ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព និង​ធនធាន​បន្ថែម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​អាច​រក្សា​កំណត់​ត្រា​ដ៏​រឹង​មាំ​របស់​ខ្លួន​លើ​គន្លង​នៃ​កំណើនសេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ទទួល​បាន​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​

រាជធានី​ភ្នំពេញ ៖ កម្ពុជា​អាច​រក្សា​កំណត់​ត្រា​ដ៏​រឹង​មាំ​របស់​ខ្លួន​លើ​គន្លង​នៃ​កំណើនសេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ទទួល​បាន​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​គន្លឹះ​មួយ​ចំនួន ។ ទោះបី​យ៉ាងណា កម្ពុជា​ត្រូវការ​ពង្រឹង​ទាំង​សមត្ថភាព និង​ធនធាន​បន្ថែម​ទៀត ដើម្បី​ឱ្យ​កំណើន​នេះ​មាន​ស្ថិរភាព​នា​ពេល​អនាគត​យូរអង្វែង ។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​របស់​ធនាគារពិភពលោក ហៅ​កាត់​ថា (WB) ។

របាយការណ៍​មាន​ចំណងជើង​ថា ការ​វិនិច្ឆ័យ​ស្ថានភាព​ប្រទេស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺ​ធ្វើ​ឡើង​ដើម្បី​កំណត់​ការ​ប្រឈម​នានា និង​ឱកាស​ជា​គន្លឹះ​សំខាន់​សម្រាប់​ស្ថិរភាព​កំណើន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ។ តាម​របាយការណ៍​របស់​ធនាគារពិភពលោក ឱ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​កម្ពុជា​បាន​រំកិល​ខ្លួន​ឡើងជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប កម្ពុជា​នឹង​ជួប​នូវ​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុគ្រោះ​ផ្នែក​ជំនួញ និង​ហិរញ្ញប្បទាន​ពី​ម្ចាស់​ជំនួយ ។ តម្លៃ​ទាប​នៃ​ផលិតផល​កសិកម្ម ជាមួយ​ការ​កើនឡើង​នៃ​ប្រាក់ខែ វា​នឹង​តម្រូវ​ឱ្យ​មានការ​បង្កើន​ផលិតភាព​ផលិត និង​តម្លៃបន្ថែម​ដើម្បី​បន្ត​ការ​ប្រកួតប្រជែង ។

របាយការណ៍​ការ​វិនិច្ឆ័យ​ស្ថានភាព​ប្រទេស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​លើក​ទី​១​សម្រាប់​កម្ពុជា​នេះ បាន​លើក​ឡើង​នូវ​វិស័យ​អាទិភាព​ចំនួន​៣ សម្រាប់​រក្សា​កំណើន​រឹង​មាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​កម្ពុជា​ត្រូវការ​បង្កើន​ភាព​ប្រកួតប្រជែង និង​ពិពិធ​កម្ម​ផ្នែក​សេដ្ឋកិច្ច ដើម្បី​ធានា​បាន​នូវ​កំណើន​ខ្ពស់ ការ​បង្កើត​ការងារ និង​ការងារ​ប្រសើរ​ជាង​មុន ដោយ​កាត់​បន្ថយ​ចំណាយ​នៃ​ការ​បង្កើត​និង​ដំណើរការ​អាជីវកម្ម ព្រមទាំង​ជំរុញ​ការ​វិនិយោគសាធារណៈ និង​ឯកសារ ។ កម្ពុជា​ក៏​ត្រូវការ​ផង​ដែរ​នូវ​ការ​កសាង​ធនធានមនុស្ស ដោយ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ដំបូង​នៃ​កុមារ ជំរុញ​គុណភាព​នៅ​កម្រិត​មធ្យមសិក្សា ឧត្តម​សិក្សា និង​ការ​គាំពារ​គ្រួសារ​នៅ​ពេល​ជួប​វិបត្តិ​។ ចំណុច​សំខាន់​មួយទៀត​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​អនាគត គឺ​ត្រូវ​រក្សា និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ដោយ​វិនិយោគ​លើ​ធនធានធម្មជាតិ​នៅ​កម្ពុជា និង​លើកកម្ពស់​ស្ថិរភាព​និង​បរិ​យា​ប័ន្ន​នៃ​ទីក្រុង​នានា រួម​ទាំង​ពង្រឹង​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ លោក Miguel Eduardo Sanchez សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​នៃ​ធនាគារ​ពិភពលោក បានឱ្យ​ដឹង​ដែរ​ថា តាម​រយៈ​របាយការណ៍​ចេញផ្សាយ​នេះ​ឃើញ​ថា កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ។ ដូចនេះ កម្ពុជា​មិន​អាច​ពឹងផ្អែក​ទៅ​លើ​លំហូរ​ជំនួយ​ពី​បរទេស​ទៀត​ទេ កម្ពុជា​ត្រូវការ​ជំនួយ​ទាំងនោះ​មក​កសាង​សមត្ថភាព​ជំនួស​វិញ តាម​រយៈ​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន និង​សាធារណៈ គឺ​ធ្វើ​យ៉ាងណា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​បន្ត​ថា ថ្វី​ដ្បិតតែ​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន មិន​មាន​ភាព​ក្រីក្រ​ច្រើន​ក្តី ប៉ុន្តែ​ពួក​គាត់​ទាំងនោះ​នៅ​តែ​ប្រឈម​ខ្ពស់​នឹង​ភាព​ក្រីក្រ បើសិនជា​គ្មាន​គោលការណ៍​ច្បាស់លាស់​ណាមួយ​សម្រាប់​ពួក​គាត់ ។ លោក​ថា ៖« យើង​ត្រូវ​ការពារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ក្រីក្រ​ពី​មុន មិន​ឱ្យ​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​វិញ ពីព្រោះ​ពេល​នេះ ពួក​គាត់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ងាយ​រង​គ្រោះ បើសិនជា​យើង​ទាំងអស់​គ្នា​បណ្ដែតបណ្ដោយ​មិន​អើពើ​នឹង​ពួក​គាត់ » ។

លោក ហែម វណ្ណ​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​ដឹង​ថា កម្ពុជា បាន​ខិតខំ​បំពេញការងារ​យ៉ាង​សកម្ម​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ភាព​ក្រីក្រ ហើយ​រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​បន្ត​ធ្វើ​ឱ្យ​មាន​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​ទូ​ទាំង​ប្រទេស ។ លោក​ថា ៖« យើង​នៅ​តែ​បន្ត​ប្ដេជ្ញា​បើក​ទូលាយ​ក្នុង​វិស័យ​ជំនួញ​និង​វិនិយោគ ហើយ​យើង​បន្ត​គាំទ្រ​ដល់​សហគមន៍​អន្តរជាតិ ដែល​បាន​ជឿជាក់​មក​លើ​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

លោកស្រី អ៊ូ​ហ្គា​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ជាង​២​ទសវត្សរ៍​កន្លង​មកនេះ ការ​សម្រេច​បាន​របស់​កម្ពុជា ក្នុង​កំណើន​សេដ្ឋកិច្ច និង​ភាព​ប្រសើរ​ឡើង​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ គឺ​បាន​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ការ​ប្រឈម​នានា​នឹង​កើត​មាន​នា​ពេល​ខាង​មុខ ដោយសារ​កម្ពុជា​មាន​បំណងប្រាថ្នា​ចង់បាន​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន​, ការ​បង្កើន​ផលិតភាព​ផលិត​, ការ​កសាង​ស្ថាប័ន​រឹង​មាំ​និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ការ​ពង្រីក​ឱកាស​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ។

លោកស្រី​ថា ៖«​ធនាគារពិភពលោក នឹង​បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន និង​កាត់​បន្ថយ​ភាព​ក្រីក្រ » ៕