ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​គិតគូរ​ពី​គុណភាព​សំណង់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេលការ​បាក់​ឬ ស្រុត​ដី​នៅ​ការដ្ឋាន​កំពុង​សាងសង់ កើត​មាន​ជា​រឿយ​ៗ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​គិតគូរ​ពី​គុណភាព​សំណង់​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល ការ​បាក់​ឬ ស្រុត​ដី​នៅ​ការដ្ឋាន​កំពុង​សាងសង់ កើត​មាន​ជា​រឿយ​ៗ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​គិតគូរ​ពី​គុណភាព​សំណង់​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​កើត​មាន​ជាយថាហេតុ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​នៃ​គម្រោង​ប៊ូ​យ៉ុ​ង កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ទាំងអស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សំណង់​អគារ និង​ម្ចាស់​គម្រោង​ផ្ទាល់ ។

លោក​បន្ត​ថា ៖« កាលពី​ខ្ញុំ​នៅ​ជា​អភិបាលរង​ក្រុង តែង​ជួប​ប្រទះ​ជា​រឿយ​ៗ​នូវ​បញ្ហា និង​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​នៃ​ខុន​ដូ និង​សំណង់​អគារ​ខ្ពស់​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស ក្នុង​ខណ្ឌ​ទាំង​៤​ក្នុង​ទីក្រុង គ្រា​ដែល​ពួក​គាត់​រស់នៅ​ជិត​នោះ​ជួបនឹង​បញ្ហា​ប៉ះពាល់ និង​ខូចខាត​ដល់​ទ្រព្យសម្បត្ដិ ដោយសារ​តែ​ក្រុមហ៊ុន​មិន​បាន​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​សណ្ឋាន​ដី ព្រោះ​ភាគច្រើន​ទីតាំង​នៅ​ក្នុង​ខណ្ឌ​ទាំង​៤​នោះ​ជា​អតីត​ដី​បឹង ដែល​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ដីខ្សាច់ » ។

លោក​អភិបាល​រាជធានី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​គម្រោង​វិនិយោគ​ត្រូវ​សិក្សា​ច្បាស់លាស់ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ជីកដី​សាងសង់​សំណង់​របស់​ខ្លួន ។ ភាគច្រើន​អគារ​ខ្ពស់​ៗ ឬ​ខុន​ដូ​ទាំងនោះ​ត្រូវ​ជីកដី​ចុះ​ទៅ​ក្រោម ធ្វើ​ចំណតរថយន្ត​ក្រោម​ដី ។ ដូច្នេះ មុន​នឹង​ធ្វើ​ចំណត​ទាំងនោះ ត្រូវ​តែ​មាន​បច្ចេកទេស​ទប់ស្កាត់​កុំឱ្យ​មានការ​ហូរ​ច្រោះ​បាក់​ដី ធ្វើ​យ៉ាងណា កុំឱ្យ​បង្ក​គ្រោះ​ថា្ន​ក់​ដល់​ប្រជាពលរដ្ឋ​ជិតខាង ដែល​អាច​នឹង​កើតជា​ទំនាស់ ព្រោះ​នៅ​ពេល​មាន​ទំនាស់ វា​នឹង​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​ពេលវេលា និង​ថវិកា ព្រោះ​សំណង់​នោះ​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ។

ជាង​នេះ​ទៀត លោក ឃួ​ង ស្រេង ក៏​បាន​សង្កត់ធ្ងន់​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅ​ការ​សាងសង់ ត្រូវ​សិក្សា​ពី​សណ្ឋាន​ដី​ឱ្យ​បាន​ច្បាស់លាស់​ថា នៅ​ក្នុង​រាជធានី ដី​មួយ​ផ្នែក​ធំ​ជា​ដី​បូម​ខ្សាច់​ចាក់​បំពេញ វា​មិនមែន​ជា​ដីឥដ្ឋ ឬ​ដីគោក​មាន​តាំង​យូរយារ​មក​នោះ​ទេ ។

កាលពី​ចុងឆ្នាំ​មុន គម្រោង​វិនិយោគ​ដ៏​ធំ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គឺ​គម្រោង Olympia City បាន​បាក់​ស្រុត​ដី​នៅ​ជាប់​ការដ្ឋាន​សាងសង់​របស់​ខ្លួន ដែល​បណ្តាល​ឲ្យ​រថយន្ត​ចត​នៅ​ក្បែរ​ការដ្ឋាន​នោះ​ធ្លាក់​ចុះ​នៅ​កន្លែង​បាក់​ស្រុត និង​រថយន្ត​ទាំងនោះ​ខូចខាត​មួយ​ចំនួន ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ខាង​ក្រុមហ៊ុន​វិនិយោគ​អាណិកជន​ខ្មែរ​នៅ​ក្រៅប្រទេស OCIC បាន​បុក​បង្ហាប់ និង​ជួសជុល​ឡើង​វិញ ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា គុណភាព​សំណង់ គឺជា​បញ្ហា​ដែល​ក្រសួង​យកចិត្តទុកដាក់​ណាស់ ព្រោះ​មុន​នឹង​សាងសង់ ក្រសួង​បាន​តម្រូវ​ឲ្យ​ម្ចាស់​ការដ្ឋាន ឬ​បុរី​នានា​ដាក់​ឯកសារ​ស្នើ​សុំ​បើក​ការដ្ឋាន​សាងសង់ ដែល​បញ្ជាក់​ពី​លក្ខណៈ​បច្ចេកទេស​ច្បាស់លាស់ ណាស់ ហើយ​នៅ​ពេល​បិទ​ការដ្ឋាន​សាងសង់ ក្រុមហ៊ុន ឬ​និ​តិ​បុគ្គល​ត្រូវ​ដាក់​លិខិត ឬ​ឯកសារ ដើម្បី​ស្នើ​សុំ​បិទ​ការដ្ឋាន​ច្បាស់លាស់ ព្រោះ​យើង​មាន​មន្ត្រី​បច្ចេកទេស​តែងតែ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​ផង​ដែរ ។ លោក​បន្ត​ថា ៖« គុណភាព​សំណង់ មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ ដោយសារ​យើង​ធ្វើការ​តាម​នីតិវិធី និង​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ » ។

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​បាន​ទិញ​លំនៅ​ឋាន​នៅ​តាម​បុរី​នានា តែង​រអ៊ូរទាំ​ពី​បញ្ហា​គុណភាព​សំណង់​លំនៅ​ឋាន​របស់​ពួក​គេ ដូច​ជា ស្រុត​ការ៉ូ ជ្រាប​ទឹក និង​កា​រត​បណ្តាញ​អគ្គិសនី​គ្មាន​គុណភាព ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ហានិភ័យ​ជា​ច្រើន​ក្នុង​លំនៅ​ឋាន ។

លោក សៅ កុសល ប្រជាពលរដ្ឋ​រស់នៅ​បុរី​ចំការ​ស្វាយ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែង​ថា លោក​បាន​ចំណាយ​ថវិកា​ជិត​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ជួស​ជុល​រៀបចំ​ការ៉ូ​ក្នុងផ្ទះ​ឡើង​វិញ ដោយសារ​ក្នុងផ្ទះ​របស់​លោក​បាន​ស្រុត​ការ៉ូ និង​តែងតែ​ជ្រាប​ទឹកជា​ប្រចាំ​ពី​បន្ទប់ទឹក​នៅ​ជាន់​ឡៅតឿ​នៃ​ផ្ទះ​របស់​ខ្លួន ។

លោក​បន្ត​ថា ទាក់ទង​នឹង​បណ្តាញ​អគ្គិសនី​ត​ចូល​ផ្ទះ​វិញ ក៏​គ្មាន​គុណភាព​ដែរ ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​ហៅ​ជាង​មក​ធ្វើតេស្ត​ជា​ច្រើន​ដង ដោយសារ​ខ្លាច​មាន​បញ្ហា​ចរន្តអគ្គិសនី​ក្នុងផ្ទះ​របស់​លោក ។

លោក​បន្ថែម​ថា ៖« តាម​លក្ខណៈ​បច្ចេកទេស និង​ឯកសារ​ដាក់​ជូន​ក្រសួង​ពី​ម្ចាស់​បុរី​នានា​តែងតែ​សរសេរ​ថា​ល្អ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​មិន​បាន​តាម​បទដ្ឋាន​ត្រឹមត្រូវ​ទេ»។ លោក​បន្ត​ថា ៖«​ក្រសួង​រៀបចំ​ដែនដី គួរតែ​ពិនិត្យ​មើល​ការងារ​មន្ត្រី​របស់​ខ្លួន តើ​ពួក​គេ​ចុះ​ទៅ​ដើម្បី​ត្រួតពិនិត្យ​ពិតប្រាកដ ឬ​ក៏​ទទួល​ស្រោមសំបុត្រ » ៕