តើ​ការ​ថ្វាយបង្គំ​គ្រូ​មុន​ពេល​ប្រដាល់មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​កីឡាករ ?


រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ប្រដាល់​គេ​តែង​កត់​សម្គាល់ថា កីឡាករ​ទាំងអស់​មិន​ថា​ចាស់​ក្មេង​តែងតែ​ធ្វើ​សកម្មភាព​ថ្វាយបង្គំ​គ្រូ​ទៅ​តាម​បែបបទ​ផ្សេង​គ្នា​មុន​ពេល​ប្រដាល់​។

ក្បាច់​ថ្វាយបង្គំ​គ្រូ​ទាំងនេះ តម្រូវ​ឱ្យ​កីឡាករ​ដែល​មានឈ្មោះ​ឡើង​ប្រកួត​លើ​រេញ​ធ្វើ​តាម​មិន​ឱ្យ​ខុស​លំនាំ​ដើម​របស់​ដូនតា​នោះ​ផង ។

តាម​សៀវភៅ​ក្បួន​ប្រដាល់​ក្បាច់គុន​បុរាណខ្មែរ ការ​ថ្វាយបង្គំ​គ្រូ​នៅ​លើ​សង្វៀន​គឺជា​រឿង​សំខាន់ ។ បើ​ទោះជា​កីឡាករ​ដែល​មានឈ្មោះ​ឡើង​រេញ ជា​កីឡាករ​ល្បី​ឬ​មិន​ល្បី​ក៏​ដោយ​ដាច់ខាត​ត្រូវ​តែ​ចេះ​ក្បាច់​ថ្វាយបង្គំ​គ្រូ​១​ក្បាច់​ក្នុង​ចំណោម​១៧​ក្បាច់​ទើប​អាច​ឡើង​ប្រដាល់​លើ​សង្វៀន​បាន ។ ក្បាច់​ថ្វាយបង្គំ​គ្រូ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្បួន​រំលឹក​គុណគ្រូ តែ​មិន​ត្រូវ​បាន​អ្នកជំនាញ​ណា​ម្នាក់​បញ្ជាក់​ថា​ក្បួន​ដែល​បាន​កំណត់​ឡើង​នេះ មាន​ឥទ្ធិពល​លើ​ផ្នែក​ផ្លូវ​ក្នុង​ឬ​យ៉ាងណា​ទេ មាន​ន័យ​ថា អ្នក​មិន​បាន​ថ្វាយបង្គំ​គ្រូ​នៅ​មុន​ការ​ប្រកួត នឹង​មិន​មានរឿង​អាក្រក់​កើតឡើង​ដូច​ជា​ការ​ខុស​ត្រណម​នោះ​ទេ​។​ទោះបី​យ៉ាងណា ក្បាច់​ថ្វាយបង្គំ​គ្រូ​ទាំងនោះ គឺ​មាន​ឥទ្ធិពល​លើ​ផ្នែក​ស្មារតី ជា​ពិសេស​ធ្វើ​ឱ្យ​កីឡាករ​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​មុន​ពេល​ចាប់ផ្ដើម​ប្រកួត ។

លោក នួន ភិ​រម្យ អតីត​កីឡាករ​ល្បីឈ្មោះ និង​ជា​ម្ចាស់​ក្លិប​នួន ភារ​ម្យ គុន​ខ្មែរ បាន​អះអាង​ថា យោង​តាម​សៀវភៅ​ក្បួន​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​សហព័ន្ធ​ប្រដាល់​ចែក​ឱ្យ​លោក​ក្បួន​ថ្វាយបង្គំ​គ្រូ​នៅ​ក្នុង​ពិភព​ប្រដាល់​មាន​ទាំងអស់​១៧​ក្បាច់ ហើយ​ក្បាច់​ទាំងនោះ​មិន​សុទ្ធតែ​ត្រូវ​បាន​គេ​ហាត់​យក​មក​បង្ហាញ​នៅ​លើ​សង្វៀន​នោះ​ទេ ទើប​ក្បាច់​ថ្វាយបង្គំ​គ្រូ​ខ្លះ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​អ្នក​ស្គាល់ ។ លោក​ថា ក្បាច់​ថ្វាយបង្គំ​គ្រូ​ទាំងនោះ មានការ​ពេញ​និយម​ជាងគេ​គឺ​ក្បាច់​ដែល​ងាយ​ៗ ជា​ពិសេស​មិន​តម្រូវ​ឱ្យ​កីឡាករ​ប្រើ​បច្ចេកទេស​ច្រើន​ក្នុង​ការ​ដើរ​បង្ហាញ ។ ក្បាច់​ថ្វាយបង្គំ​គ្រូ​ទាំង​១៧​នោះ លោក​ថា​មាន​ទម្រង់ និង​អត្ថន័យ​ដោយឡែក​ពី​គ្នា ដោយ​ទម្រង់​ភាគច្រើន​គឺ​យក​តាម​កាយវិកា​របស់​សត្វ​នាគ សត្វ​គ្រុឌ និង​កាយវិការ​របស់​តួអង្គ​សំខាន់​ៗ​ដែល​មាននៅ​ក្នុង​រឿង​រាមកេរ្តិ៍​។ លោក​មិនដឹង​ថា ក្បាច់​ថ្វាយបង្គំ​គ្រូ​ដែល​ត្រូវ​បាន​សហព័ន្ធ​ប្រដាល់​កំណត់​យក​ចំនួន​១៧​នោះ កើត​មាន​តាំងពី​ពេល​ណា​នោះ​ទេ ប៉ុន្ដែ​យោង​តាម​ការ​ស្រាវជ្រាវ គឺ​ប្រហែលជា​កើត​មាន​ក្នុង​សម័យ​កម្ពុជា​មាន​ជំនឿ​ខ្លាំង​លើ​ព្រហ្មញ្ញសាសនា​ទើប​ក្បាច់​ទាំងនេះ​ភាគច្រើន យកតម្រាប់​តាម​អវតា​ទាំងនោះ​ដែល​ជា​តួអង្គ​សំខាន់​ក្នុង​សាសនា​ព្រា​ហ្ម ។ ក្បាច់​ទាំង​១៧​នោះ​រួម​មាន ក្បាច់​ព្រះ​រាម​ផ្លែង​សរ ក្បាច់​ហនុមាន​ចង​ស្ពាន​យក​នាង​សិ​តា ក្បាច់​រាហូ​ចាប់​ច័ន្ទ ក្បាច់គុន​ទន្សាយ​ប្រលែង​ព្រះ​ច័ន្ទ ក្បាច់​គ្រុឌ​ឆក់​នាគ ក្បាច់​ព្រហ្ម​មុខ​៤ ក្បាច់​ក្រមុំ​ចូល​ម្លប់​(​ក្រមុំ​តែងខ្លួន​) ក្បាច់​កសិករ​ធ្វើស្រែ ក្បាច់​នាគ​ពាំ​កែវ ក្បាច់​នាគ​លេង​ទឹក ក្បាច់​ក្រុង​រាពណ៍​សម្ដែង​ឫទ្ធិ ក្បាច់​ព្រះ​លក្ខណ៍​ព័ទ្ធសីមា ក្បាច់​រំលឹក​គុន​គ្រូ ក្បាច់​ទូ​ភី​លេង​ស្នែង ក្បាច់​ទូ​ភី​សម្ដែងឫទ្ធិ ក្បាច់​ឥន្ទ្រី​សម្ដែងឫទ្ធិ និង​ក្បាច់​ហនុមាន​សម្ដែងឫទ្ធិ ។

ក្នុង​ចំណោម​ក្បាច់​ថ្វាយបង្គំ​គ្រូ​ទាំងនេះ ក្បាច់​រំលឹក​គុន​គ្រូ ដែល​គ្រាន់តែ​តម្រូវ​ឱ្យ​កីឡាករ​ដើរ​ជា​រង្វង់​លើ​រេញ មាន​កីឡាករ​និយម​ចូល​ចិត្ត​យក​មក​ប្រើ​ជាងគេ ជា​ពិសេស​កីឡាករ​ថ្មី​ៗ ។ ប៉ុន្តែ​សម្រាប់​កីឡាករ​ល្បី​ចូល​ចិត្ត​ជ្រើសរើស​ក្បាច់​ព្រះ​រាម​ផ្លែង​សរ និង​ក្បាច់​នាគ​លេង​ទឹក​ច្រើន​ជាង ដើម្បី​បង្ហាញ​ឫទ្ធិ​នៅ​លើ​សង្វៀន ។

លោក នួន ភិ​រម្យ បញ្ជាក់​ថា ការ​ថ្វាយបង្គំ​គ្រូ​នេះ គ្រាន់តែ​ជា​សិល្បៈ​មួយ​សម្រាប់​ការ​ប្រដាល់​ប៉ុណ្ណោះ មិន​មាន​បង្កប់​បារមី​ណាមួយ​នៅ​ពីក្រោយ​នោះ​ទេ ។ តាំងពី​លោក​នៅ​ប្រដាល់​លោក​មិន​ដែល​ចាប់អារម្មណ៍​ថា ការ​មិន​ថ្វាយបង្គំ​គ្រូ​មុន​ប្រដាល់​ធ្វើ​ឱ្យ​កីឡាករ​មាន​រឿង​មិនល្អ​ដូច​ជា​ឈឺ​ញ័រញាក់​ខុស​ត្រណម​ណា​មួយ​នោះ​ទេ ។ លោក​ថា ការ​ថ្វាយបង្គំ​គ្រូ​វា​គ្រាន់តែ​បង្ហាញ​ពី​អំណាច​សាមីខ្លួន​ក្នុង​ពេល​ឡើង​រេញ​បង្អួត​គូប្រកួត​ច្រើន​ជាង ។ ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់​ថា ការ​ថ្វាយបង្គំ​គ្រូ​ក៏​ជួយ​ឱ្យ​កីឡាករ​បាន​បន្សាំ​ខ្លួន​លើ​រេញ និង​ជួយ​ឱ្យ​កីឡាករ​មាន​ជំហរ​បាន​ល្អ​មុន​ការ​ប្រកួត​ចាប់ផ្ដើម​ដែរ ដោយសារ​ការ​ថ្វាយបង្គំ​គ្រូ​បាន​ផ្ដល់​ពេលវេលា​ឱ្យ​កីឡាករ​បាន​តាំងស្មារតី ហើយ​ងាយ​នឹង​ពង្រឹង​ជំហរ​សម្រាប់​ការ​ប្រកួត ។

លោក មាស សុខ​គ្រី គ្រូ​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​បាន​អះអាង​ថា នា​ពេល​បច្ចុប្បន្ន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​កំណត់​ឱ្យ​ក្លិប​ប្រដាល់​ទាំងអស់​ត្រូវ​តែ​បង្ហាត់​សិស្ស​ឱ្យ​ចេះ​ថ្វាយបង្គំ​គ្រូ​ឱ្យ​បាន​គ្រប់​ក្បាច់ ដោយ​មិន​អាច​ជ្រើស​យក​តែ​ក្បាច់​ងាយស្រួល​បណ្ដាល​ឱ្យ​ក្បាច់​ថ្វាយបង្គំ​គ្រូ​មួយ​ចំនួន​ត្រូវ​បាត់បង់​នោះ​ទេ ។ លោក​ថា ក្បាច់​ថ្វាយបង្គំ​គ្រូ​សុទ្ធតែ​មាន​តម្លៃ និង​មាន​អត្ថន័យ​ដែល​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ក្បាច់គុន​បុរាណ​ខ្មែរ ទើប​លោក​យល់​ថា ការ​អភិរក្ស​ក្បាច់ ​ទាំងនេះ​នៅ​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​គឺជា​រឿង​សំខាន់ ។ លោក​ទទូច​ឱ្យ​ម្ចាស់​ក្លិប​ប្រដាល់​ទាំង អស់​បង្កើន​ការ​បង្ហាត់បង្ហាញ​ដល់​សិស្ស​ឱ្យ​ចេះ​ថ្វាយបង្គំ​គ្រូ​ឱ្យ​បាន​ច្រើន​ក្បាច់ ជា​ពិសេស​ក្បាច់​ដែល​មិនសូវ​មាន​កីឡាករ​ចង់​ហ្វឹកហាត់ ។ លោក​ថា កីឡាករ​ដែល​ចេះ​ថ្វាយបង្គំ​គ្រូ​បាន​ល្អ និង​ជា​ក្បាច់​ដែល​មិនសូវ​មាន​អ្នក​ចង់​រៀន ក៏​ទទួល​បានការ​កោតសរសើរ​ក្នុង​ក្រសែភ្នែក​មហាជន​ផង​ដែរ ។ ជាក់ស្ដែង កីឡាករ អ៊ុំ ចំរើន ដែល​ថ្វាយ ​បង្គំ​គ្រូ​តាម​ក្បាច់​ក្រមុំ​ចូល​ម្លប់​ដែល​ប្លែក​ពី​គេ​គឺ​ឱ្យ​តែ​ឡើង​រេញ​លើក​ណា​ក៏​មាន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ