចាប់ផ្តើម​ជំហាន​ដំបូង​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ក្រុម​ជាង​ជំនាញ​កំពុង​រៀបចំ​ឥដ្ឋការ៉ូឡា​បាន​មួយ​ផ្នែក​ហើយ ។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​លើក​ឡើង​ថា កាលពីមុន​ពួក​គាត់​ពិបាក​រក​កន្លែង​ដើរ​ហាត់ប្រាណ ឬ​លេង​កីឡា​ណាស់ ព្រោះ​សួនច្បារ​លើ​ទ្រូងផ្លូវ​មាន​សភាព​តូច​ចង្អៀត តែ​នៅ​ពេល​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រកាស​ឱ្យ​បង្កើត​សួនច្បារ​លើ​អតីត​អាកាសយានដ្ឋាន ពួក​គាត់​នឹង​មាន​ភាព​ងាយស្រួល ព្រមទាំង​ជា​កន្លែង​កម្សាន្ត​ផង ៕