ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​បុក​មនុស្ស​ស្លា.ប់ រត់គេច​ខ្លួន ត្រូវ​មានទោស​អ្វីខ្លះ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​យានជំនិះ​កាន់តែ​កើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើត​មាន​មិន​ចេះ​ស្រាកស្រាន្ត ។ ជាក់ស្ដែង គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី

រាជធានី​ភ្នំពេញ ៖ កំណើន​យានជំនិះ​កាន់តែ​កើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើត​មាន​មិន​ចេះ​ស្រាកស្រាន្ត ។ ជាក់ស្ដែង គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ សីហា កន្លង​មក មាន​ចំនួន​១២​លើក បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​៦​នាក់ និង​រង​បួស​ធ្ងន់​ស្រាល​១៣​នាក់ ។

គ្រោះថ្នាក់​ទាំងនេះ ភាគច្រើន​កើត​ចេញពី​កត្តា​មនុស្ស មាន​ជា​អាទិ៍ ការ​ធ្វេសប្រហែស​ក្នុង​ពេល​បើកបរ ការ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​គោរព​ភ្លើង​សញ្ញា ការ​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ជាដើម ។

មានការ​កត់សម្គាល់​ឃើញ​ជា​រឿយ​ៗ នៅ​ពេល​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ហើយ តែងតែ​រត់គេច​ខ្លួន ដោយ​មិន​ទទួលខុសត្រូវ ។ ការ​រត់គេច​ខ្លួន​នេះ អ្នកខ្លះ​គិត​ថា ខ្លាច​ហិង្សា​ណាមួយ​កើតឡើង ដូច្នេះ​មាន​តែ​គេចខ្លួន​សិន រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ប៉ុន្ដែ​អ្នកខ្លះ​ទៀត​មិន​ដូច្នោះ​ទេ ប្រសិនបើ​សមត្ថកិច្ច​រក​ដាន​មិនឃើញ ឬ​តាម​មិន​ទាន់​ហើយ គឺ​រួច​ពី​សំណាញ់​ច្បាប់​តែ​ម្ដង ។

ថ្ងៃនេះ ទំព័រ​រថយន្ដ និង​បច្ចេកវិទ្យា សូម​លើកយក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ សីហា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ដូន​ទុង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​ភាគី​អ្នក​បើករថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បើ​ម្ចាស់​រថយន្ដ​បុក​គេ​ស្លាប់ ហើយ​រត់គេច​ខ្លួន​បែប​នេះ តើ​មានទោស​អ្វីខ្លះ ?

យោង​តាម​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ជំពូក​ទី​៦ ត្រង់​មាត្រា​៣៥ ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភាគី​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់ ត្រូវ​បញ្ឈប់​យាន​របស់​ខ្លួន​ជា​បន្ទាន់ ដោយ​មិន​ធ្វើ​ឲ្យ​រំខាន ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត​។ មិន​ត្រូវធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ដល់ទី​កន្លែង​កើតហេតុ ឬ​ឲ្យ​បាត់ដាន ឬ​ស្នាម ដែល​ជា​កត្តា​ប្រយោជន៍​ដល់​ការ​ស្វែងរក​អ្នក​ទទួលខុសត្រូវ​ក្នុង​រឿង​គ្រោះថ្នាក់ ។ ត្រូវ​ជូនដំណឹង​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​ដែនដី ឬ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ជិត​បំផុត ។ មិន​ត្រូវ​ប្រើ​ហិង្សា ឬ​បង្កជម្លោះ​រវាង​ភាគី​ពាក់ព័ន្ធ ។ មិន​ត្រូវ​ចាក​ចេញពី​កន្លែង​កើតហេតុ​មុន​ការ​ព្រមព្រៀង​គ្នា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក ។

ក្នុង​ជំពូក​ទី​១០ ស្ដី​ពី​ទោស​ប្បញ្ញត្តិ ត្រង់​មាត្រា​៨៥ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ដល់​១៥​លាន​រៀល និង​អាច​ត្រូវ​ផ្ដន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ (​ប្រភេទ​នៃ​ទោស​បន្ថែម​នៃ​ក្រមព្រហ្មទណ្ឌ​) ។

អំពើ​ល្មើស​ខាងលើ​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន ដល់​២៥​លាន​រៀល កាលបើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ក្នុង​ករណី​ណាមួយ​ដូច​ជា បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​មាន​ប័ណ្ណបើកបរ​តែ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ដ ។ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​មាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០​ក្រាម​ក្នុង​១​លី​ត្រ​ឈាម​ឡើង​ទៅ​។ បណ្ដាល​ឲ្យ​មាន​ស្លាប់​មនុស្ស​ច្រើន​នាក់ ។ រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ក្នុង​គោលបំណង​គេចវេះ​ពី​ការ​ទទួលខុសត្រូវ ។

ដូច្នេះ ដើម្បី​ជៀសវាង​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង សូមអ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ មេត្តា​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន យោគយល់ អធ្យាស្រ័យ និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​ឲ្យ​កាត់​បន្ថយ​ការ​ស្លាប់ និង​របួស​នៅ​លើ​ទ្រូងផ្លូវ ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល «​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ៕