ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត​ចិន​ព្រមាន​លោក​ត្រាំ​ពី​ហានិភ័យ​

6 ឆ្នាំ មុន

កាសែត​រដ្ឋ​របស់​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម ប្រសិនបើ​លោក​ចាប់ផ្តើម​បន្ត​ផែនការ​ស៊ើបអង្កេត​ថា

ទីក្រុង​ប៉េ​កាំ​ង ៖ កាសែត​រដ្ឋ​របស់​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម ប្រសិនបើ​លោក​ចាប់ផ្តើម​បន្ត​ផែនការ​ស៊ើបអង្កេត​ថា ប្រទេស​ចិន​កំពុង​តែ​លួច​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​ឬទេ ។

អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ក្រុមប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​បាន​សរសេរ​ក្នុង​កាសែត China Daily ថា ប្រសិនបើ​លោក​ត្រាំ សម្រេច​ថា ចាប់ផ្តើម​ការ​ស៊ើបអង្កេត​នោះ អាច​នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស ទាក់ទិន​នឹង​កម្មសិទ្ធិបញ្ញា ។

មន្ត្រី​ខាងលើ​បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​ត្រាំ នឹង​បញ្ជា​ឲ្យ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​នៅ​ក្រោម​ច្បាប់ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤ ទាក់ទិន​នឹង​ប្រទេស​ចិន​លួច​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក និង​បញ្ហា​កម្មសិទ្ធិបញ្ញា ។

អ្នក​សរសេរ​អត្ថបទ​ឈ្មោះ Mei Xinyu ជា​អ្នក​ស្រាវជ្រាវ​ក្នុង​វិទ្យាស្ថាន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ក្រសួង​ខាងលើ និយាយ​ថា ការ​សម្រេច​ចិត្ត​ប្រើប្រាស់​ច្បាប់ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​មាន​សមភាព​នោះ អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម ។

អ្នក​សរសេរ​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​ឆ្លើយ​តប​របស់​ចិន​ទេ ប៉ុន្តែ​ច្បាប់​របស់​ប្រទេស​នេះ​ផ្តល់​ឆន្ទានុសិទ្ធិ​ដល់​និយ័ត​ករ​សម្រេច​ថា ក្រុមហ៊ុន​បរទេស​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ក្នុង​ប្រទេស​ចិន ។

ប្រសិនបើ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​នោះ សហរដ្ឋអាមេរិក​អាច​នឹង​ស្នើ​ឲ្យ​មានការ​ដោះស្រាយ តាម​រយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឬ​វិធី​ផ្សេង​ទៀត ។

កាសែត​ខាងលើ​និយាយ​ថា សកម្មភាព​របស់​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​បាន​បញ្ចេញ​មក​លើ​ប្រទេស​ចិន​នៅ​ក្រោម​ច្បាប់​ឆ្នាំ​១៩៧៤ មិន​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ចិន​ទេ ។ ពួក​គេ​កត់​សម្គាល់ថា ប្រទេស​ចិន​បាន​លូតលាស់​ក្លាយជា​អ្នក​នាំ​ចេញ​ធំ​ជាងគេ និង​មាន​រូបិយប័ណ្ណ​បរទេស​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ៕