ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ចាប់ផ្តើម​ជួប​បញ្ហា ខណៈ​រោងចក្រ​បិទ​ច្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​៧​ខែ​ឆ្នាំ​នេះ ចំនួន​រោងចក្រ​បិទទ្វារ​បាន​កើន​លើស​រោងចក្រ​បើក​ថ្មី​នៅ​កម្ពុជា ។ វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា

រាជធានី​ភ្នំពេញ ៖ រយៈពេល​៧​ខែ​ឆ្នាំ​នេះ ចំនួន​រោងចក្រ​បិទទ្វារ​បាន​កើន​លើស​រោងចក្រ​បើក​ថ្មី​នៅ​កម្ពុជា ។ វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា សុខភាព​ក្នុង​វិស័យ​នេះ​មិនល្អ​ប្រសើរ​ទេ ។

លោក តោ ដា​រ៉ា​រិ​ទ្ធ មន្ត្រី​ការងារ និង​ច្បាប់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២២ សីហា​ថា គិត​ត្រឹម​ដំណាច់ខែ​កក្កដា​កន្លង​មក រោងចក្រ​កាត់ដេរ​ចំនួន​៤៩​បាន​បិទទ្វារ និង​មាន​រោងចក្រ​ថ្មី​ចំនួន​១៨​ប៉ុណ្ណោះ​បាន​បើក​ដំណើរការ ។ តួលេខ​នេះ យើង​និយាយ​តែ​ក្នុង​ក្របខ័ណ្ឌ​រោងចក្រ ដែល​ជា​សមាជិកសមាគម​កាត់ដេរ​កម្ពុជា​ប៉ុណ្ណោះ​។ លោក​បន្ត​ថា សមាគម​រោងចក្រ​កាត់ដេរ​បច្ចុប្បន្ន មាន​សមាជិក​ចំនួន​៥៨៨ ក្នុង​នោះ​រោងចក្រ​ផលិត​ស្បែកជើង និង​កាបូប​មាន​ចំនួន​៤៨៨, រោង​ចក្រ​ផលិត​ស្បែកជើង​ចំនួន​៥៧ និង​រោងចក្រ​ផលិត​តែ​មិន​នាំ​ចេញ មាន​ចំនួន​៤៣​រោងចក្រ ។ លោក​បន្ត​ថា ៖« វា​ជា​សញ្ញា​មិនសូវ​ល្អ​ទេ​សម្រាប់​វិស័យ​នេះ ព្រោះ​តួលេខ​បិទ​មាន​ចំនួន​ច្រើន​ជាង​រោងចក្រ​បើក​ថ្មី » ។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែង​ថា ចំនួន​រោងចក្រ​បិទ​ច្រើន​ជាង​បើក​នេះ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​និយោជិត ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ហើយ ប៉ុន្តែ​យើង​កំពុង​រង់ចាំ​មើល​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ និង​ស្បែកជើង រយៈពេល​៨​ឆ្នាំ​ថា តើ​រាជរដ្ឋាភិបាល​អាច​ជួយ​អ្វីខ្លះ​សម្រាប់​វិស័យ​នេះ ។

រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ភាគី​និយោជក និង​តំណាង​សហជីព​នានា​កំពុង​ព្រាង​គោលនយោបាយ​ក្នុង​វិស័យ​វាយនភ័ណ្ឌ ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​មាន​និរន្តរភាព និង​មាន​ភាព​សុខដុមរមនា​រវាង​ភាគី​និយោជក និង​និយោជិត ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting ថ្លែង​ថា លោក​មិនដឹង​ពី​មូលហេតុ​នៃ​ការ​បិទ​រោងចក្រ​ទាំងនោះ​ទេ ប៉ុន្តែ​ជាក់ស្តែង កម្ពុជា​កំពុង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​មាន​កម្លាំង​ពលកម្ម​ច្រើន និង​តម្លៃ​ទាប ។ លោក​បន្ត​ថា រយៈពេល​១០​ទៅ​២០​ឆ្នាំ​កន្លង​មក​ហើយ កម្ពុជា​ជាប់​ជា​ប្រទេស​មាន​តម្លៃ​ពលកម្ម​ថោក ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់​ដល់​កម្មករ​-​និយោជិត ស្រប​តាម​អតិផរណា​តម្លៃ​ទំនិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​សមរម្យ ប៉ុន្តែ​បែរជា​ផលិតភាព​របស់​កម្ពុជា​មាន​កម្រិត​ទាប បើ​ធៀប​ជាមួយ​វៀតណាម និង​ប្រទេស​មួយ​ចំនួន​ទៀត ។

លោក​បន្ថែម​ថា ៖« ក្នុង​ស្ថានភាព​នេះ រោងចក្រ​កាត់ដេរ​គួរ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​បង្កើន​ផលិតភាព​ឲ្យ​បាន​ច្រើន ព្រោះ​បើ​ការ​បិទទ្វារ​រោងចក្រ​វា​កើត​ឡើងជា​និន្នាការ​ធម្មតា​មិន​អី​ទេ ប៉ុន្តែ​បើ​ដោយសារ​ការ​ប្រកួតប្រជែង​ពី​ប្រទេស​ក្នុង​តំបន់ វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មាន​សម្ពាធ » ។

ទោះជា​យ៉ាងណា វិស័យ​នេះ​ក៏​មាន​ក្តី​សង្ឃឹម​ផង​ដែរ តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​កាបូប​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ហើយ​នា​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក ដើម្បី​បាន​ទទួល​សិទ្ធិ​នាំ​ចូល​ស្បែកជើង​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក និង​អឺរ៉ុប​ដោយ​រួច​ពន្ធ ។

វិស័យ​កាត់ដេរ​ដែល​ជា​កម្លាំង​ច​លករ​មួយ​សំខាន់​ជាងគេ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​រក្សា​បាន​កំណើន​បង្គួរ ទោះបីជា​ថមថយ​ល្បឿន​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។ ការ​នាំ​ចេញ​សម្លៀក​បំពាក់​កើនឡើង​៤% បើ​ធៀប​នឹង​៩%​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ដោយសារ​កំណើន​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​ប្រមាណ​២,៣% ខណៈ​កំណើន​ការ​នាំ​ចេញ​ទៅ​កាន់​អង់គ្លេស កា​ណា​ដា និង​ជប៉ុន មាន​ភាពល្អ​ប្រសើរ ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។  

របាយការណ៍​ដដែល​បញ្ជាក់​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​កំណើន​យឺត​ជាង​មុន ដោយសារ​សមាមាត្រ​នៃ​ការ​នាំ​ចេញ​សម្រាប់​វិស័យ​កាត់ដេរ​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក បាន​ថមថយ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១១​មក​។ កំណើន​យឺត​ជាង​មុន​នេះ អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង​នាំ​ចេញ​សម្លៀក​បំពាក់​ពី​ប្រទេស​ក្នុង​តំបន់ ជា​ពិសេស​វៀតណាម និង​មី​យ៉ា​ន់​ម៉ា គួប​ផ្សំ​នឹង​កត្តា​ខាងក្នុង គឺ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​ធ្វើ​ឲ្យ​ថ្លៃដើម​ផលិតកម្ម​កើនឡើង និង​កត្តា​មួយទៀត គឺ​ការ​ថយ​ចុះ​ភាព​ទាក់ទាញ​វិនិយោគ​ក្នុង​វិស័យ​នេះ ដោយសារ​កម្ពុជា​នឹង​លែង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល ៣​ឆ្នាំ​ខាង​មុខ បន្ទាប់​ពី​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​។

ជាក់ស្តែង លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទៅ​ក្នុង​វិស័យ​កាត់ដេរ​បាន​ធ្លាក់​ចុះ​ប្រមាណ ៣០%​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​នេះ បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​៥%​នៅ​គ្រា​ដូច​គ្នា​ឆ្នាំ​មុន។ របាយការណ៍​នេះ​បញ្ជាក់​ថា ក្នុង​ឆមាស​ទី​១ ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​សមាមាត្រ​ប្រមាណ​៦៧% នៃ​ការ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ ថយ​ចុះ​ពី​ប្រមាណ​៧៤%​នៅ​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ៕