ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច​គ្រោង​រៀបចំ​សេចក្តីព្រាងច្បាប់​សម្រាប់​គ្រប់គ្រង​វិស័យ​អចលនវត្ថុ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​អចលនវត្ថុ​កម្ពុជា​កំពុង​រីក​ចម្រើន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្រោង​រៀបចំ​សេចក្តីព្រាងច្បាប់ និង​បទ​ប្បញ្ញត្តិ​ថ្មី​បន្ថែម ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​អចលនវត្ថុ​កម្ពុជា​កំពុង​រីក​ចម្រើន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គ្រោង​រៀបចំ​សេចក្តីព្រាងច្បាប់ និង​បទ​ប្បញ្ញត្តិ​ថ្មី​បន្ថែម ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ក្នុង​វិស័យ​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ការ​ធ្វើ​ប្រតិបត្តិការ​របស់​អ្នក​ប្រកប​សេវាកម្ម​វាយតម្លៃ សេវាកម្ម​ភ្នាក់ងារ​អចលនវត្ថុ និង​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ ឱ្យ​ការ​អនុវត្ត​មាន​តម្លាភាព និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ ។

ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​នេះ លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate មាន​ប្រសាសន៍​ថា ក្រមសីលធម៌​វិជ្ជាជីវៈ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹងគុណភាព​ការងារ​ភ្នាក់ងារ​វាយតម្លៃ និង​អចលនវត្ថុ ។ ក្រមសីលធម៌​វិជ្ជាជីវៈ​នៅ​ប្រទេស​ជិតខាង និង​ប្រទេស​រីក​ចម្រើន​ក៏​មាន​រួច​ហើយ​ដែរ ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ឱ្យ​អ្នក​វាយតម្លៃ​អចលនវត្ថុ​ទទួលខុសត្រូវ និង​ដឹង​ថា អ្វី​ដែល​ត្រូវធ្វើ ឬ​មិន​ត្រូវធ្វើ ។

លោក​បន្ត​ថា ៖« ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​អចលនវត្ថុ​ប្រទេស​យើង ពិសេស​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ មិន​ទាន់​មាន​ក្រឹត្យក្រម ឬ​ច្បាប់​ណាមួយ​នៅឡើយ​ទេ ។ សម្រាប់​ក្រុមហ៊ុន​ដែល​គេ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ​ល្អ គេ​យក​មក​ពី​ខាងក្រៅ ព្រោះតែ​កម្ពុជា​មិន​ទាន់​មាន​សម្រាប់​ដាក់​ឱ្យ​អនុវត្ត ។ ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​នៅ​កម្ពុជា​យើង​អាច​និយាយ​បាន​ថា អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន​នីមួយ​ៗ​ផ្សេង​គ្នា មាន​ន័យ​ថា កម្រិត​នៃ​ការ​អនុវត្ត​ទូទៅ វា​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ទេ » ។

លោក​បន្ថែម​ថា ៖« ខ្ញុំ​គិត​ថា រាល់​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​បាន​ល្អ វា​នឹង​ជួយ​ជ្រោមជ្រែង និង​ពង្រឹង​ទំនុកចិត្ត​អតិថិជន​មក​ពី​ខាងក្រៅ ដែល​ប្រើប្រាស់​សេវាកម្ម​វាយ​តម្លៃ​អចលនវត្ថុ ។ អីចឹង បើ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ចេញ​ជា​ផ្លូវការ ខ្ញុំ​ជឿជាក់​ថា វា​នឹង​ល្អ​សម្រាប់​វិស័យ​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ទាំងមូល បើ​ទោះបី​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទាន់​បានដឹង ឬ​ប្រើប្រាស់​នៅ​ក្នុង​ការងារ​នេះ នឹង​អាច​ប្រើប្រាស់​គ្រប់​គ្នា » ។

លោក​លើក​ឡើង​ថា បើ​ក្រុមហ៊ុន​ផ្តល់​សេវា​មិន​បាន​ប្រើប្រាស់​ក្រមសីលធម៌​វិជ្ជាជីវៈ ការ​អនុវត្ត​ការងារ​ពេល​ខ្លះ​មាន​ភាព​រប៉ាត់រប៉ាយ មិន​ច្បាស់លាស់ ។ លើស​ពី​នេះ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ជំនឿ​ទុកចិត្ត​អ្នក​ប្រើប្រាស់​ក្នុង និង​ក្រៅ​ស្រុក ជា​ពិសេស វិនិយោគិន​នៅ​ក្រៅ​ស្រុក​មិន​ហ៊ាន​ចូល​មក​កម្ពុជា ដោយសារ​តែ​យើង​ធ្វើការ​មិន​បាន​ផ្តោត​ទៅ​លើ​គុណភាព​ការងារ ។

លោក សន សៀ​ប បញ្ជាក់​ថា ៖« ចំពោះ​ខ្ញុំ​ចង់​ឃើញ​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យ​បាន​ឆាប់ ដើម្បី​យក​មក​អនុវត្ត​សម្រាប់​អ្នក​វាយតម្លៃ​អចលនវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​កាន់តែ​លឿន គឺ​កាន់តែ​ល្អ ដើម្បី​លើក​ស្ទួយ​វិស័យ​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា » ។

យោង​តាម​របាយការណ៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០១៦-២០២៥​បង្ហាញ​ថា ក្រសួង​សេដ្ឋកិច្ច​គ្រោង​រៀបចំ​សេចក្តីព្រាងច្បាប់ និង​បទ​ប្បញ្ញត្តិ​ថ្មី​បន្ថែម​ទៀត ដើម្បី​បំពេញបន្ថែម​នូវ​ភាព​ខ្វះខាត​ក្នុង​ការ​គ្រប់គ្រង ៖ ១-​វិស័យ​អភិវឌ្ឍន៍​លំនៅ​ឋាន​, ២-​ការ​ធ្វើ​ប្រតិបត្តិការ​របស់​អ្នក​ប្រកប​សេវាកម្ម​វាយតម្លៃ សេវាកម្ម​ភ្នាក់ងារ​អចលនវត្ថុ និង​សេវាកម្ម​គ្រប់គ្រង​អចលនទ្រព្យ​ឱ្យ​បាន​តម្លាភាព និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​។ ច្បាប់ និង​បទ​ប្បញ្ញត្តិ​ថ្មី​នេះ ក៏​នឹង​បន្ថែម​នូវ​ការ​បង្កើត​ឱ្យ​មាន​កិច្ចសហការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ការ​គោរព​នូវ​លក្ខខណ្ឌ​តម្រូវ​របស់​ច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការ​កំណត់​បទដ្ឋាន​ព័ត៌មាន​និង​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​លក្ខខណ្ឌ​តម្រូវ​ផ្សេង​ៗ ។

យោង​តាម​របាយការណ៍​បញ្ជាក់​ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៦ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្តល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង​អាជ្ញាប័ណ្ណ​សេវា​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ ដល់​ក្រុមហ៊ុន​ចំនួន​១៤៩ និង​បាន​ចុះ​ត្រួតពិនិត្យ​ក្រុមហ៊ុន​ទាំងនោះ​ជា​ប្រចាំ ៕