ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ជិន និង ថុ​ល មក​រា ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍កីឡាករ​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាសភាព​គូប្រកួតប្រដាល់​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ីក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធកណ្ដាប់ដៃ​ដែក​នា​ថ្ងៃអាទិត្យ​ទី​២០ សីហា វេលាម៉ោង​១១​ព្រឹក មាន​ចំនួន​២​គូ និង

រាជធានី​ភ្នំពេញ ៖ សមាសភាព​គូប្រកួតប្រដាល់​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ីក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធកណ្ដាប់ដៃ​ដែក​នា​ថ្ងៃអាទិត្យ​ទី​២០ សីហា វេលាម៉ោង​១១​ព្រឹក មាន​ចំនួន​២​គូ និង​គូប្រកួត​មិត្តភាព​ធម្មតា​មាន​ចំនួន​៣​គូ  ។

គូ​អន្តរជាតិ​ទី​១ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ត្រូវ​ជួប​ប្រកួត​ជាមួយកីឡាករ​ថៃ​ឈ្មោះ​កាត់​តាន់​យូ សីត​កាំ​ណា​ន់លឺ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។

កីឡាករ​ថៃ​រូប​នោះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ទើប​អត់​មាន​អ្នក​ណា​ដឹង​ពី​ថ្វីដៃ​ប្រកួត​របស់​គេ​ថា​ខ្លាំង​ប៉ុនណា ។ ប៉ុន្តែ​បើ​យោង​តាម​ប្រវត្តិ​ប្រកួត​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៨​ដង​អាច​ឱ្យ​គេ​វាយតម្លៃ​បាន​ថា​កីឡាករ​ថៃ​រូប​នេះ​មាន​សមត្ថភាព​មិនជា​អន់​ប៉ុន្មាន​ឡើយ ។

ចំណែក​ឡុ​ង ជិន ដែល​ធ្លាប់​ប្រកួត​៤៣​ដង ឈ្នះ​៣៤​ដង ចាញ់​៧​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង មិនដឹង​ថា​មាន​វាសនា​យ៉ាងណា​ទេ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា​មី​ឆៃ ស​.​រឿង​ឆៃ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ដែរ ប៉ុន្តែ​ប្រវត្តិ​ប្រកួត​មិន​អន់​នោះ​ទេ ។ ហ្វា​មី​ឆៃ ស​.​រឿង​ឆៃ ធ្លាប់​ឡើង​សង្វៀន​ប្រកួត​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ក្នុង​ពេល​ថុ​ល មក​រា ធ្លាប់​ប្រកួត​៥៩​ដង ឈ្នះ​៣៩​ដង ចាញ់​១៩​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៦​ដង ។ យោង​តាម​ប្រវត្តិ​ប្រកួត​ថុ​ល មក​រា ហាក់​ចាញ់​ប្រៀប​គូប្រកួត​ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ
សង្វៀន​ប៉ុណ្ណោះ​។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ ចេ​ង គា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ សៅ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឫទ្ធិ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ ឡុ​ង ចំរើន មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ សៀន វិបុល មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនគីរី ។

នៅ​លើ​សង្វៀន​និង​ថ្ងៃ​ដដែល​វេលា​ម៉ោង​២​រសៀល​ក៏​មានការ​ប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ចំនួន​៦​គូ​ជូន​ទស្សនិកជន​ដែល​និយម​ទស្សនា​កីឡាប្រដាល់​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍ ។

កីឡាករ​ដែល​ត្រូវ​មានមុខ​ប្រកួត​នៅ​ថ្ងៃ​អាទិ​ត្យ​នោះ​មាន​កីឡាករ អេ​អាំ​ម៉ា​រី​ន ភូ​ថង មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ សុ​ខុន រី​ហ្គេ​ន មក​ពី​ក្លិប​កុមារ​ទេព ។ កីឡាករ លី​ន វណ្ណៈ មក​ពី​ក្លិប​បុរី​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ អេ សា​រិ​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។

កីឡាករ សៅ វ​ណ្ណា មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សំខាន់ ប៉ាវ​ចិន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ លី តឿន មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ថា សា​រុន មក​ពី​ក្លិប​បន្លឺ​ណេ​អង់ និង​គូ​ចុង​ក្រោយ​កីឡាករ ម៉ាត់ ពន្លក មក​ពី​ក្លិប​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ សំអាត សុភាព មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ៕