ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ ៖ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​សេដ្ឋវិទូ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម (​ភាព​សម្បូរ​បែប​) នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​រក្សា​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ និង​ប្រកបដោយ​និរន្តរភាព ។

រាជធានី​ភ្នំពេញ ៖ ក្រុម​សេដ្ឋវិទូ​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម (​ភាព​សម្បូរ​បែប​) នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​រក្សា​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ និង​ប្រកបដោយ​និរន្តរភាព ។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ កម្ពុជា​ទំនងជា​មិន​អាច​ពឹងផ្អែក​លើ​កត្តា​ដដែល​ៗ​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​រីក​ចម្រើន​ខ្លាំងក្លា និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លង​មក​ទេ ។ កំណើនសេដ្ឋកិច្ច​ជោគជ័យ​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ថយ​ចុះ​ជា​បណ្តើរ​ៗ​នូវ​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ពី​ម្ចាស់​ជំនួយ ដោយសារ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ សីហា​ថា វា​មិនមែន​ជា​រឿង​ថ្មី​ទេ អ្នកជំនាញ​បានដឹង​ពី​រឿង​នេះ ប៉ុន្តែ​ប្រទេស​ណា ក៏​ដូច​ប្រទេស​ណា​ដែរ គឺ​ចាប់ផ្តើម​ដំបូង​ចេញពី​វិស័យ​កសិកម្ម និង​កាត់ដេរ ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ប៉ុន្តែ​បន្តិច​ម្តង​ៗ ប្រទេស​នីមួយ​ៗ​បាន​វិវត្តន៍​រីក​ចម្រើន​មួយ​កម្រិត អាស្រ័យ​លើ​ជំនាញ ព្រោះ​បើ​កម្លាំង​ពលកម្ម​របស់​យើង​កាន់តែ​មាន​ជំនាញ វិនិយោគិន​នឹង​ឆ្លើយ​តប​តាម​ជំនាញ​ដែល​យើង​មាន ។
លោក​បន្ត​ថា ៖« វិស័យ​ស្នូល​ទាំង​៤ ដែល​ជា​កម្លាំង​ច​លករ​នៃ​សេដ្ឋកិច្ច​កម្ពុជា គឺ​នៅ​តែ​ជា​មូលដ្ឋាន យើង​មិន​អាច​ផ្លាស់​ប្តូរ​ទេ វា​នៅ​តែ​ជា​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា»។ លោក​ថា ៖ « អ្វី​ដែល​សំខាន់ គឺ​ជំរុញ​ធ្វើ​យ៉ាងណា ឲ្យ​វិស័យ​ទាំង​៤​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន » ។

ជាមួយ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច ដែល​សម្រេច​បាន​អត្រា​ជា​មធ្យម​៧,៦% ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៥ ហើយ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥ កម្ពុជា​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​៤៧,៨%​ក្នុង​ឆ្នាំ​២០០៧ មក​នៅ​ត្រឹម​១៣,៥%​ក្នុង​ឆ្នាំ​២០១៤ ដែល​ជា​មូលដ្ឋាន​នៃ​ការ​បង្កើត​ការងារ​ខាងលើ​នេះ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting ថ្លែង​ថា ការ​លើក​ឡើង​របស់​ធនាគារពិភពលោក គឺជា​ការ​ត្រឹម​ត្រូវ ព្រោះ​កម្ពុជា​មាន​សភាព​ដូច​ប្រទេស​កូរ៉េ បន្ទាប់​ពី​សង្គ្រាម ដែល​ផ្តោត​លើ​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ។ ដូច​អ្វី​ដែល​កម្ពុជា​មាន​នា​ពេល​នេះ គឺ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន គួប​ផ្សំ​នឹង​បញ្ហា​អតិផរណា ធ្វើ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​ជា​ប្រចាំ បាន​ធ្វើ​ឲ្យ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ថមថយ​ល្បឿន ។

លោក​បន្ត​ថា កម្ពុជា​គួរ​ងាក​មក​ផ្តោត​ឲ្យ​បាន​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ព្រោះ​បច្ចុប្បន្ន វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​មាន​លក្ខណៈ​ជា​ប្រពៃណី ដែល​មិន​ទាន់​មាន​យុទ្ធ​សាស្ត្រ​​ទាក់ទាញ​ឲ្យ​បាន​ខ្លាំងក្លា​នៅឡើយ ដែល​ធ្វើ​ឲ្យ​វិស័យ​នេះ​ដើរ​យឺត ។ ដូច្នេះ កម្ពុជា​គួរ​រៀនសូត្រ​ពី​ប្រទេស​ថៃ ឬ​រក​គំរូ​ផ្សេង​មួយ​ដែល​កាន់តែ​មាន​ភាព​ទាក់ទាញ​ជាង​នេះ ។ លោក​បន្ត​ថា យើង​ស្វាគមន៍​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ប៉ុន្តែ​កម្ពុជា​គួរ​ធ្វើ​ឲ្យ​ចេញ​ជា​សកម្មភាព​ជាក់ស្តែង លើ​គោលនយោបាយ​នេះ ព្រោះ​បច្ចុប្បន្ន វា​ជា​គោលនយោបាយ​នៅឡើយ ។

លោក ង៉ែត ជូ បន្ថែម​ថា លើស​ពី​នេះ កម្ពុជា​គួរ​បង្កើន​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ដែល​បច្ចុប្បន្ន កម្ពុជា​ផលិត​បាន​ច្រើន និង​ពឹងផ្អែក​តែ​លើ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​បញ្ហា ពេល​ប្រទេស​គេ​លែង​ត្រូវការ ។ កម្ពុជា​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ទាំង​ពីរ​នេះ​ទេ ។ ហេតុនេះ កម្ពុជា​គួរ​ផ្តោត​លើ​អ្វី​ជា​ពិសេស ដូច​ជា ម្រេច​កំពត ស្វាយចន្ទី និង​ផលិតផល​ដទៃ​ទៀត ៕