ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ចាប់ផ្តើម​សិក្សា​គម្រោង​សាងសង់​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​នៅ​រាជធានី​ភ្នំពេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជប៉ុន​នឹង​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព (Feasibility Study) សម្រាប់​គម្រោង​សាងសង់​រថភ្លើង​ស្វ័​យ​ប្រ​វ​តិ្ត (Sky Train) មួយ​ខ្សែ​ពី​ចំណុច​

រាជធានី​ភ្នំពេញ ៖ ជប៉ុន​នឹង​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព (Feasibility Study) សម្រាប់​គម្រោង​សាងសង់​រថភ្លើង​ស្វ័​យ​ប្រ​វ​តិ្ត (Sky Train) មួយ​ខ្សែ​ពី​ចំណុច​បេះដូង​នៃ​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ទឹកប្រាក់​ប្រមាណ ៨០០​លាន​ដុល្លារ នឹង​ចាប់ផ្តើម​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៧ ។

ទន្ទឹម​នឹង​នេះ អ្នក​រត់​ម៉ូតូ​កង់​បី​អះអាង​ថា បើសិនជា​គម្រោង​រថភ្លើង​ស្វ័យប្រវត្តិ​ដំណើរការ​ពិតមែន វា​មិន​ប៉ះពាល់​ដល់​មុខរបរ​ដឹក​ភ្ញៀវ​ចេញចូល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទេ ប៉ុន្តែ​វា​ជួយ​ដល់​ពួក​គាត់​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​សាំង ដែល​ជា​លទ្ធផល​នៃ​ការ​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សហការី​នៃ​សារព័ត៌មាន​កោះសន្តិភាព​នា​ពេល​ថ្មី​ៗ​នេះ លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ជប៉ុន​​នឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​គម្រោង​នេះ​រយៈពេល​១​ឆ្នាំ​ពេញ ហើយ​វា​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​តែ​ចំនួន​អ្នកដំណើរ​ចេញចូល​ព្រ​លាន​យន្ត​ហោះ​បាន​កើន​ឡើងជា​លំដាប់​។

លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា មាន​ប្រសាសន៍​ថា ៖« នេះ​ជា​រឿង​ដែល​សម្តេច​តេ​ជោ បាន​ស្នើ​សុំ​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី អា​បេ ។ ដូច្នេះ​ហើយ​យើងខ្ញុំ​នឹង​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​នៃ​គម្រោង​នេះ​សម្រាប់​រយៈពេល​១​ឆ្នាំ ចាប់ផ្តើម​ពី​កញ្ញា ឆ្នាំ​នេះ » ។

សូម​រំឭក​ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​៦ ដល់​៩ ខែសីហា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ជួយ​គិតគូរ​ផ្ដល់​ជំនួយ​ជា​ហិរញ្ញវត្ថុ​និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​ដឹក​ជញ្ជូន ជា​ពិសេស រៀបចំ​ឲ្យ​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​បែប​នេះ   ដើម្បី​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​ពលរដ្ឋ ព្រមទាំង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេង​ៗ ។​

លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​យល់​ស្រប​ថា គម្រោង​សាងសង់​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

លោក​ឯកអគ្គរាជទូត​បន្ត​ថា ៖« ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ដឹង​ហើយ​ថា នៅ​ទីក្រុង​ភ្នំពេញ​រាល់ថ្ងៃ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ ។ ម្យ៉ាងវិញទៀត ចំនួន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង ក៏​កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ ។ ដូច្នេះ​ហើយ​តាម​រយៈ​គម្រោង​រថភ្លើង​ស្វ័យប្រវត្តិ​នេះ គឺ​ភ្ជាប់​ពី​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង រហូត​មក​ដល់​កណ្តាល​ទីក្រុង » ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តូ​ក្យូ​កន្លង​មក សម្តេច​តេ​ជោ​ក៏​បាន​សាកល្បង​ជិះ​រថភ្លើង​ស្វ័​យ​ប្រ​វ​តិ្ត​លើ​អាកាស (Sky Line) នៅ​ទីក្រុង​តូ​ក្យូ​ផង​ដែរ ។ ឯកអគ្គរាជទូត​បញ្ជាក់​ថា រថភ្លើង​ស្វ័​យ​ប្រ​វ​តិ្ត​ដែល​សម្តេច​តេ​ជោ​បាន​ជិះ​សាកល្បង គឺជា​រថភ្លើង​មិនមែន​ដើរ​លើ​ខ្សែ​ដែក ដូច​រថភ្លើង​ធម្មតា​ទេ គឺ​រថភ្លើង​នេះ​មាន​កង់​កៅស៊ូ ហើយ​រត់​នៅ​លើ​ផ្លូវ​ស៊ីម៉ងត៍ ។

លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ីដេ​ហ៊ីសា បាន​ពន្យល់​ថា ៖« ចំណុច​ល្អ​មាន​៣ នៃ​រថភ្លើង​ស្វ័យប្រវត្តិ​របស់​ជប៉ុន គឺថា​រថភ្លើង​នេះ ពេល​សាងសង់ គឺ​ចំណាយ​តិច​ជាង​រថភ្លើង​ធម្មតា ។ ទី​២ ការ​រំខាន​ដោយ​សំឡេង​តិច ដោយសារ​តែ​យើង​ប្រើប្រាស់​កង់​កៅស៊ូ ។ ទី​៣ ទូរថភ្លើង​តូច ដូច្នេះ​ហើយ​យើង​អាច​បើកបរ​បង្វែរ​ទិស​ដៅ​យ៉ាង​ស្រួល ។ ដូច្នេះ បានជា​យើង​​អាច​សាងសង់​នៅ​លើ​ផ្លូវ​បាន​។ ឧទាហរណ៍ រថភ្លើង​ធម្មតា យើង​ត្រូវ​តែ​ប្រើ​ជា​ផ្លូវដែក ហើយ​យើង​ត្រូវការ​ស្នើ​សុំ​ប្រជាជន​ឲ្យ​ប្តូរ​ទីតាំង​យ៉ាងច្រើន ។ ក៏​ប៉ុន្តែ​ចំពោះ​រថភ្លើង​​អូ​តូ​ម៉ា​ទិ​ក​នេះ យើង​អាច​ឲ្យ​វា​ដើរ​បាន​នៅ​លើ​មហាវិថី ហើយ​ការ​ស្នើ​សុំ​ប្តូរ​ទីតាំង​គឺ​តិច » ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​បន្ថែម​ថា បើ​ប្រៀបធៀប​ជាមួយ Sky Train នៅ​ទីក្រុង​បាងកក គឺ Sky Train នៅ​ទីក្រុង​បាងកក​ដូច​ជា​ត្រូវការ​ប្រើ​ដែក ។ ដូច្នេះ វា​មាន​ឮ​សូរ​សំឡេង​ច្រើន (​សំឡេង​ឮ​ខ្លាំង​) ត្រូវការ​ទីតាំង​ដីធ្លី​ច្រើន ហើយ​ការ​ចំណាយ​ក្នុង​ការ​សាងសង់​ក៏​ថ្លៃ​ដែរ ។

លោក ហូ​រី​ណុ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា អះអាង​ថា​៖« ក៏​ប៉ុន្តែ​រថភ្លើង​អូ​តូ​ម៉ា​ទិ​ក​នេះ គឺ​ចំណាយ​តិច មាន​សំឡេង​រំខាន​ក៏​តិច ហើយនឹង​ប្រើប្រាស់​ដីធ្លី​ក៏​តិច​ដែរ » ។

សម្រាប់​អត្ថប្រយោជន៍ បើ​អាច​សាងសង់​តាម​ការ​ស្នើ​សុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពេល​មាន​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​វា​អាច​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ការ​ស្ទះចរាចរណ៍​ក្នុង​ទីក្រុង ។ ឧទាហរណ៍ បច្ចុប្បន្ន​នេះ បើ​ប្រជាពលរដ្ឋ​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អីចឹង​ពួក​គាត់​មិនដឹង​ពិតប្រាកដ​ទេ​ថា ត្រូវ​ចេញពីផ្ទះ​ម៉ោង​ប៉ុន្មាន ។ ក៏​ប៉ុន្តែ​បើសិនជា​មាន​រថភ្លើង​អូ​តូ​ម៉ា​ទិ​ក​នេះ​ហើយ គឺ​គាត់​ដើរ​តាម​ម៉ោង (​ដឹង​ពេលវេលា​ច្បាស់លាស់​) ។ ដូច្នេះ យើង​មិនបាច់​គិតគូរ​អំពី​ការ​ស្ទះចរាចរណ៍​ទេ ។

សម្រាប់​អត្ថប្រយោជន៍​ទី​២ រថភ្លើង​ស្វ័យប្រវត្តិ​នេះ​បញ្ចេញ​ឧស្ម័ន Co2 តិច គឺ​តិច​ជាង​រថភ្លើង​ធម្មតា ។ ដូច្នេះ ការ​មាន​រថភ្លើង​ស្វ័យប្រវត្តិ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​ពិតជា​រួមចំណែក​ព​ន្លឿ​ន​សមត្ថភាព លំហូរ​ចរាចរណ៍​ល្អ និង​ជួយ​សេដ្ឋកិច្ច​នៃ​ទីក្រុង​ភ្នំពេញ ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​៧ សីហា ថា កន្លង​មក ទីភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (JICA) បាន​សិក្សា​ពី​គម្រោង​វិនិយោគ និង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ​រួច​ហើយ ប៉ុន្តែ​ការ​សិក្សា​នោះ​មិន​ទាន់​បាន​បញ្ចប់ និង​មាន​ផែនការ​លម្អិត​ទេ​។ លោក​បន្ត​ថា គម្រោង​នេះ​ត្រូវ​មានការ​សិក្សា​លម្អិត និង​ផែនការ​ច្បាស់លាស់​ណាស់​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា មាន​ប្រសាសន៍​នា​ពេល​នោះ​ថា ៖« គម្រោង​ដែល​សម្តេច​បាន​ស្នើ​ឡើង​នេះ អាច​ជា​គម្រោង​ស្នើ​កម្ចី​ពី​ភាគី​ជប៉ុន មិនមែន​ជា​ការ​វិនិយោគ​ទេ ព្រោះ​កន្លង​មក យើង​បាន​ស្នើ​សុំ​ឲ្យ​ជប៉ុន​ជួយ​លើ​គម្រោង​នេះ »​។ លោក​ថា ៖« ប្រសិនជា​គម្រោង​នេះ​កើតឡើង​មែន វា​ចំណេញ​ច្រើន​ណាស់ ពិសេស​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ហើយ​ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ប្រើប្រាស់​រថភ្លើង​អាកាស​ធ្វើ​ដំណើរ ដូច​ក្រុង​បាងកក​អីចឹង » ។

អ្វី​ដែល​ជា​ច​ម្ង​ល់​នោះ​គឺថា តើ​មហាជន​យល់​យ៉ាងណា​ចំពោះ​គម្រោង​សាងសង់​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស តើ​វា​ពិតជា​ចាំបាច់​ណាស់​ឬ ?

« បាទ​! ប្រាកដ​ណាស់ វា​នឹង​ជួយ​សម្រួល​ចរាចរណ៍​មួយ​ផ្នែក ហើយ​អាច​កំណត់​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយស្រួល​បំផុត​»​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក សេង សិទ្ធិជ័យ អគ្គនាយក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយ​នៅ​ក្រុងភ្នំពេញ ។

ជាមួយនឹង​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ញឹកញាប់​ក្នុង​មុខ​ជំនួញ​នោះ លោក​ធ្លាប់​មានបទពិសោធន៍​ចុះ​ចេញពី​រថយន្ត​កណ្តាល​ទី ហើយ​ត្រូវ​ឡើង​ជិះ​ម៉ូតូឌុប​ដើម្បី​ឲ្យ​ទាន់​ជើងហោះហើរ​ជាដើម ។

លោក សេង សិទ្ធិជ័យ បាន​ឲ្យ​ដឹង​ថា ៖«​ជា​បទ​ពិសោធន៍ បើ​ឡើង​យន្តហោះ​ម៉ោង​១០​ព្រឹក​វិញ ត្រូវ​ត្រៀម​ចេញដំណើរ​តាំងពី​ម៉ោង​៦ ឬ​៧​ព្រឹក តែ​នេះ​ដោយសារ​ព្រ​លាន​យន្តហោះ​យើង អនុញាត​ឲ្យ​ចុះ​ឈ្មោះ​ហោះហើរ​មុន​ត្រឹមតែ​២៥​នាទី​ទេ តែបើ​ព្រ​លាន​យន្តហោះ​នៅ​ថៃ​វិញ ត្រូវ​ចុះ​ឈ្មោះ​ហោះហើរ​មុន​២​ម៉ោង​ឯណោះ » ។

លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​បង្ហាញ​ការ​សាទរ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​លោក​ជឿជាក់​ថា គម្រោង​សាងសង់​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស នឹង​គ្មាន​ផល​អវិជ្ជមាន​ដល់​បងប្អូន​ដែល​ប្រកប​របរ​រត់​ម៉ូតូ​កង់​៣ ដឹក​ភ្ញៀវ​ចេញចូល​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទេ ។

លោក វន ពៅ បន្ត​ថា ៖« សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា បើ​មាន​ផ្លូវ​រថភ្លើង​លើ​អាកាស គឺ​យើង​អបអរសាទរ​… ព្រោះថា បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​សព្វថ្ងៃ គឺ​វា​ជា​បញ្ហា​ចម្បង​របស់​អ្នក​រត់​ម៉ូតូ​កង់​៣​ផង​ដែរ ។ អីចឹង បើ​មាន​រថភ្លើង​លើ​អាកាស វា​ជា​ប្រយោជន៍​សម្រាប់​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​ដឹក​ភ្ញៀវ ដោយសារ​បញ្ហា​កកស្ទះ​ចរាចរណ៍ ពួក​គាត់​ត្រូវ​ខាត​សាំង​ច្រើន ។ ឧទាហរណ៍ ត្រូវ​ចំណាយ​សាំង​កន្លះ​លី​ត្រ​ដឹក​ភ្ញៀវ​ពី​កណ្តាល​ក្រុង​ទៅ​កាន់​ព្រ​លាន​យន្តហោះ តែ​ជាក់ស្តែង គឺ​ត្រូវ​ចំណាយ​សាំង​ដល់​ទៅ​១​លី​ត្រ ដោយ​សារ​តែ​បញ្ហា​ស្ទះចរាចរណ៍ » ។

យ៉ាងណាមិញ មិន​ថា​ការ​កកស្ទះ​ត្រូវ​ចំណាយ​សាំង​ច្រើន​ជាង​មុន​ទេ តម្លៃ​នៃ​ការ​ដឹក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​ព្រ​លាន​យន្តហោះ គឺ​តម្លៃ​ត្រឹម​៧​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​ដដែល ខណៈ​ការ​ចំណាយ​លើ​ថ្លៃ​សាំង​ទ្វេ​មួយ​ជា​ពីរ​ក្តី ។

លោក វន ពៅ បន្ត​ថា ៖« អីចឹង ពេល​មាន​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស​នោះ ផ្លូវ​ក្រោម​នឹង​អាច​កាត់​បន្ថយ​ការ​កកស្ទះ​បាន​ច្រើន​។ វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​បង​ប្អូន​យើង​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ដឹក​ភ្ញៀវ ។ សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា បើសិនជា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដំណើរការ វា​មិន​ប៉ះពាល់​ដល់​បងប្អូន​យើង​ទេ ព្រោះ​ខ្ញុំ​គិត​ថា អ្នក​ដែល​ចុះ​ពី​យន្តហោះ ប្រាកដជា​ពេញចិត្ត​នឹង​ការ​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក ដោយសារ​តែ​ពួក​គាត់​ភាគច្រើន​មានបទពិសោធន៍​ធ្វើ​ដំណើរ​ជាមួយ​រថភ្លើង​លើ​អាកាស ។ ដូច្នេះ អ្នក​ប្រើប្រាស់​រថភ្លើង​លើ​អាកាស គឺ​ភាគច្រើន​សម្រាប់​តែ​អ្នក​ត្រូវ​ឡើង​យន្តហោះ ដែល​តម្រូវ​ឲ្យ​គាត់​ទៅ​ព្រ​លាន​យន្តហោះ​ទាន់​ពេលវេលា គឺជា​មុខសញ្ញា ដែល​ត្រូវធ្វើ​ដំណើរ​តាម​រថភ្លើង​លើ​អាកាស » ។

យោង​តាម​គេហទំព័រ​របស់ Cambodia Airport ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​ដើម្បី​គ្រប់គ្រង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ធំ​ៗ​ទាំង​បី បាន​បង្ហាញ​ថា ចរាចរណ៍​នៅ​ព្រ​លាន​យន្តហោះ​កម្ពុជា​បាន​កើនឡើង​២​ខ្ទង់​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៧ ។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ស្វាគមន៍​អ្នកដំណើរ​ជិត​៣៥​ម៉ឺន​នាក់​ក្នុង​ខែមករា ឆ្នាំ​២០១៧ កើនឡើង​១៩,១% ក្នុង​នោះ​ដែរ ៣០%​នៃ​អ្នកដំណើរ​សរុប​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ គឺ​មក​ពី​ប្រទេស​ចិន ម៉ា​កាវ ហុងកុង និង​តៃវ៉ាន់ ។ ២៤%​ផ្សេង​ទៀត​មក​ពី​ប្រទេស​ថៃ និង​១០% មក​ពី​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ។ អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កម្ពុជា​បាន​រួមចំណែក​ដល់​កំណើន​ប្រមាណ​១០%​។ សម្រាប់​ពេញ​មួយ​ឆ្នាំ​២០១៦ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​អ្នកដំណើរ​ចំនួន​៣.៣៨៨.៥៥៣​នាក់ ៕