ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បង្កើត​សាលា​ភាពយន្ត​នៅ​កម្ពុជា​មិន​ទាន់​ចេញ​ជា​រូបរាង…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​គម្រោង​បង្កើត​សាលា​បណ្តុះបណ្តាល​សិល្បៈ​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ បន្ទាប់​ពី​គម្រោង​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​គម្រោង​បង្កើត​សាលា​បណ្តុះបណ្តាល​សិល្បៈ​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ បន្ទាប់​ពី​គម្រោង​មួយ​នេះ​លេចលឺ​កាលពី​អំឡុង​ឆ្នាំ​២០០៦-២០០៧ ។

លោក​ផុ​ក បូ​រះ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​គម្រោង​បង្កើត​សាលា​​បណ្តុះបណ្តាល​ផ្នែក​ភាពយន្ត​រហូត​មក​ដល់​ពេល​នេះ​ហាក់​នៅ​ទ្រឹង​នៅឡើយ ។ កន្លង​មក​កម្ពុជា​យើង​ធ្លាប់​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​សហសា​កល​វិទ្យា​សិល្បៈ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នា​អំឡុង​ឆ្នាំ​២០០៦ និង​២០០៧ ដើម្បី​បង្កើត​សាលា​បណ្តុះបណ្តាល​ភាពយន្ត​នេះ​ឡើង ។ ប៉ុន្តែ​ក្រោយមក​គម្រោង​នេះ​បាន​រាំងស្ទះ​ទៅ​វិញ បន្ទាប់​ពី​ប្រទេស​កូរ៉េ​បាន​ជួបនឹង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ផង និង​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ផង ។

បើ​តាម​លោក​ផុ​ក បូ​រះ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កូរ៉េ​នា​ពេល​នោះ គឺ​ខាង​ភាគី​កូរ៉េ​ជួយ​ទាំងស្រុង​ទាំង​ធនធាន​គ្រូ និង​សម្ភារ​នៃ​ការ​បណ្តុះបណ្តាល ចំណែក​ខាងយើង​គឺ​ត្រៀម​តែ​ទីតាំង​ប៉ុណ្ណោះ ដោយ​យើង​បាន​គ្រោង​យក​ទៅ​ដាក់​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ។

ទោះជា​យ៉ាងណា​ក្តី​បញ្ហា​ចំពោះ​មុខ បើ​ទោះជា​គម្រោង​មួយ​នេះ​រាំងស្ទះ​ក៏​ពិតមែន ប៉ុន្តែ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​តែងតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សាលា​បណ្តុះបណ្តាល​លើ​ផ្នែក​សិល្បៈ​ភាពយន្ត ។

លោក​ផុ​ក បូ​រះ ឲ្យ​ដឹង​បន្ថែម​ថា ឈរ​លើ​មូលដ្ឋាន​ចាំបាច់​ខាងលើ​នេះ កន្លង​មក​ក្រសួង​ក៏​បាន​បើក​វគ្គ​បណ្តុះបណ្តាល ខ្លី​ៗ​លើ​ជំនាញ​ភាពយន្ត ។ ជាក់ស្តែង​មុខ​វិជ្ជា​នេះ​មាន​សាលា​ឯកជន​មួយ​ចំនួន​ធ្លាប់​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន​ដែរ ប៉ុន្តែ​ហាក់​មិន​បាន​ជោគជ័យ​ដោយសារ​មិន​មាន​សិស្ស​ច្រើន​ដាក់​ពាក្យ​ចូល​រៀន ។

លោក​ផុ​ក បូ​រះ បញ្ជាក់​ថា ការ​ដែល​យើង​អាច​ឈាន​ទៅ​ដល់​ការ​បើក​សាលា​បណ្តុះបណ្តាល​លើ​ជំនាញ​ភាពយន្ត​បាន​គឺ​ត្រូវ​ពឹងផ្អែក​លើក​ក្តា ធំ​ៗ​ចំនួន​៣ គឺ​ទី​១ ធនធាន​គ្រូបង្រៀន ទី​២​កត្តា​សិស្ស និង​ទី​៣​សម្ភារ​បច្ចេកទេស​ក្នុង​ការ​បណ្តុះបណ្តាល ។

ក​ក្តា​ធនធាន​គ្រូ​គឺ​យើង​សំដៅ​ទៅ​លើ​គ្រូ​ដែល​មាន​ជំនាញ​ពាក់ព័ន្ធ​ដូច​ជា ផ្នែក​កាត់ត រៀបចំ​ប្លង់ ដឹកនាំ​រឿង និង​ការ​សរសេរ​រឿង​។​ល​។ ចំណែក​កត្តា​សិស្ស​វិញ គឺ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​នៅ​ពេល​ដែល​សិស្ស​រៀន​ចប់​ហើយ​អាច​មាន​ទីផ្សារ​ការងារ ។ ចំពោះ​បញ្ហា​សម្ភារ​បច្ចេកទេស​គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​គ្រប់គ្រាន់​សម្រាប់​សិស្ស​អនុវត្ត​ដោយ​ផ្ទាល់​ក្រោយ​រៀន​ទ្រឹស្តី ។

លោក​ផុ​ក បូ​រះ បាន​បដិសេធ​ចំពោះ​ទស្សនៈ​របស់​អ្នកដឹកនាំ​រឿង​មួយ​ចំនួន ដោយ​បាន​លើក​ឡើង​ថា ពុំ​មានការ​ចាំបាច់​ក្នុង​ការ​បង្កើត​សាលា​ភាពយន្ត​នេះ​ឡើយ ព្រោះ​ការ​ទទួល​បទ​ពិសោធន៍​ពី​រៀមច្បង ចាស់​ៗ និង​ការ​មើល​ដោយ​ភ្នែក​របស់​ខ្លួន​ពី​ការ​ដឹកនាំ​របស់​គេ ផ្សេង​ៗ​នោះ​ក៏​ជា​ការ​សិក្សា​មួយ​ដើម្បី​ឈាន​ទៅ​ដល់​ការ​អាច​មាន​សមត្ថភាព​ដឹកនាំ​ភាពយន្ត​បាន​ដែរ ។ លោក​ផុ​ក បូ​រះ ថ្លែង​ថា «​ទស្សនៈ​មួយ​នេះ​គឺ​វា​នឹង​នាំ​ទៅ​រក​ភាព​បរាជ័យ​នា​ពេល​អនាគត​ទៅ​វិញ​ទេ ព្រោះ​ការ​ទទួល​ការ​បណ្តុះបណ្តាល​ពីសា​លា​ត្រឹមត្រូវ​គឺជា​គោលការណ៍​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​មុខ​។ ការ​បណ្តុះបណ្តាល​មួយ​ដោយ​មាន​ភាព​ត្រឹមត្រូវ និង​ច្បាស់លាស់​វា​នឹង​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​យើង​មាន​និរន្តរភាព​និង​អាច​មាន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ផង​ដែរ​» ៕