ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជំរិត​ទារប្រាក់​10​ដុល្លារនោះ​…ត្រូវ​

6 ឆ្នាំ មុន

មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង លោក ឃួ​ន ជីវិន

ខេត្តក្រចេះ ៖ មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង លោក ឃួ​ន ជីវិន ដែល​រង​ការ​ចោទ​ពី​បទ​ជំរិត​ទារប្រាក់​ពី​អ្នក​បើករថយន្ត​ដឹក​ជន្លង់ម្រេច​នៅ​ស្រុក​ស្នួល​ចំនួន​១០​ដុល្លារ​នោះ បាន​ត្រូវ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ។
ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកកែវ សុ​ជាតិ បានឱ្យ​ដឹង​ថា ក្រោយ​ការ​នាំ​ខ្លួន​មក​សាកសួរ​អស់​រយៈពេល​ប្រមាណ​៣​ម៉ោងតំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ចំនួន​២​បទល្មើស​គឺ​ទី​១-​រំលោភ​អំណាច​តាមមាត្រា​៣៥​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ទី​២-​អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​ដោយ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ តាម​មាត្រា​១០១ កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត គឺ​លោក ញ៉ិល ប៊ុ​ន​លី បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​មន្ដ្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ ឆ្លូង លោក ឃួ​ន ជីវិន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្ពៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សព្វថ្ងៃ​មានមុខ​ងារ​ជា​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង ។

ការ​ចាប់​ឃាត់ខ្លួន​និង​ឈាន​ដល់​ការ​ឃុំខ្លួននេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើរូប​នេះ ដែល​បាន​ទៅ​បម្រើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ទៅ​ស្ទាក់​ចាប់​រថយន្ត​ទួ​រី​ស​ដឹក​ជន្លង់ម្រេច​នៅ​ផ្លូវជាតិ​លេខ​៧ ចំណុច​ភូមិ​ព្រិច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដើម្បី​ជំរិត​យក​ប្រាក់​ក្នុង​មួយ​រថយន្ត​១០​ដុល្លារ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រូប​នេះ បាន​លើក​ហេតុផល​ទៅ​អ្នក​រកស៊ី​ដឹក​ជន្លង់ម្រេច​ទាំងនោះ​ថា ការ​ដឹក​ជញ្ជូន​មិន​ប្រាប់​គាត់​ឱ្យ​ដឹង​មុន បើ​ទោះបីជា​អ្នក​រកស៊ី​បាន​ឆ្លើយ​ប្រាប់​ថា មក​ពី​មិន​បានដឹង​ថា​គាត់​ទើប​មក​កាន់​ការងារ​ថ្មី និង​សុំ​បង់​ត្រឹម​១​មុ​ឺ​ន​រៀល​ដូច​គេ​ដូច​ឯង ។ ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​ក៏​នៅ​តែ​មិន​ព្រម និង​បាន​បង្គាប់​ឱ្យ​អ្នក​រកស៊ី​ត្រូវ​បង់​មុន​ដំបូង​១០​ដុល្លារ ព្រោះ​គាត់​ត្រូវការ​ចំណាយ​ច្រើន​ចាំ​លើក​ក្រោយ​ចាំ​បង់​ដូច​គេ​ដូច​ឯង ។

ជុំវិញ​ករណី​លោក ឃួ​ន ជីវិន មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ជំរិត​ទារ​លុយ​នេះ ក៏​ត្រូវ​បាន​ក្រុម​អ្នក​រកស៊ី​ដឹក​ជន្លង់ម្រេច​លួច​ថត​បាន និង​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ក្រោយ​ការ​បែកធ្លាយ​ពី​សកម្មភាព​ជំរិត​ទារ​លុយ តាម​រយៈ​ការ​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​នេះ​រួច​មក មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ បាន​ចេញ​សេចក្ដី សម្រេច​ផ្លាស់​មន្ត្រី​រូប​នេះ​ឱ្យទៅ​បម្រើ​ការងារ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​វិញ​។

ប៉ុន្តែ បើ​ទោះជា​មានការ​ផ្លាស់​ប្តូរ​កន្លែង​ធ្វើការងារ​យ៉ាងណា​ក្តី ក៏​សំណុំរឿង​នេះ​នៅ​តែ​ជារឿង​ក្តៅ​គគុក​មួយ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រូប​នេះ នាំ​មក​សាកសួរ​ពី​សកម្មភាព​ល្មើស​នេះ​ផង​ដែរ ។សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឈ្មោ ឃួ​ន ជីវិន កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហា ដើម្បី​អនុវត្ត​នីតិវិធី ហើយ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា បាន​ចាត់​បញ្ជូន​ទៅ​សាលាដំបូង និង​ឈាន​ដល់​ការ​ឃុំខ្លួន ៕