ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ស្នើ​ក្រុមហ៊ុន​នាំ​កម្មសិក្សាការី​ខ្មែរ​ទៅ​ធ្វើការ… មាន​បទដ្ឋាន​អប្បបរមា​ច្បាស់លាស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទទួល​បានការ​មើលថែ និង​ផ្តល់​ជំនាញ​ច្បាស់លាស់​ដល់​កម្មការិនី​ខ្មែរ​ពី​សំណាក់​ភ្នាក់ងារ​បញ្ជូន​ពលករ​នានា

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទទួល​បានការ​មើលថែ និង​ផ្តល់​ជំនាញ​ច្បាស់លាស់​ដល់​កម្មការិនី​ខ្មែរ​ពី​សំណាក់​ភ្នាក់ងារ​បញ្ជូន​ពលករ​នានា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ដល់​ក្រុមហ៊ុន ដែល​មាន​បំណង​បណ្តុះបណ្តាល​កម្មសិក្សាការី​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ត្រូវ​មាន​បទដ្ឋាន​អប្បបរមា​ច្បាស់លាស់ ។

ការ​ស្នើ​របស់​ក្រសួង​ការងារ ធ្វើ​ឡើង​តាម​រយៈ​សារាចរ​ស្តី​ពី​បទដ្ឋាន​អប្បបរមា​សម្រាប់​ការ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​កម្មសិក្សាការី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។

ខ្លឹមសារ​នៃ​សារាចរ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​ដឹង​ថា អនុលោម​តាម​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​កម្មវិធី​បណ្តុះបណ្តាល​កម្មសិក្សាការី លើ​ជំនាញ​បច្ចេកទេស​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ណែនាំ​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ជ្រើសរើស បណ្តុះបណ្តាល និង​គ្រប់គ្រង​កម្មសិក្សាការី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ជប៉ុន ត្រូវ​គោរព និង​អនុវត្ត​តាម​បទដ្ឋាន​អប្បបរមា​សម្រាប់​ការ​ជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​កម្មសិក្សាការី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ជប៉ុន ។

ក្រសួង​បាន​គូសបញ្ជាក់​ដល់​ក្រុមហ៊ុន​ជា​ភ្នាក់ងារ​ទទួល​ជ្រើសរើស​កម្មសិក្សាការី​ខ្មែរ​ថា ៖« ត្រូវ​ជ្រើសរើស បណ្តុះបណ្តាល និង​បញ្ជូន​សម្រាប់​តែ​ជន​ណា​មាន​បំណង​ច្បាស់​លាស់ ក្នុង​ការ​ចូលរួម​កម្មវិធី​ការងារ​នៅ​ប្រទេស​ជប៉ុន​។ យល់​ដឹង​ច្បាស់លាស់​អំពី​ជំនាញ​បច្ចេកទេស​ដែល​បាន​បណ្តុះបណ្តាល និង​មាន​បំណង​ប្រើប្រាស់​នូវ​ជំនាញ​បច្ចេក​ទេស​ដែល​ទទួល​បាន​ពី​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន » ។

ជាង​នេះ​ទៀត ក្រសួង​បាន​ឲ្យ​ក្រុមហ៊ុន​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​អំពី​មុខ​ចំណាយ​នៃ​កម្រៃ​សេវា និង​ការ​ចំណាយ​ផ្សេង​ទៀត​ដែល​កម្មសិក្សាការី និង​បេក្ខជន​ត្រូវ​បង់ ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់លាស់​អំពី​មុខ​ចំណាយ​ទាំងនោះ​ដល់​កម្មសិក្សាការី និង​បេក្ខជន ។

ក្នុង​សារាចរ​ក្រសួង​ការងារ​ក៏​បាន​គូសបញ្ជាក់​ថា ៖« ត្រូវ​ផ្តល់​សេវា​គាំទ្រ​ចាំបាច់​ដល់​កម្មសិក្សាការី និង​បេក្ខជន​ជំនាញ​បច្ចេកទេស​ដែល​វិល​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់​ពី​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​នៅ​ប្រទេស​ជប៉ុន​រួច​មក ដូច​ជា ត្រូវ​ស្វែងរក​ការងារ​ឲ្យ​ពួក​គាត់​ធ្វើ ដើម្បី​ប្រើប្រាស់​ជំនាញ​បច្ចេកទេស​នោះ​ឲ្យ​បាន​សម​ស្រប » ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន កម្មសិក្សាការី​ខ្មែរ​មាន​ចំនួន​ជិត​៥​ពាន់​នាក់​នៅ​តាម​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន ។ ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​កន្លង​​មក បាន​កោតសរសើរ​ដល់​និយោជក​ជប៉ុន ដែល​បាន​ទទួល​កម្មសិក្សាការី​ខ្មែរ​មក​ធ្វើការ និង​យកចិត្តទុកដាក់​ដល់​សិក្ខាកាម ដោយ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​បច្ចេក​ទេស​ខ្ពស់​ដល់​កម្មសិក្សាការី​ខ្មែរ​អាច​សិក្សា​ពី​មិត្ត​ជប៉ុន របៀបរបប​រស់នៅ និង​វិន័យ​ការងារ ហើយ​ពេល​ត្រឡប់​វិញ ពួក​គេ​នឹង​ក្លាយជា​មនុស្ស​ល្អ ។  

លោក​រដ្ឋមន្ត្រី អិុ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ទាំង​គណៈប្រតិភូ​កម្ពុជា នៅ​ពេល​អញ្ជើញ​ទស្សនកិច្ច​នៅ​អង្គការ​សម្រាប់​កម្មវិធី​បណ្តុះ​បណ្តាល​បច្ចេកទេស ហៅ​កាត់​ថា (OTIT) នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ខែកក្កដា​នេះ បាន​ស្នើ​សុំ​ឱ្យ​ពង្រឹង​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ គាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាល និង​ជ្រើសរើស​កម្មសិក្សាការី​ខ្មែរ​មក​ជប៉ុន​កាន់តែ​ច្រើន​ថែម​ទៀត ព្រមទាំង​ជួយ​ក្រសួង​រៀបចំ​បែបបទ​ផ្សេង​ៗ​ស្រប​តាម​នីតិវិធី​នៃ​ច្បាប់​ថ្មី និង​ផ្តល់​ជំនួយ​ប​ច្ចក​ទេស​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​កម្មសិក្សាការី​ខ្មែរ ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​នៅ​ប្រទេស​ជប៉ុន ។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ៖« សព្វថ្ងៃ យើង​មាន​ពលករ​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ កូរ៉េ ម៉ា​ឡេ​ស៊ី ជប៉ុន និង​សិង្ហ​បុរី ។

យើង​មាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កូ​វ៉េ​ត និង​កា​តា ប៉ុន្តែ​យើង​មិន​ទាន់​អនុវត្ត​។ វិស័យ​ដែល​បងប្អូន​ទៅ​ធ្វើការ​មាន រោងចក្រ កសិកម្ម សំណង់ និង​សេវាកម្ម » ។

រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា នៅ​ចុងឆ្នាំ​ខាង​មុខ នឹង​មាន​ពល​ការិនី​ខ្មែរ​ប្រមាណ​ពី​១​ទៅ​២​ពាន់​នាក់​ចេញដំណើរ​ទៅ​តំបន់​រដ្ឋបាល​ហុងកុង​ជា​លើក​ដំបូង ដើម្បី​ធ្វើ​ការ​ងារ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​នោះ​រួច​មក ដើម្បី​ឈ្វេងយល់​បន្ថែម​ពី​លក្ខខណ្ឌ​ការងារ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ សំដៅ​ធ្វើ​យ៉ាងណា ធានា​ពលករ​កម្ពុជា​អាច​ទទួល​បាន​លក្ខខណ្ឌ​ការ​ងារ និង​ការ​ការពារ​សិទ្ធិ​ល្អ​ប្រសើរ​នៅ​ទីនោះ ៕