ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ភ្លឺ​ក្រឡាប់ភីង… ស្វាង​​​ចែស

6 ឆ្នាំ មុន

រថយន្ដ​សណ្ដោង​រ៉ឺ​ម៉ក​ខ្នាត​យក្ស​មួយ​គ្រឿង​

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​សណ្ដោង​រ៉ឺ​ម៉ក​ខ្នាត​យក្ស​មួយ​គ្រឿង​បាន​រេ​ចង្កូត​ធ្លាក់​ចិញ្ចើម​ផ្លូវ​ បណ្ដាល​ឲ្យ​ផ្អៀង​ក្រឡាប់​ភីង​បោក​បាក់​បង្គោល​ភ្លើង​មួយ​ដើម ព្រមទាំង​ចាក​ទំនិញ​ចូល​ក្នុង​ស្នាមភ្លោះ​រាយ​ប៉ាយ ប៉ុន្តែ​សំណាងល្អ​ពុំ​មាន​អ្នក​ណា​រង​របួស​នោះ​ទេ ។ គ្រោះ​ថ្នាក់​នេះ​ បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤២​និង​លេខ​១៤៣ ស្ថិត​ក្នុងភូមិ​ទួល​ម្កាក់​សង្កាត់​​រលាប ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៧ ។

មន្ត្រី​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា រថយន្ដ​បង្ក​គ្រោះថ្នាក់​នេះ ​ជា​រថយន្ដ​ធុន​ធំ​ម៉ាក​FUSO​ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3954​សណ្ដោង​រ៉ឺ​​ម៉ក​កង់​១៦​ដឹក​ទឹក​ផ្លែ​ឈើ ទឹកបរិសុទ្ធ នំ​ធុង និង​អីវ៉ាន់​គ្រឿងទេស​ជា​ច្រើន​មុខ​ទៀត​។​អ្នកបើកបរ​ឈ្មោះ​ផល ផានិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ទៀប​ភ្លឺ​នោះ​គេ​ឃើញ​រថយន្ដ​ខាងលើ​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ មិនដឹង​ជា​យ៉ាងម៉េច ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ ទៅ​បុក​បង្គោល​ចំណាំង​ប្លាត​បាក់​អស់​មួយ​ដើម ​ហើយ​កង់​ម្ខាង​ធ្លាក់​ចិញ្ចើម​ផ្លូវ ។

ពេល​នោះ​អ្នកបើកបរ​ភ្ញាក់ខ្លួន ​ក៏​បាន​បួង​ចង្កូត​ឡើង​មក​លើ​ថ្នល់​វិញ​ បណ្ដាល​ឲ្យ​ដាច់​រ៉ឺម៉ក​សណ្ដោង​ផ្អៀង​ក្រឡាប់​សង្កត់​លើ​បង្គោល​ខ្សែភ្លើង​បាក់​អស់​មួយ​ដើម​ព្រមទាំង​ចាក់​អីវ៉ាន់​ចូល​ទៅ​ក្នុង​ស្នាមភ្លោះ​រាយ​ប៉ាយ​។ ទោះ​យ៉ាងណា​អ្នកបើកបរ​និង​ព្រូ​មិន​មាន​គ្រោះ​ថ្នាក់​​​ទេ ៕