ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើដូចប៉ូលិស​សន្និដ្ឋាន​មែន… ជីវិត​នាង​​ពិតជា​​ផុយ​​​ណាស់​​រឿង​នេះ

6 ឆ្នាំ មុន

ខ្មាន់កាំភ្លើង​១​ក្រុម​ដែល​មាន​គ្នា​៣​នាក់បាន​បា.ញ់ប្រហារ​ទៅ​លើ​ស្ត្រី​ម្នាក់​ចំនួន​៣​គ្រាប់

រាជធានី​ភ្នំពេញ ៖ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ សីហា ខ្មាន់កាំភ្លើង​១​ក្រុម​ដែល​មាន​គ្នា​៣​នាក់ បាន​បាញ់ប្រហារ​ទៅ​លើ​ស្ត្រី​ម្នាក់​ចំនួន​៣​គ្រាប់ ត្រូវ​ក្បាល​២​គ្រាប់​រត់​អស់​មួយ​ខ្យល់​ពី​កន្លែង​កើតហេតុ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ ក៏​បាន​ដួល​ស្លាប់​ភ្លាម​ៗ​គួរ​ឱ្យ​សង្វេគ​បំផុត​។ បន្ទាប់​មក​ក្រុម​ខ្មាន់កាំភ្លើង​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព និង​បន្សល់​ទុក​តែ​សំបក​គ្រាប់​ដែល​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​អាច​ជា​ម៉ាក​កា​៥៩ ។ អ្នកណា​ទៅដឹង… គ្រាន់តែនាង​​​ប្រើពាក្យ​ប៉ុន្មានម៉ាត់នេះ បាញ់​​ស្លាប់​ក្នុង​ថ្លុក​​ឈាម

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អំពើ​ឃាតកម្ម​ខាងលើ​នោះ​ អាច​ផ្ដើម​ចេញពី​រឿង​ទំនាស់​ពាក្យ​សម្ដី ដែល​ជន​រង​គ្រោះ​និយាយ​​​លេងសើច ។ បើ​ករណី​នេះ​ដូច​ការ​សន្និដ្ឋាន​បែប​នេះ មែន​នោះ ​គឺ​មាន​ន័យ​ថា ជីវិត​នារី​រង​គ្រោះ​ផុយ​ដូច​តៅហ៊ូ តែ​អ្វី​ដែល​បង្ក​ការ​ភ័យ​ខ្លាច​ សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់នោះ​ គឺ​ការ​ប្រើ​អាវុធ​អនាធិបតេយ្យ​នៅ​តែ​មិន​អាច​គ្រប់គ្រង​បាន ។

ហេតុការណ៍​នេះ ​បាន​កើត​ឡើងកាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង  សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ មូល ស៊ី​ម អាយុ​ប្រហែល​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ស្រ​ឡែ​ង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ កម្មការិនី​រូប​នេះ​ត្រូវ​ឃាតករ​បាញ់​ស្រោច​ទៅ​លើ​ចំនួន​៣​គ្រាប់ បណ្ដាល​ឱ្យ​គ្រាប់កាំភ្លើង​ហោះ​ទៅ​ត្រូវ​ចំ​ក្បាល​ចំនួន​២​គ្រាប់​ស្លាប់​ភ្លាម​មួយ​រំពេច ។

តាម​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា​នៅ​វេលា​ព្រលប់​ថ្ងៃ​ទី​១៨ សីហា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​មាន​គ្នា​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ប្រុស​២​នាក់ និង​ស្រី​៣​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ចូល​រាំ​លេង​នៅ​ក្លិប​ឌី​ស្កូ​មី​ត​ណាយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ទល់មុខ​រោងចក្រ​កាត់ដេរ​សកល ហៅ​រោងចក្រ​៦​ជាន់​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ។ ក្រោយ​ពេល​សប្បាយ​អស់ចិត្ត​ហើយ ក៏​បាន​នាំ​គ្នា​ចាក​ចេញពី​ក្លិប​មី​ត​ណាយ​នោះ​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ ប៉ុន្តែ​ខណៈនោះ​ម៉ូតូ​របស់​ពួក​គេ​១​គ្រឿង​បាន​ខូច​បញ្ឆេះ​មិន​ឆេះ ក៏​បាន​នាំ​គ្នា​អូស​យក​ទៅ​ឱ្យ​ជាង​ជួសជុល​នៅ​កន្លែង​កើតហេតុ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ពី​ក្លិប​មី​ត​ណាយ​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ខណៈ​ពេល​ដែល​ជាង​កំពុង​ជួសជុល​ម៉ូតូ​ឱ្យ​នោះ ស្រាប់តែ​មាន​មនុស្ស​ប្រុស​៣​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​មាន​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង និង​ម៉ាក​ហុងដា​ស្គូ​ពី​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​កន្លែង​កើតហេតុ ហើយ​បាន​សួរ​រក​ទិញ​ភេសជ្ជៈ​ស្ទី​ង​មួយ​ដប ព្រោះ​នៅ​កន្លែង​ជួសជុល​ម៉ូតូ​នោះ ក៏​មាន​លក់​ភេសជ្ជៈ​ផង​ដែរ ។ ខណៈនោះ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ប្រាប់​ទៅ​ជាង​ម៉ូតូ​ថា «​មិន​ចាំបាច់​ងើប​ទេ​ពូ ចាំ​ខ្ញុំ​ជួយ​លក់​ឱ្យ ពូ​ធ្វើ​តែ​ម៉ូតូ​ខ្ញុំ​ទៅ​» បន្ទាប់​មក​នាង​ក៏​បាន​យក​ទឹក​ស្ទី​ង​ទៅ​ឱ្យ​ជន​ជា​ខ្មាន់​កាំភ្លើង​នោះ ប៉ុន្តែ​ភ្លាម​ៗ​នោះ ឃាតករ​បែរជា​និយាយ​ថា «​ខ្ញុំ​អត់​ទិញ​តូប​នឹង​ទេ ខ្ញុំ​ទិញ​តូប​ខាង​នោះ​តើ​» ។

តាម​ប្រភព​ថា ពេល​នោះ​នាង​ក៏​បាន​និយាយ​បែប​គំរោះគំរើយ​តប​វិញ​ថា បើ​មិន​ទិញ​ទេ​មើល​មុខ​ខ្ញុំ​ធ្វើ​អី? ដែល​ការ​និយាយ​នោះ​ក្នុង​ន័យ​លេងសើច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹក​ស្មានថា​ធ្វើ​ឱ្យ​ជនសង្ស័យ​ផ្ទុះ​កំហឹង​ឡើង ហើយ​គ្រាន់តែ​នាង​និយាយ​ចប់​ភ្លាម ស្រាប់តែ​ឃាតករ​មិន​បាន​និយាយ​តប​វិញ​ទេ ក៏​បាន​ទាញ​កាំភ្លើង​ចេញពី​ក្នុង​កាបូប​បាញ់​ស្រោច​មក​លើ​ស្ត្រី​រង​គ្រោះ​ចំនួន​៣​គ្រាប់​ផ្ទួន​ៗ​បណ្ដាល​​ឱ្យ​ត្រូវ​ចំ​ក្បាល​២​គ្រាប់​ហើយ​ឃើញ​នាងរ​ត់ទៅ​មួយ​ខ្យល់​បាន​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ ក៏​បាន​ដួល​ស្លាប់​ភ្លាម​ៗ បន្ទាប់​មក​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​មាន​ចរិត​សហាវ​ព្រៃផ្សៃ​ខ្លាំង​ណាស់ ដែល​បាន​លើកដៃ​បាញ់​សម្លាប់​ស្ត្រីភេទ​ទន់ខ្សោយ ព្រោះតែ​នាង​និយាយ​លេងសើច​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ ។ ទោះជា​បែប​ណា ពេល​នេះ​កម្លាំង​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឃាតករ​ដៃ​ឆៅ​នោះ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ហើយ​ក៏​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​សហការ​ក្នុង​រឿង​នេះ​ផង​ដែរ​៕