ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម​ដែល​ជប៉ុន​ចង់បាន មិនមែន​ជា​អ្នក​គិតតែ​ប្រាក់ខែ​ខ្ពស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​ការទូត​ដ៏​រឹង​មាំ​រយៈពេល​ជាង​៦០​ឆ្នាំ គួប​ផ្សំ​នឹង​បរិយាកាស​វិនិយោគ​អំណោយផល នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​ជប៉ុន​បាន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង​ការទូត​ដ៏​រឹង​មាំ​រយៈពេល​ជាង​៦០​ឆ្នាំ គួប​ផ្សំ​នឹង​បរិយាកាស​វិនិយោគ​អំណោយផល នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិនិយោគិន​ជប៉ុន​បាន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​បន្ទាប់​ពី​មាន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ។ ការ​មក​ដល់​នៃ​វិនិយោគិន​ជប៉ុន បាន​រួមចំណែក​បង្កើត​ឱកាស​ការងារ និង​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន ហើយ​ក៏​បាន​បញ្ជូន​សិក្ខាកាម​ខ្មែរ​ទៅ​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន​ជា​រៀង​រាល់​ឆ្នាំ ។

ដើម្បី​ចង់​ដឹង​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​សិក្ខាកាម​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន សហការី​និពន្ធ​សារព័ត៌មាន​កោះសន្ដិភាព ផ្នែក​សេដ្ឋកិច្ច បាន​ជួប​សម្ភាសន៍​ជាមួយ​លោក យ៉ូ​ហេ ណា​កា​ជី​ម៉ា (Yohei Nakajima) លេខា​ទី​២ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ទទួល​ផ្ទុក​ផ្នែក​សេដ្ឋកិច្ច ដើម្បី​បកស្រាយ ក៏​ដូច​ជា​ផ្ដល់​ព័ត៌មាន​ជុំវិញ​ការ​បំពេញ ការងារ និង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

តើ​លោក​អាច​ជម្រាប​ជូន​បាន​ទេ ដើម្បី​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន តើ​សិក្ខាកាម​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​អ្វីខ្លះ ?

នៅ​ប្រទេស​ជប៉ុន យើង​មានច្បាប់​មួយ​ហៅ​ថា «​ច្បាប់​សិក្ខាកាម​» គឺ​សំដៅលើ​អ្នក​ដែល​ទៅ​ធ្វើការ ត្រូវ​សិក្សា​ពី​ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា ហើយ​ត្រូវ​ប្រឡង​រៀង​រាល់​១​ឆ្នាំ​ម្ដង ដើម្បី​ចង់​ដឹង​ពី​សមត្ថភាព ដូច្នេះ យើង​មិន​ហៅ​«​ពលករ​» ទេ ។ ការ​បញ្ជូន​សិក្ខាកាម​ទៅ​បម្រើ​ការងារ យើង​ពុំ​មាន​លក្ខខណ្ឌ​អ្វី​ច្រើន​ទេ ប៉ុន្ដែ​អ្វី​ដែល​យើង​ចង់បាន​នោះ គឺ​អ្នក​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ ដោយ​មិន​គិតតែ​ពី​រឿង​ប្រាក់ខែ​ខ្ពស់​។ ចំណុច​មួយទៀត យើង​ផ្ដោត​សំខាន់​លើ​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា ធ្វើ​យ៉ាងណា ឲ្យ​ពួក​គេ​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​យក​មក​អនុវត្ត និង​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា​វិញ ។ ដូច្នេះ សិក្ខាកាម​ដែល​បាន​បញ្ជូន​ទៅ​ដោយ​ស្របច្បាប់​ទាំងនោះ នឹង​ក្លាយជា​ធនធាន​ដ៏​សំខាន់​នៅ​ពេល​ពួក​គេ​ចប់​អាណត្តិ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ។

ក្នុង​១​ឆ្នាំ​ៗ ជប៉ុន​ជ្រើសរើស​សិក្ខាកាម​ខ្មែរ​ប៉ុន្មាន​នាក់ និង​បម្រើ​ការងារ​លើ​វិស័យ​អ្វីខ្លះ ហើយ​ក្នុង​ពេល​បំពេញការងារ តើ​ក្រុមហ៊ុន ឬ​រោងចក្រ ផ្ដល់​ការ​យកចិត្តទុកដាក់​អ្វីខ្លះ?

បើ​យើង​និយាយ​តែ​ចំពោះ​អ្នក​ដែល​ទៅ​តាម​ច្បាប់​សិក្ខាកាម​ត្រឹមត្រូវ កាលពី​ឆ្នាំ​២០១៦ យើង​បាន​បញ្ជូន​សិក្ខាកាម​ខ្មែរ​ចំនួន​២.៨០០​នាក់ ដោយ​បាន​ទៅ​បម្រើ​ការងារ​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា កសិកម្ម រោងចក្រ ផលិតកម្ម និង​ឧស្សាហកម្ម ជាដើម ។

សិក្ខាកាម​ខ្មែរ​ដែល​ទៅ​បម្រើ​ការងារ គឺ​ធ្វើការ​ដូច​បុគ្គលិក និយោជិត​ជនជាតិ​ជប៉ុន​ដែរ និយាយ​រួម​តាម​បែប​ជប៉ុន​តែ​ម្ដង គឺ​យើង​ផ្ដោត​សំខាន់​ណាស់ ធ្វើ​ម៉េច​កុំ​ឲ្យ​មានការ​បង្ខិតបង្ខំ ឬ​ធ្វើការ​ច្រើន​តែ​ប្រាក់ខែ​ទាប ធ្វើការ​ថែម​ម៉ោង​ហើយ​មិន​ទទួល​បាន​ប្រាក់ខែ​ជាដើម ។ ដូច្នេះ អ្នក​ពាក់ព័ន្ធ​គេ​យកចិត្តទុកដាក់ និង​តាមដាន​គ្រប់​សកម្មភាព​នៅ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទាំងអស់ ដើម្បី​ការពារ​ជៀង​វាង​រឿង​ហ្នឹង កុំ​ឲ្យ​កើតឡើង ។

ជា​ទូទៅ តើ​សិក្ខាកាម​ដែល​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ ?  ហើយ​ពេល​ចប់​អាណត្តិ តើ​ក្រុមហ៊ុន ឬ​ក្រសួង​ការងារ​ជប៉ុន មាន​គោល​នយោ​បាយ​​បែប​ណា​សម្រាប់​ពួក​គេ ?

កន្លង​មក អ្នក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​គឺ​មាន​រយៈពេល​តែ​៣​ឆ្នាំ​ទេ ប៉ុន្ដែ​បច្ចុប្បន្ន​យើង​បាន​អនុញ្ញាត​រហូត​ដល់​៥​ឆ្នាំ ហើយ​ពេល​ចប់​អាណត្តិ​ការងារ ក្រុមហ៊ុន រោងចក្រ ឬ​ក្រសួង​ពាក់ព័ន្ធ​របស់​ជប៉ុន មានការ​ប្រឡង​ដើម្បី​ចង់​ដឹង​ថា តើ​ពួក​គេ​បាន​រៀនសូត្រ​ដែរ​ឬទេ ឬ​ក៏​មក​ធ្វើការ​ដើម្បី​តែ​ប្រាក់ខែ ។ ទាក់ទង​នឹង​សិក្ខាកាម​ដែល​ចប់​អាណត្តិ ហើយ​​វិល​មក​ស្រុក​ខ្មែរ​វិញ យើង​ពុំ​ទាន់​មាន​គោលនយោបាយ​អ្វី​ទេ ពួក​គេ​ត្រូវ​រក​ការងារ​ដោយ​ខ្លួនឯង ប៉ុន្ដែ​យើង​ក៏​កំពុង​គិតគូរ​បញ្ហា​នេះ​ដែរ ។

ចំពោះ​ការ​ជ្រើសរើស​សិក្ខាកាម​វិញ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​ពាក្យ​នៅ​ក្រុមហ៊ុន​ដែល​បាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ឬ​ទៅ​ដាក់​ពាក្យ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខាង​កម្ពុជា ហើយ​ក្រសួង​បាន​ទាក់ទង​ទៅ​សមាគម​ដែល​ត្រូវការ​សិក្ខាកាម​នៅ​ប្រទេស​ជប៉ុន ដើម្បី​ឲ្យ​គេ​ជ្រើសរើស ហើយ​បើ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នឹង​ង​បញ្ជូន​ពួក​គេ​ទៅ ។ រីឯ​ស្ថានទូត​ជប៉ុន គឺជា​អ្នក​សម្រួល​ខាង​កិច្ចការ​ធ្វើ​វី​សា ។

ដោយឡែក​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​វិញ ក៏​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​ផង​ដែរ តួយ៉ាង​ដូច​ជា​ផ្សារ​ទំនើប​អីុ​អន ម៉​ល និង​បណ្ដា​ក្រុមហ៊ុន រោងចក្រ​នានា​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ជាដើម ។

យោង​តាម​តួលេខ​ពី​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៧ នេះ ក្រុមហ៊ុន​ជប៉ុន​ធំ​ៗ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ មាន​ចំនួន​២៤២ នេះ​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន​តូច​ៗ​នៅឡើយ ។ ក្រុមហ៊ុន​ទាំងនោះ​បាន​និង​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ភាគច្រើន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ទៅ​លើ​ផលិតកម្ម ឧស្សាហកម្ម ចំណីអាហារ និង​ហិរញ្ញវត្ថុ ជាដើម​។ បើ​ធៀប​នឹង​៥​ឆ្នាំ​មុន ក្រុមហ៊ុន​ជប៉ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា មាន​តែ​៥០​ប៉ុណ្ណោះ ។

ក្នុង​នោះ ជប៉ុន​ក៏​មាន​យុទ្ធសាស្ត្រ​នឹង​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​ដែរ ដោយ​មានការ​រៀបចំ​អញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ រួម​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជួប​ប្រជុំ​គ្នា​រៀង​រាល់​១​ឆ្នាំ​ចំនួន​២​ដង ដើម្បី​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​លើក​ឡើង​ពី​បញ្ហា​ក្នុង​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ ងាយ​ស្រួល​​ដល់​យើង​លើក​បញ្ហា​ទាំងនោះ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ ៕