ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នឹង​ទិញ​អចលនទ្រព្យ​ដោយ​បង់​រំលស់ អ្នក​ត្រូវ​សិក្សា​អ្វីខ្លះ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​លក់​អចលនទ្រព្យ​បង់​រំលស់​កំពុង​ពេញ​និយម​ជា​ខ្លាំង​ទាំង​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ និង​ក្រុមហ៊ុន​តូច​ៗ​ដែល​ទើប​ឈាន​ជើង​ប្រឡូក ។ ដោយសារ​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​លក់​អចលនទ្រព្យ​បង់​រំលស់​កំពុង​ពេញ​និយម​ជា​ខ្លាំង​ទាំង​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ និង​ក្រុមហ៊ុន​តូច​ៗ​ដែល​ទើប​ឈាន​ជើង​ប្រឡូក ។ ដោយសារ​តែ​សកម្មភាព​នេះ​កាន់តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បញ្ហា​ប្រឈម​សម្រាប់​អតិថិជន​ដែល​ជា​អ្នកទិញ ក៏​បាន​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​វា​នឹង​បន្ត​កើតឡើង​ទៀត បើសិនជា​គ្មាន​ការ​ទប់ស្កាត់​ណាមួយ ឬ​ក៏​អ្នកទិញ​មិន​បាន​សិក្សា​ច្បាស់លាស់ មុន​នឹង​សម្រេចចិត្ត​ទិញ​គម្រោង​អចលនទ្រព្យ​ទាំងនោះ មិន​ថា ដីធ្លី ឬ​ផ្ទះសម្បែង​ឡើយ ។

ទាក់ទង​នឹង​បញ្ហា​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​បង្ហាញ​នូវ​ទស្សនៈ​មួយ​ចំនួន ដើម្បី​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្វែងរក និង​កំពុង​ទិញ​អចលនទ្រព្យ​ដោយ​មធ្យោបាយ​បង់​រំលស់ ។

លោក​បានឱ្យ​ដឹង​ថា មុន​នឹង​ទិញ​អចលនទ្រព្យ​ណាមួយ​ដោយ​បង់​រំលស់​ប្រចាំខែ ជា​ពិសេស ការ​ទិញ​ដី​ឡូត៍ អ្នកទិញ​ត្រូវ​សិក្សា និង​ស៊ើប​ឱ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ប្រវត្តិ និង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​វិនិយោគ ឬ​អ្នកលក់​នោះ​។ ម្យ៉ាងទៀត ការ​សួរ​រក​ប្លង់​កម្មសិទ្ធិ ក៏​ជា​កត្តា​ចម្បង​មួយ​ដែរ​ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា ដី​នោះ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ណា​ផ្សេង ឬ អចលនទ្រព្យ​នោះ​កំពុង​ជាប់​ក្នុង​បញ្ជី​ដាក់បញ្ចាំ​ក្នុង​ធនាគារ​ណាមួយ​ដែរ​ឬទេ ។ ដូចនេះ អ្នកទិញ​គួរតែ​សួរ​រក​ប្លង់​រឹង ឬ​ប្លង់​ទន់ ដើម្បី​បញ្ជាក់​ពី​ភាព​ស្របច្បាប់​នៃ​អចលនទ្រព្យ ។

លោក​បន្ត​ថា ដោយសារ​តែ​កន្លង​មក អ្នកទិញ​ភាគច្រើន​មិន​បាន​ចាប់អារម្មណ៍​លើ​ចំណុច​នេះ ទើប​កើត​មាន​បាតុភាព​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ពីព្រោះ​មាន​ករណី​ខ្លះ អ្នកលក់​យក​អចលនទ្រព្យ ជា​ពិសេស ដីធ្លី​ដែល​កំពុង​មាន​ទំនាស់ មិន​ទាន់​ដោះស្រាយ​បាន យក​ទៅ​ពុះ​ជា​ឡូត៍​លក់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ដី​សង់ផ្ទះ ។

លោក​និយាយ​ថា ៖« បើសិនជា​ចង់ឱ្យ​កាន់តែ​ល្អ និង​គ្មាន​បញ្ហា​កើត​មាន​ក្រោយ​ពេល​ទិញ​ដី ឬ​អចលនទ្រព្យ បើ​អាច អ្នកទិញ​គួរ​សាកសួរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​រដ្ឋាភិបាល ពី​គម្រោង​អចលនទ្រព្យ​ដែល​បម្រុង​នឹង​ទិញ​ថា តើ​វា​ស្របច្បាប់​ដែរ​ឬទេ អាច​ទិញ​បាន​ដែរ​ទេ ដើម្បី​កុំឱ្យ​មាន​បាតុភាព​កើត​មាន​តាម​ក្រោយ » ។

អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​រូប​នេះ ក៏​បាន​ផ្ដល់​ជា​មតិយោបល់​មួយ​ចំនួន​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ ដូច​ជា ដី និង​ផ្ទះ​ជាដើម ។ លោក​ឱ្យ​ដឹង​ថា បើសិនជា​អ្នក​កំពុង​ស្វែងរក​លំនៅ​ឋាន​មួយ​សមរម្យ​ដើម្បី​រស់នៅ ហើយ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​បង់​ផ្ដាច់ គាត់​អាច​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​ប្រចាំខែ ក៏​ប៉ុន្តែ​ក្នុងអំឡុងពេល​បង់​រំលស់​នោះ ត្រូវ​តែ​ខិតខំ​រក​លុយ​មក​បង់ប្រាក់​ដើម​ឱ្យ​ឆាប់​ដាច់​តែ​ម្ដង បើ​ទោះបីជា​ក្រុមហ៊ុន​សង់​លំនៅ​ឋាន​លក់​នោះ ទុក​រយៈពេល​យូរ​ក៏​ដោយ ។

លោក​និយាយ​ថា ៖« ទោះបីជា​ការ​បង់​រំលស់ វា​មានការ​ប្រាក់​ប្រចាំខែ​ក៏​ពិតមែន យើង​គួរ​ព្យាយាម​រក​ចំណូល​បន្ថែម​ដើម្បី​បង់​ថ្លៃដើម​នៃ​ផ្ទះ​នោះ​ឱ្យ​ឆាប់​ដាច់ ។ ថ្វី​ដ្បិតតែ​វា​មានការ​ប្រាក់ ហើយ​នៅ​ពេល​បង់​រួច តម្លៃ​ផ្ទះ​វា​ខ្ពស់​ជាង​តម្លៃពិត​ប្រាកដ​នៅ​ពេល​បច្ចុប្បន្ន​ក្តី តែ​នៅ​ពេល​បង់​ចប់ តម្លៃ​ផ្ទះ​របស់​យើង ក៏​អាច​ឡើង​ដែរ ហើយ​បើសិនជា​យើង​រង់ចាំ ទំ​ម្រាំ​រក​ប្រាក់​បាន​គ្រប់ ចាំ​ទិញ​នោះ ក៏​វា​ពិបាក ហើយ​តម្លៃ​ផ្ទះ​ក៏​ចេះ​តែ​ឡើងជា​បន្តបន្ទាប់ » ។

លោក ង៉ែត ជូ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​អ្នក​វិនិយោគ​ដែល​ទិញ​លំនៅ​ឋាន​បែប​លោភលន់ មាន​ន័យ​ថា ក្នុង​ម្នាក់​ទិញ​៣​ឬ​៤​ល្វែង​ដោយ​ការ​បង់​រំលស់ ។ ការ​ធ្វើ​របៀប​នេះ នឹង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​នៅ​ពេល​អនាគត ពីព្រោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​គាត់​គិត​ថា តម្រូវការ​កាន់តែ​មាន គាត់​កាន់តែ​សង់​បន្ថែម ដោយ​មិនដឹង​ថា តម្រូវការ​ពិត​ប្រាកដ​​មាន​ប៉ុន្មាន​ទេ ។ អីចឹង​ហើយ​នៅ​ពេល​ដែល​ម្នាក់​ទិញ​៣​ឬ​៤​ល្វែង​កាន់តែ​ច្រើន​ឡើង​ៗ វា​នឹង​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ និង​អាច​បណ្ដាល​ឱ្យ​មាន​វិបត្តិ​នៅ​៤​ឬ​៥​ឆ្នាំ​ក្រោយ ៕