ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​នាំ​ពូជ​ជន្លេន​ពី​បរទេស ​ដើម្បី​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កសិករ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ចិញ្ចឹម​ជន្លេន​ក្រហម ដែល​បាន​យក​ពី​ប្រទេស​ជិតខាង ដើម្បី​ធ្វើ​ជា​ចំណី​មាន់ ទា កង្កែប និង​ត្រី​ជាដើម និង​សម្រាប់​ប្រើ​ជា​ជី​កសិកម្ម​ដើម្បី​

រាជធានី​ភ្នំពេញ ៖ កសិករ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ចិញ្ចឹម​ជន្លេន​ក្រហម ដែល​បាន​យក​ពី​ប្រទេស​ជិតខាង ដើម្បី​ធ្វើ​ជា​ចំណី​មាន់ ទា កង្កែប និង​ត្រី​ជាដើម និង​សម្រាប់​ប្រើ​ជា​ជី​កសិកម្ម​ដើម្បី​ឱ្យ​ដី​ផុស​ល្អ និង​ជំរុញ​ដំណាំ​លូតលាស់​បាន​លឿន​រហ័ស ។

លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេ​ដាក​) បានឱ្យ​ដឹង​ថា កសិករ​មួយ​ចំនួន​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​សេ​ដាក បាន​បន្ថែម​របរ​ចិញ្ចឹម​ជន្លេន ប្រភេទ​ជន្លេន​ក្រហម​រាប់​ពាន់​គ្រួសារ​ហើយ​ដែរ ប៉ុ​​ន្តែ​ការ​ចិញ្ចឹម​ជន្លេន​នេះ មិនមែន​សម្រាប់​លក់​យកចំណេញ​នោះ​ទេ​។ លោក​និយាយ​ថា ៖«ការ​ចិញ្ចឹម​ជន្លេន​របស់​ប្រជា​កសិករ គ្រាន់តែ​សម្រាប់​គាំទ្រ​ដល់​របរ​ផ្សេង​របស់​ពួក​គាត់ ។ ជាក់ស្ដែង កសិករ​ចិញ្ចឹម​ជន្លេន​ដើម្បី​យក​ទៅ​ធ្វើ​ចំណី​មាន់ ទា កង្កែប និង​ត្រី​ដែល​ពួក​គាត់​ចិញ្ចឹម​ប៉ុណ្ណោះ ឬ​ក៏​ចិញ្ចឹម​ជន្លេន​សម្រាប់​ធ្វើ​ជា​ជីកំប៉ុស​ដាក់​ស្រែ​ផង​ដែរ » ។

លោក​បន្ត​ថា ការ​ចិញ្ចឹម​ជន្លេន​ឆាប់​ទទួល​បាន​ផល​ណាស់ ហើយ​ចំណី​របស់​ជន្លេន ក៏​មិន​ពិបាក​រក​ដែរ ។ ជាក់ស្ដែង គ្រាន់តែ​យក​លាមក​គោ​ស្រស់​ទៅ​ដាក់​នៅ​កន្លែង​ចិញ្ចឹម ហើយ​ជន្លេន​ជុះ​មក​វិញ គឺ​អាច​យក​ធ្វើ​ជា​ជី​សម្រាប់​ដាក់​ដំណាំ និង​ដាក់​ស្រែ​បាន ។ លោក​ថា ៖«​សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​ជន្លេន មិនបាច់​ធ្វើ​ធំដុំ​ពេក​ទេ យើង​យក​តែ​ស្បោង​ប្លា​ស្ទីក​១​ម៉ែត្រ​៤​ជ្រុង និង​ជីក​ជម្រៅ​ត្រឹមតែ​៣​តឹក ហើយ​យក​អាច់​គោ​ទៅ​ដាក់​បាត​ពីក្រោម និង​បន្ថែម​អាច់​គោ​ពីលើ​ជន្លេន​បន្តបន្ទាប់​ទៅ គឺជា​ការ​ស្រេច​ហើយ តែ​ជា​រៀងរាល់ថ្ងៃ យើង​ត្រូវ​ចាក់ទឹក​ឱ្យ​សើម​ជាប់​ជា​និច្ច ដើម្បី​ឱ្យ​ជន្លេន​នោះ​ឆាប់​ធំ » ។

លោក​បន្ថែម​ថា កសិករ​ដែល​ចិញ្ចឹម​ជន្លេន​បច្ចុប្បន្ន​ភាគច្រើន​យក​ពូជ​ពី​បរទេស ព្រោះ​ជន្លេន​នៅ​ក្នុងស្រុក វា​មិន​នៅ​នឹង​មួយ​កន្លែង គឺ​វា​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ចេញពី​កសិដ្ឋាន ឬ​អាង​ចិញ្ចឹម ។ ម្យ៉ាងទៀត ជន្លេន​ក្នុងស្រុក ក៏​មិនដឹង​ថា មាន​ប្រូ​តេ​អីុន​ប៉ុន្មាន​ច្បាស់លាស់​ដែរ ប៉ុន្តែ​ចំពោះ​ជន្លេន​បរទេស ដែល​ជា​ប្រភេទ​ពូជ​ជន្លេន​ក្រហម វា​មាន​ប្រូ​តេ​អីុន​ខ្ពស់​រហូត​ដល់​៧០​ភាគរយ​ឯណោះ ពីព្រោះ​ជន្លេន​ដែល​ចិញ្ចឹម​នោះ គេ​យក​ទៅ​ធ្វើ​ជា​ចំណី​សត្វ​ចិញ្ចឹម​ផង និង​យក​ធ្វើ​ជា​ជី​ផង ។ ដូចនេះ​ហើយ​ទើប​កសិករ​ជ្រើសរើស​យក​ពូជ​ជន្លេន​ក្រហម​មក​ចិញ្ចឹម ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ផ្នែក​កសិកម្ម​រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា កសិករ​គ្រប់​ខេត្ត​នៃ​ប្រទេស​កម្ពុជា អាច​ចិញ្ចឹម​ជន្លេន​បាន​គ្រប់​ៗ​គ្នា ដោយ​មិនបាច់​ទាល់តែ​ខេត្ត​នេះ ឬ​ខេត្ត​នោះ​ទើប​អាច​ចិញ្ចឹម​បាន​ទេ សំខាន់​មាន​តែ​លាមក​គោ គឺ​អាច​ចិញ្ចឹម​បាន​ហើយ ។ បើ​តាម​អ្វី​ដែល​លោក​ដឹង បច្ចុប្បន្ន មាន​កសិករ​រាប់​ពាន់​គ្រួសារ​ហើយ​ដែល​ចិញ្ចឹម​ជន្លេន ដូច​ជា នៅ​ខេត្តកំពត តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ និង​ព្រៃវែង​ជាដើម ហើយ​ភាគច្រើន កសិករ​ទាំងនោះ​ចិញ្ចឹម​ជន្លេន​សម្រាប់​យក​ធ្វើ​ជា​ចំណី​មាន់ ចំណី​ត្រី ដើម្បី​បន្ថែម​ប្រូ​តេ​អុ​ី​ន​ឱ្យ​ត្រី និង​មាន់​ឆាប់​ទទួល​បាន​ផល ។

លោក​បញ្ជាក់​ថា កន្លង​មក ការ​នាំ​ចូល​ពូជ​ជន្លេន​ពី​បរទេស មិន​មាន​របាយការណ៍​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ។ សម្រាប់​កសិករ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ពី​មជ្ឈមណ្ឌល​របស់​លោក គឺ​បាន​នាំ​ចូល​តាម​រយៈ​ការ​សុំ​ចែក​ពូជ​ពី​ប្រទេស​ជិតខាង​មក​សាកល្បង​ចិញ្ចឹម​ប៉ុណ្ណោះ ។

អ្នកស្រី ជ័យ ស៊ី​យ៉ា​ត កសិករ​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​ចិញ្ចឹម​ជន្លេន សម្រាប់​ធ្វើ​ជា​ចំណី​មាន់ បានឱ្យ​ដឹង​ថា មាន់​របស់​អ្នកស្រី ដែល​ស៊ី​ជន្លេន មិន​ត្រឹមតែ​ធំធាត់​លឿន​រហ័ស​នោះ​ទេ តែ​វា​ក៏​ឈ្នះ​ជំងឺ​នានា​ផង​ដែរ ។ ជាក់ស្ដែង នៅ​ពេល​រដូវក្ដៅ​ម្ដង​ៗ មាន់​អ្នកស្រុក​តែងតែ​ងាប់​ពាស​វាល​ពាស​កាល ប៉ុន្តែ​សម្រាប់​មាន់​អ្នកស្រី​វិញ គ្មាន​ជំងឺ ឬ​ងាប់​ទេ​។ ទោះជា​យ៉ាងណា ក៏​មានការ​ប្រុង​ប្រយ័ត្ន​មួយ​ចំនួន​ដែរ​ដូច​ជា ចាប់​មាន់​បញ្ចូល​ទ្រុង និង​ដាក់​ជន្លេន​ឱ្យ​ស៊ី​ជាដើម ៕