ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចាប់ផ្តើម​ស៊ើបអង្កេត​ផ្នែក​ពាណិជ្ជកម្ម​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ផ្នែក​ពាណិជ្ជកម្ម​ជា​ផ្លូវការ​លើ​ការ​គោរព កម្មសិទ្ធិបញ្ញា​របស់​ប្រទេស​ចិន និង​បង្ខំ​ឲ្យ​

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ផ្នែក​ពាណិជ្ជកម្ម​ជា​ផ្លូវការ​លើ​ការ​គោរព កម្មសិទ្ធិបញ្ញា​របស់​ប្រទេស​ចិន និង​បង្ខំ​ឲ្យ​មានការ​បញ្ចូល​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក ។

អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក Robert Lighthizer បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖« កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រាប់​ខ្ញុំ​ឲ្យ​ត្រួតពិនិត្យ​ច្បាប់ គោលនយោបាយ និង​ការ​អនុវត្ត​របស់​ចិន ដែល​អាច​នឹង​ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​, ការ​បង្កើត​ថ្មី ឬ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក » ។

លោក​បន្ត​ថា ៖« បន្ទាប់​ពី​បាន​ប្រឹក្សា​ជាមួយ​ភាគី​ចូលរួម និង​ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ទៀត​ហើយ ខ្ញុំ​យល់​ឃើញ​ថា បញ្ហា​សំខាន់​ៗ​ទាំងនេះ​ត្រូវការ​ការ​ស៊ើបអង្កេត​ក្បោះ​ក្បាយ​​មួយ » ។

ក្រុមហ៊ុន​បរទេស​បាន​រអ៊ូរទាំ​ជា​យូរ​មក​ហើយ​ទាក់ទិន​នឹង​ការ​បរាជ័យ​របស់​ចិន ក្នុង​ការ​ការពារ​ចំណេះដឹង និង​ប៉ាតង់ ។ ករណី​មួយ​ចំនួន​ទៀត ប្រទេស​នេះ​បាន​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ចែករំលែក​ព័ត៌មាន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ក្នុងស្រុក ដើម្បី​ប្រកប​អាជីវកម្ម​ក្នុង​ទីផ្សារ​ចិន​ដ៏​ធំ​នេះ ។

ប៉ុន្តែ​ពួក​គេ​មិន​សកម្ម​ទេ​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចេញ​សកម្មភាព ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ថា អាច​នឹង​បាត់បង់​ការ​អនុញ្ញាត​ដើម្បី​ចូល​មក​ដំណើរការ​ក្នុង​ប្រទេស​ចិន ។
លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មុន​ថា​៖ « សហរដ្ឋអាមេរិក​នឹង​មិន​បិទ​ភ្នែក​ម្ខាង បើកភ្នែក​ម្ខាង​ទៀត​ឡើយ » ។

លោក​បន្ត​ថា ៖« ពួក​យើង​នឹង​ការពារ​ការ​រក្សា​សិទ្ធិ​, ប៉ាតង់​, រឿង​សម្ងាត់​ក្នុង​ជំនួញ និង​កម្មសិទ្ធិបញ្ញា​ដទៃ​ទៀត​ដែល​មាន​សារសំខាន់​ណាស់​សម្រាប់​សន្តិសុខ និង​ការ​លូតលាស់​រីក​ចម្រើន​របស់​ពួក​យើង » ។

លោក​បន្ថែម​ថា សហរដ្ឋអាមេរិក​នឹង​មិន​ឈរ​មើល​ចិន​លួច​រឿង​សម្ងាត់​ផ្នែក​ឧស្សាហកម្ម​របស់​អា​មេ​រិ​ក​ទៀត​ទេ ។ លោក Lighthizer កំពុង​តែ​ចាប់ផ្តើម​ស៊ើបអង្កេត​នៅ​ក្រោម​ច្បាប់ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក ដែល​ទាក់ទិន​នឹង​កម្មសិទ្ធិបញ្ញា ។

កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​ចិន​បាន​ឆ្លើយ​តប​មក​វិញ និង​ព្រមាន​ថា អ្នក​ទាំងអស់​គ្នា​នឹង​ចាញ់​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២ លើ​ពិភពលោក ៕