ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​សែន​ក្រអូប​ឡើងថ្លៃ តែ​មិនយូរ​អង្វែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមហ៊ុន​កែ​ច្នៃ​អង្ករ​នាំ​ចេញ​ចុះ​ប្រមូល​ទិញ​ស​នៅ​តំបន់​នា​ដើមរដូវ​ឆ្នាំ​នេះ ឃើញ​ថា ស្រូវ​សែន​ក្រអូប ហាក់​មាន​ហាងឆេង និង​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ប៉ុន្តែ​តម្លៃ​នេះ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមហ៊ុន​កែ​ច្នៃ​អង្ករ​នាំ​ចេញ​ចុះ​ប្រមូល​ទិញ​ស​នៅ​តំបន់​នា​ដើមរដូវ​ឆ្នាំ​នេះ ឃើញ​ថា ស្រូវ​សែន​ក្រអូប ហាក់​មាន​ហាងឆេង និង​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ប៉ុន្តែ​តម្លៃ​នេះ​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​តម្រូវការ និង​ទីផ្សារ​ប្រែប្រួល ។

លោក​ឧកញ៉ា វង្ស ប៊ុ​ន​ហេង នាយក​ក្រុមហ៊ុន​វង្ស​ប៊ុ​ន​ហេង រ៉ា​យស៍ បានឱ្យ​ដឹង​ថា ក្នុង​ដំណាក់កាល​ស្រូវ​សែន​ក្រអូប​នៅ​ដើមរដូវ មាន​តម្លៃ​ជាង​១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​នេះ ក្រុមហ៊ុន​លោក​ទើប​ចុះ​ប្រមូល​ទិញ​ស្រូវ​បាន​រយៈពេល​៥​ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​ទិញ​បាន​ប្រហែល​១០០​តោន ខណៈ​១​ឆ្នាំ​មុន ក្រុមហ៊ុន​ទិញ​បាន​៤​ពាន់​តោន និង​ស្រូវ​អុ​ី​អ៊ែ​៦​ពាន់​តោន ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ៖« តម្លៃ​ស្រូវ​សែន​ក្រអូប​ថ្លៃ​ប្រមាណ​១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​នៅ​ដើមរដូវ​នេះ សម្រាប់​ក្រុមហ៊ុន​កែ​ច្នៃ​នាំ​អង្ករ​ចេញ មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ទេ ។ បើ​តម្លៃ​ចុះ​មក​៩៨០​រៀល​នោះ ក្រុមហ៊ុននាំចេញ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ខ្លះ តែបើ​អត់​ចំណេញ​ទេ ក្នុង​ច្បាប់​ធ្វើ​ពាណិជ្ជកម្ម​សម្រាប់​អ្នក​រកស៊ី គេ​អាច​នឹង​ផ្អាក​មួយ​រយៈ​សិន » ។

លោក​ឧកញ៉ា ភូ ពុ​យ នាយក​ក្រុមហ៊ុន​បៃតង​កម្ពុជា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​ចុះ​ទិញ​ស្រូវ​សែន​ក្រអូប​តាំងពី​ស​ប្តា​ហ៍​ទី​៣ និង​៤ ខែកក្កដា ហើយ​រហូត​មក​ដល់​ពេល​នេះ បាន​ប្រហែល​ជិត​៣​ម៉ឺន​តោន​នៃ​គម្រោង​ចុះ​ប្រមូល​ទិញ​សរុប​៧​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ។

លោក​ឧកញ៉ា​បន្ត​ថា កាលពី​ខែកក្កដា​កន្លង​មក ក្រុមហ៊ុន​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៨​បាត (​ជាង​១​ពាន់​រៀល​) ប៉ុន្តែ​បច្ចុប្បន្ន ទិញ​ក្នុង​តម្លៃ​តែ​៧,៨​បាត (​ជិត​១​ពាន់​រៀល​) ក្នុង​១​គីឡូក្រាម ។ ការ​ធ្លាក់​ចុះ​តម្លៃ​បន្តិច​នេះ វា​សម​ស្រប​សម្រាប់​ទីផ្សារ ហើយ​បើ​តម្លៃ​នេះ​អាច​រក្សា​បាន​យូរអង្វែង វា​នឹង​ល្អ​ប្រសើរ​សម្រាប់​កសិករ បើ​ធៀប​នឹង​ពេល​មុន​ៗ ។

ទន្ទឹម​នឹង​តម្លៃ​ស្រូវ​សែន​ក្រអូប​កំពុង​ប្រែប្រួល លោកនាយក​ក្រុមហ៊ុន​បៃតង មាន​ប្រសាសន៍​ថា ៖« ជា​រួម ប្រជា​កសិករ​១០០​នាក់ អាច​មាន​កសិករ​ជាង​១០% ដែល​គាត់​ប្រមូល​ផល​នៅ​ចុងរដូវ តម្លៃ​អាច​នឹង​ធ្លាក់​មក​៧,១​បាត (​ស្មើ​ជិត​៩០០​រៀល​) ក្នុង​១​គីឡូក្រាម ។ ប៉ុន្តែ​កសិករ​៨០​ទៅ​៩០% គាត់​អាច​លក់​ស្រូវ​សែន​ក្រអូប​បាន​ថ្លៃ ខុស​ពី​ឆ្នាំ​មុន កសិករ​ប្រមាណ​៩០%​លក់​ស្រូវ​ក្នុង​តម្លៃ​ទាប​ប្រមាណ​៦​បាត (​ស្មើ​ជាង​៧០០​រៀល​) ក្នុង​១​គីឡូក្រាម » ។

ចំណែក​លោក ន​ង វាសនា ថ្នាក់ដឹកនាំ​រោង​ម៉ាស៊ីនកិនស្រូវ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឱ្យ​ដឹង​ថា នៅ​រដូវ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​កំពុង​ដំណើរការ​យ៉ាង​មមាញឹក​ក្នុង​ខេត្ត​ភាគ​ពាយព្យ​មួយ​ចំនួន ដូច​ជា ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់ លោក​បាន​ត្រៀម​ទិញ​ស្រូវ​សែន​ក្រអូប​បរិមាណ​១​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូល​ផល​ក្នុងឆ្នាំនេះ សម្រាប់​ស​ម្ងួ​ត​ស្តុក​ទុក កិន​កែ​ច្នៃ និង​នាំ​ចេញ ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ៕