ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ឈរ​ក្រៅរបង​សាលា​ទន្ទឹងរង់ចាំ​ផ្លូវ​កូន​ៗ​របស់​ពួក​គាត់​ទាំង​អន្ទះសា

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០១៦-២០១៧ នេះ ខណៈ​បេក្ខជន​កំពុង​នាំ​គ្នា​សរសេរ​វិញ្ញាសារ​ប្រឡង​នៅ​

ខេត្ត​ប៉ៃលិន ៖ ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០១៦-២០១៧ នេះ ខណៈ​បេក្ខជន​កំពុង​នាំ​គ្នា​សរសេរ​វិញ្ញាសារ​ប្រឡង​នៅ​តាម​បន្ទប់​ថ្នាក់​នីមួយ​ៗ យ៉ាង​ស្ងៀមស្ងាត់ ស្រាប់តែ​ឪពុក​ម្តាយ​របស់​គេ បាន​មក​ឈរ​នៅ​ខាងក្រៅ​របង​សាលា​ដោយ​ទន្ទឹងរង់ចាំ​ផ្លូវ​កូន​ៗ របស់​ខ្លួន​ទាំង​ចិត្តអន្ទះសា ដោយ​អ្នកខ្លះ​មានចិត្ត​សង្ឃឹម​តាម​កូន​របស់​ខ្លួន ខណៈ​ពួក​គេ​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១ អ្នកខ្លះ​ធ្វើ​បាន​៥០​ភាគរយ ខ្លះ​ទៀត​ធ្វើ​បាន​៧០​ភាគរយ ។ លើស​ពី​នេះ ខណៈ​ពួក​គេ​អង្គុយ​រង់ចាំ​នៅ​លើ​ម៉ូតូ និង​នៅ​តាម​តូប​អ្នក​លក់ដូរ​ខាង​មុខ​នោះ ពួក​គាត់​តែងតែ​ធ្វើ​មាត់​ម្ហ​ប​ៗ ហាក់ដូចជា​បន់ស្រន់​ដល់​វត្ថុ​ស័ក្តិសិទ្ធិ និង​ព្រះ​ឱ្យ​ជួយ​ដល់​កូន​របស់​ពួក​គាត់ ទទួល​បាន​ជោគជ័យ នោះ​ពួក​គាត់ នឹង​មិន​ភ្លេច​សែន​លាបំណន់​នោះ​ឡើយ ។

ហេតុការណ៍​ឪពុក​ម្តាយ​សិស្សានុសិស្ស​កំពុង​រង់ចាំ​កូន​ៗ​របស់​ខ្លួន​ប្រឡង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ខាង​មុខ​របង​សាលា​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ រហូត​មក​ដល់​ពេល​នេះ ជា​រយ​:​ពេល​ថ្ងៃ​ទី​២ គេ​សង្កេត​ឃើញ​ឪពុក​ម្តាយ​បេក្ខជន​មួយ​ចំនួន បាន​សុខចិត្ត​ជិះ​ម៉ូតូឌុប​កូន​របស់​ខ្លួន​តាំងពី​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ចំងាយ​រាប់រយ​គីឡូ ដើម្បី​ឱ្យ​កូន​បាន​ចូលរួម​ប្រឡង​យក​សញ្ញាបត្រ​បាក់​ឌុ​ប​នឹង​គេ អ្នកខ្លះ​អត់​មាន​លុយ​ជួល​បន្ទប់ដេក​ស្នាក់​នៅ សុខចិត្ត​ងើប​តាំងពី​យប់​ឌុ​ប​កូន​របស់​ខ្លួន​មក​ប្រឡង​ផង​ដែរ ហើយ​ក៏​វេចបាយ​កញ្ចប់​មក​នាំ​គ្នា​អង្គុយ​ហូប​ជួបជុំ​ឪពុក​ម្តាយកូន នៅ​ក្រោម​ដើមឈើ​ខាងក្រៅ​របង​សាលា​ថែម​ទៀត​ផង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​រស់នៅ​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ៖ គាត់​មានកូន​ស្រី​ម្នាក់​ឈ្មោះ សំ គឹ​ម​ហ៊ុន អាយុ​១៧​ឆ្នាំ ប្រឡង​បន្ទប់​លេខ​៨ នៃ​វិទ្យាល័យ​ខាងលើ គាត់​មាន​សង្ឃឹម​ទៅ​លើ​ការ​ប្រឡង​របស់​កូនស្រី​គាត់ ដោយ​កាលពី​ម្សិលមិញ​ធ្វើ​បាន​ប្រហែល​៦០​ទៅ​៧០​ភាគរយ​ដែរ ហើយ​កូនស្រី​របស់​គាត់​កាលពី​នៅ​រៀន​ជាប់​ចំណាត់ថ្នាក់​លេខ​៩​ទៅ​១០​ក្នុង​ចំណោម​សិស្ស​៤០​ទៅ​៥០​នាក់​ដែរ ។ ដូច្នេះ​គាត់​សុខចិត្ត​អង្គុយ​រង់ចាំ​មើល​ការ​ប្រឡង​របស់​ខ្លួន​រហូត​ដល់​ម៉ោង​១១ ដើម្បី​សួរនាំ​លទ្ធផល រួច​ទើប​ត្រលប់​ទៅ​ផ្ទះ​វិញ ។ គាត់​បញ្ជាក់​ថា តាម​កូនស្រី​របស់​គាត់ ប្រាប់​វិញ្ញាសារ​ឆ្នាំ​នេះ មិនសូវ​តឹង​រឹង​ប៉ុន្មាន​ទេ គឺ​តឹង​រឹង​តែ​លោកគ្រូ​អ្នកគ្រូ និង​អនុរក្ស​ត្រួតពិនិត្យ​មើល​ការ​ប្រឡង​ប៉ុណ្ណោះ ។

ចំណែក​បុរស​ម្នាក់​មក​ពី​ឃុំ​ស្ទឹង​ត្រង់ បានឱ្យ​ដឹង​ថា ៖ គាត់​មានកូន​ស្រី​ម្នាក់​ឈ្មោះ ទូច ដា​លី​ន អាយុ​១៧​ឆ្នាំ​ដែរ ដោយ​ប្រឡង​បន្ទប់​លេខ​៣ ហើយ​គាត់​បាន​ដឹក​កូន​របស់​គាត់ តាម​ម៉ូតូ​តាំងពី​ព្រឹក​ព្រលឹម ដើម្បី​ឱ្យ​បាន​ចូលរួម​ប្រឡង​នឹង​គេ ។ តែ​ដោយសារ​ជីវភាព​ខ្វះខាត មិនសូវ​បាន​រៀន​ក្រៅ​ម៉ោង​បន្ថែម​ទៀត កូនស្រី​គាត់ ធ្វើ​បាន​ត្រឹមតែ​៥០​ទៅ​៦០​ភាគរយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​កូនស្រី​របស់​គាត់​បាន​តាំងស្មារតី​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដោយ​ខ្លួនឯង មិន​ដែល​មាន​ឪពុក ឬ​ម្តាយ​ប្រដៅ​រូបគេ​នោះ​ឡើយ ដោយ​គោលបំណង​ពេល​ប្រឡង​ជាប់ នឹង​ដាក់​ពាក្យ​ចូល​បំរើ​ការងារ​ផ្នែក​គ្រូបង្រៀន ។

ចំណែក​សិស្ស​ផ្សេង​ៗ​មួយ​ចំនួន​ទៀត បាន​បង្ហើប​ឱ្យ​ដឹង​ថា ៖ ពួក​គេ​មាន​សង្ឃឹម​ត្រឹម​៥០​ភាគរយ​សិន ព្រោះ​នៅ​សល់​ពេល​ល្ងាច​នេះ​បន្ត​ទៀត បើសិនជា​ចេញ​វិញ្ញាសារ​ធូរស្រាល​ដូច​ពេល​នេះ ពួក​គេ​នឹង​សង្ឃឹមថា ប្រឡង​ជាប់​ជាក់​ជា​មិន​ខាន​ឡើយ ៕