ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេរវកម្ម​បំ​បុក​រថយន្ត​2​កន្លែង ស្លា.ប់​ និង​របួស​ជាច្រើន​

6 ឆ្នាំ មុន

ការ​វាយប្រហារ​ភេរវកម្ម ប្រកាស​ទទួលខុសត្រូវ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​១៣​នាក់ និង​របួស​ជាង​១០០​នាក់ មាន​សញ្ជាតិ​ផ្សេង​ៗ​ពេល​រថយន្ត​

ប្រទេស​អេ​ស្ប៉ា​ញ ៖ ការ​វាយប្រហារ​ភេរវកម្ម ប្រកាស​ទទួលខុសត្រូវ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣​នាក់ និង​របួស​ជាង​១០០​នាក់ មាន​សញ្ជាតិ​ផ្សេង​ៗ​ពេល​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​តូច​មួយ​បើក​បំ​បុក​លើ​មនុស្ស​ម្នា​កាលពី​ថ្ងៃ​ទី​១៧ សីហា នៅ​ភាគ​កណ្តាល​ទីក្រុង​បា​សឺ​ឡោ​ន របស់​អេ​ស្ប៉ា​ញ​ត្រង់​សង្កាត់​ដែល​សម្បូរ​អ្នកទេសចរ។

អ្នក​បើករថយន្ត​នោះ​បាន​រត់គេច​ខ្លួន ដោយ​ពុំ​មាន​បញ្ចេញ​ពាក្យ​អ្វីមួយ​ម៉ាត់ ក្រោយ​ពី​បើករថយន្ត​របស់​គេ​បំ​បុក​ពួក​អ្នក​ថ្មើរជើង​នៅ​មហាវិថី RAMBLA ជា​មហាវិថី​ក្រុង​បា​សឺ​ឡោ​នភា​គ​ឦសាន​អេ​ស្ប៉ា​ញ មាន​មនុស្ស​ច្រើន​កុះករ ពិសេស​ពួក​អ្នកទេសចរ​គ្រប់​សញ្ជាតិ ។ សាក្សី​ទាំងឡាយ​និយាយ​ថា អ្នក​វាយប្រហារ​រូប​នេះ​ពុំ​មាន​អាវុធ​ឡើយ ក៏​ប៉ុន្តែ​ប៉ូលិស​ប្រកាស​ថា បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​ជនជាតិ​អេ​ស្ប៉ា​ញ ហើយ​ម្នាក់​ទៀត​ជា​ជនជាតិ​ម៉ា​រ៉ុ​ក​នៅ​មូលដ្ឋាន​២ ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​គឺ​មូលដ្ឋាន​មួយ​ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ និង​មួយទៀត​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ ពី​ក្រុង​បា​សឺ​ឡោ​ន ។

ប៉ូលិស​បន្ត​ថា ម្យ៉ាងទៀត ប្រតិបត្តិការ​មួយ​របស់​ប៉ូលិស​បាន​បើក​ធ្វើ​នា​យប់​ថ្ងៃ​ទី​១៧ មក​១៨ សីហា ដើម្បី​កម្ទេច​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ទីក្រុង CAMBRILS ជាទី​ក្រុង​ជាប់មាត់​សមុទ្រ ស្ថិត​នៅ​ចម្ងាយ​១២០​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង​បា​សឺ​ឡោ​ន ។ តាម TWITTER ប៉ូលិស​តំបន់​កា​តា​ឡូញ មាន​ទីក្រុង​បា​សឺ​ឡោ​ន ជាទី​ប្រជុំជន​ប្រកាស​ថា ប្រសិនបើ​លោក​អ្នក​នៅ​ទីក្រុង CAMBRILS សូមកុំ​ចេញ​ក្រៅ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​តំបន់​កា​តា​ឡូញ លោក JOAQUIM FORN ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នា​យប់​ថ្ងៃ​ទី​១៧ សីហា ថា សម្រាប់​ពេល​នេះ​យើង​អាច​អះអាង​ថា មនុស្ស​១៣​នាក់​ស្លាប់ ហើយ​ជាង​១០០​នាក់​រង​របួស ។

យោង​តាម​រដ្ឋមន្ត្រី​ការ​បរទេស​បែ​ល​ហ្ស៊ិ​ក លោក DIDIER REYNDERS ថា នារី​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។

ភ្នាក់ងារ​ការពារ​ស៊ី​វិល​អេ​ស្ប៉ា​ញ​និយាយ​ថា ជន​រង​គ្រោះ​ទាំង​អ្នក​ស្លាប់​ទាំង​អ្នក​របួស​មាន​សញ្ជាតិ​យ៉ាង​ហោច​ណាស់​១៨​ផ្សេង​គ្នា ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្រុង​សេចក្តី​ប្រកាស​មួយ​ផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ឃោសនា​របស់​ខ្លួន AMAQ បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​នេះ ។ សេចក្តី​ប្រកាស​នោះ​គូសបញ្ជាក់​ថា ប្រតិបត្តិការ​វាយប្រហារ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​ឱ្យ​វាយប្រហារ​គោលដៅ​ក្នុង​បណ្តា​រដ្ឋ​ស្ថិត​ក្នុង​ក្រុមចម្រុះ​អន្តរជាតិ ប្រឆាំង​ជី​ហា​ដដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ។

ដោយ​ប្រើប្រាស់​រថយន្ត​ជា​មធ្យោបាយ​ដើម្បី​សម្លាប់​បណ្តា​អ្នក​ថ្មើរជើង ការ​វាយប្រហារ​នៅ​ទីក្រុង​បា​សឺ​ឡោ​ន​នាំ​ឱ្យ​គេ​នឹក​ដល់​ការ​វាយប្រហារ​ប្រហាក់ប្រហែល​គ្នា នេះ​ជា​ស្នាដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីក្រុង NICE បារាំង ក្រុង​ប៊ែ​រ​ឡាំង អា​ល្លឺ​ម៉​ង់ និង​ក្រុង​ឡុ​ង​ដ៍​អង់គ្លេស ។

អេ​ស្ប៉ា​ញ​ជា​ប្រទេស​មាន​អ្នកទេសចរ​ហូរ​ចូល​ច្រើន​ជាងគេ​ទី​៣​លើ​ពិភពលោក រហូត​មក​ដល់​ពេល​នេះ​គេច​ផុត​ពី​ការ​វាយប្រហារ​ភេរវកម្ម​របស់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ធ្វើការ​វាយប្រហារ​នៅ​រដ្ឋធានី​អឺរ៉ុប​ឯទៀត​ៗ ដូច​ជា​ក្រុងប៉ារីស ឬ​ក្រុង​ព្រុ​ច​សែ​ល​ជាដើម ។ ក៏​ប៉ុន្តែ​គឺ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ដែល​ធ្លាប់​មានការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​បំផុត​នៅ​អឺរ៉ុប​ដោយ​នា​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០០៤ គ្រាប់បែក​ទាំងឡាយ បាន​ផ្ទុះ​ក្នុង​រថភ្លើង​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩១​នាក់ ។ ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ ដោយ​ក្រុម​អាល់​កៃ​ដា ។

អ្នកនាំពាក្យ​ប៉ូលិស​និយាយ​ថា បុរស​ជនជាតិ​ម៉ា​រ៉ុ​ក​ម្នាក់​ឈ្មោះ DRISS OUKABIR ទាក់ទិន​នឹង​រថយន្ត​ប្រើ​វាយប្រហារ​ត្រូវ​ចាប់ខ្លួន​នៅ​ក្រុង RIPOLL ចម្ងាយ​១០០​គីឡូម៉ែត្រ ខាងជើង​ក្រុង​បា​សឺ​ឡោ​ន ។ ជនសង្ស័យ​ម្នាក់​ទៀត​កើត​នៅ​ក្រុង MELILA ជា​ដែនដី​អេ​ស្ប៉ា​ញ​លយ​ចូល​ម៉ា​រ៉ុ​ក​ត្រូវ​ចាប់ខ្លួន​នៅ​កន្លែង​មួយ​ចម្ងាយ​២០០​គីឡូម៉ែត្រ ពី​ក្រុង​បា​សឺ​ឡោ​ន ដែល​នៅ​ទីនោះ​មានការ​ផ្ទុះ​ក្នុងផ្ទះ​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៧​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៦ មក​១៧ សីហា ។

នៅ​ក្រុង CAMBRILS ខាងត្បូង​ក្រុង​បា​សឺ​ឡោ​ន ប៉ូលិស​បាញ់​សម្លាប់​ភេរវ​ករ​៥​នាក់ ប៉ូលិស​រាយការណ៍​ថា ភេរវ​ករ​៥​នាក់​បាន​ត្រូវ​បាញ់​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​១៧ មក​១៨ សីហា នៅ​ទីក្រុង CAMBRILS ចម្ងាយ​១២០​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង​បា​សឺ​ឡោ​ន ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​រដ្ឋធានី​រដ្ឋកា​តា​ឡូញ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣​នាក់ ។

ប៉ូលិស​ប្រកាស​ថា ភេរវ​ករ​៥​នាក់​បាន​ត្រូវ​បាញ់​សម្លាប់​នៅ CAMBRILS ក៏​ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ថា តើ​ពួក​គេ​មាន​ទំនាក់ទំនង​ដែរ​ឬ​អត់ ជាមួយ​ការ​វាយប្រហារ​បំ​បុក​រថយន្ត​នៅ​ក្រុង​បា​សឺ​ឡោ​ន​ជាទី​ក្រុង​ធំ​ទី​២​របស់​អេ​ស្ប៉ា​ញ ។ ចំណែក​អ្នកនាំពាក្យ​ម្នាក់​នៃ​អាជ្ញាធរ​តំបន់​កា​តា​ឡូញ​បញ្ជាក់​ថា មានការ​បាញ់​តតាំង​គ្នា នៅ​ទីក្រុង CAMBRILS ហើយ​ពុំ​មាន​ភ្នាក់ងារ​ប៉ូលិស​ណា​ម្នាក់​រង​របួស​ឡើយ ។

វាយប្រហារ​បំ​បុក​រថយន្ត​ទី​២ នៅ អេ​ស្ប៉ា​ញ
ការ​វាយប្រហារ​ភេរវកម្ម​បំ​បុក​រថយន្ត​ទី​២ នៅ​អេ​ស្ប៉ា​ញ​កើត​មាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ​បំ​បុក​រថយន្ត​លើក​ទី​មួយ ។

ក្រោយ​ការ​បើករថយន្ត​បំ​បុក​មនុស្ស​ម្នា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣​នាក់ នៅ​ក្រុង​បា​សឺ​ឡោ​ន​នា​វេលា​ម៉ោង​១៨​យប់​ថ្ងៃ​ទី​១៧ សីហា រថយន្ត​ធុន AUDI A3 មួយ​គ្រឿង បាន​បំ​បុក​មនុស្ស​ច្រើន​នាក់​នៅ​ទល់មុខ​មាត់សមុទ្រ​នៃ​ទីក្រុង CAMBRILS ។ ការ​វាយប្រហារ​បំ​បុក​រថយន្ត​លើក​ទី​២ នេះ បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​រង​របួស ហើយ​ប៉ូលិស​អេ​ស្ប៉ា​ញ​ប្រកាស​នា​យប់​នោះ​ថា បាន​បាញ់​សម្លាប់​ភេរវ​ករ​៥​នាក់ ។ យោង​តាម​អ្នកនាំពាក្យ​អាជ្ញាធរ​តំបន់​ថា ជនសង្ស័យ​ទាំងនេះ​ជិះ​ក្នុង​រថយន្ត AUDI A3 មួយ​គ្រឿង ហើយ​ហាក់ដូចជា​បើក​បុក​មនុស្ស​ច្រើន​នាក់ មុន​ពេល​ប៉ះ​ជាមួយ​កង​ល្បាត​រួច​ផ្ទុះ​ការ​បាញ់​តតាំង​គ្នា ។ ពួក​នេះ​មួយ​ចំនួន​មាន​គ្រឿងផ្ទុះ​នៅ​ចង្កេះ ។ នេះ​ជា​ការ​វាយប្រហារ​មាន​ទំនាក់ទំនង​ជាមួយ​ការ​វាយប្រហារ​នៅ​ក្រុង​បា​សឺ​ឡោ​ន ។

ចំណែក​ក្នុង​ចំណោម​អ្នក​របួស​ជាង​១០០​នាក់ នៅ​ក្រុង​បា​សឺ​ឡោ​ន មាន​ជនជាតិ​បារាំង​២៦​នាក់ ក្នុង​នោះ​យ៉ាងតិច​១១​នាក់​របួសធ្ងន់ ។ រួច​ចំពោះ​អ្នក​របួស​៧​នាក់​នៅ​ក្រុង CAMBRILS មាន​ជន​ស៊ី​វិល​៦​នាក់ និង​ប៉ូលិស​ម្នាក់ ៕