រឿង សោ​ភ័​ណ្ឌ និង ហ៊ឹ​ម សេរី បន្តប៉ះ​បរទេស​មុន​ព្រឹត្តិការណ៍​ដណ្តើមខ្សែក្រវាត់


រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៩ សីហា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​នៅ​តែ​ដំណើរការ​ដូច​ធម្មតា ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​បរទេស​២​រូប​ប៉ះ​គ្នា បើ​ទោះជា​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ដែល​បាន​បញ្ចប់​ទៅ​នៅ​មិន​ទាន់​ប្រកាស​បើក​រដូវ​កាល​ថ្មី​ជា​ផ្លូវការ​ក្តី ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​របស់​គូ​ទាំង​ពីរ នឹង​ត្រូវធ្វើ​ឡើង​ដោយ​កីឡាករ​កម្ពុជា​ជើង​ចាស់ ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ល្បីឈ្មោះ​ពេញកម្លាំង និង​ពោរពេញ​ដោយ​បច្ចេកទេស​មក​ពី​ប្រទេស​ថៃ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​២​រសៀល​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិ​ការណ៍​ដំណើរការ​ចំ​ពេល​រសៀល​ថ្ងៃ​សម្រាក ដែល​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​មក​ទស្សនា​ដល់​ស្ទូ​ឌី​យោ ក្នុង​ពេល​ដែល​មុន​និង​ក្រោយ​ម៉ោង​ប្រដាល់​សុទ្ធតែ​ជា​ការ​ប្រគំ​តន្ត្រី​ផង ទើប​មិន​ខ្វះ​មនុស្ស​ទស្សនា ។ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ជា​លក្ខណៈ​មិត្តភាព​កំដរ​រេញ ដើម្បី​រង់ចាំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ថ្មី​លេច​ចេញ​ជា​រូបរាង​នេះ ត្រូវ​បាន​ប្រកាស​​ថា ​ពិតជា​មាន​អ្នក​ទស្សនា​ច្រើន​កកកុញ​មិន​ខុស​ពី​ការ​ប្រកួត​ក្នុង​ពេល​ដណ្ដើម​ខ្សែក្រវាត់​នោះ​ឡើយ ។ កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ និង​កីឡា​ករ​ល្បីឈ្មោះ​គួរសម ហុ​ឹ​ម សេរី នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស​នៅ​រសៀល​ស្អែក​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​​៤​រូប​មាន​បំណង​ប៉ះ​គ្នា​យូរហើយ ដោយ​គ្រាន់តែ​បានដឹង​ថា​ពួក​គេ​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ភាគី​ម្ខាង​ៗ​សប្បាយចិត្ត​ទទួលយក​ដោយ​ការ​ពេញចិត្ត​តែ​ម្ដង ។ លោក​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​សុទ្ធតែ​បាន​ត្រៀមខ្លួន​មុន​ពេល​ប៉ះ​គ្នា ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួ​យស​ប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ រឿង សោ​ភ័​ណ្ឌ ជា​ជើង​ខ្លាំង​ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ Khun Phen ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​តែ​ម្ដង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ដើម្បី​ឱ្យ​ការ​ប្រកួត​នៅ​ពាក់កណ្ដាល​ខែសីហា​នេះ មាន​ភាព​ទាក់ទាញ ។

លោក​ថា កីឡាករ រឿង សោ​ភ័​ណ្ឌ អាច​ចាត់ទុកជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ទើប​សម្រេច​ឱ្យ​ឡើង​ប្រកួត​ជា​អន្តរជាតិ ខណ​:​ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ចម្រុះ​ដោយ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា​ជំនួប រឿង សោ​ភ័​ណ្ឌ ជាមួយ​កីឡាករ​ថៃ ពិតជា​មិនធម្មតា ។ កីឡាករ​កម្ពុជា​រូប​នេះ​គឺជា​សមាស​ភាពល្អ​ម្នាក់ បន្ទាប់​ពី​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​មាន​លទ្ធផល​ល្អ​វិញ​ខុស​ពី​មួយ​រយៈពេល​មុន​ដែល​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ មិនសូវ​ល្អ​ខ្លះ​នៅ​លើ​សង្វៀន​អន្តរជាតិ​ដូច​គ្នា ។ លោក​ថា រឿង សោ​ភ័​ណ្ឌ​នៅ​តែ​ចាត់ទុកជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក​។

លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩៣​លើក ឈ្នះ​៧២​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក ហើយ​បើ​ទោះជា​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ឡើង​ប្រកួត​តិច​ជាង​ភាគី​ខាង​កម្ពុជា ដែល​មាន​ប្រវត្តិ​ប្រកួត​ដល់​១៥១​លើក ឈ្នះ​១៣២​លើក ចាញ់​១៧​លើក និង​ស្មើ​២​លើក ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ​។

សម្រាប់​កីឡាករ ហ៊ឹម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Phat Chantha នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នេះ​ដែរ​ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ហុ​ឹ​ម សេរី ជា​កីឡាករ​ខ្លាំង​តែ​មិនសូវ​មានឱកាស​ឡើង​ប្រកួត​អន្តរជាតិ​នា​ពេល​កន្លង​មក ។ លោក​ថា កីឡាករ​ថៃ​គឺជា​ជើង​ចាស់​និង​ល្បីឈ្មោះ តែ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា ជា​ធំ​បើ​ទោះជា​គេ​ថ្មី​បន្តិច​ក្ដី ។

លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៥១​លើក ឈ្នះ​៤៣​លើក ចាញ់​៨​លើក និង​មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៥​លើក ចាញ់​១០​លើក ​និង​មិន​ដែល​ស្មើ​ដូច​គ្នា ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ