ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ការ​បំពាក់​បរិក្ខារ​ទំនើប​ក្នុង​ថ្នាក់រៀន​ជា​រឿង​ចាំបាច់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន និង​និន្នាការ​សិក្សា​តាម​បែប E-learning កំពុង​កើនឡើង តម្រូវការ​សម្ភារ​បរិក្ខារ​ទំនើប​នៅ​ក្នុង​ថ្នាក់រៀន គឺជា​ភាព​ចាំបាច់​មួយ​ដើម្បី​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន និង​និន្នាការ​សិក្សា​តាម​បែប E-learning កំពុង​កើនឡើង តម្រូវការ​សម្ភារ​បរិក្ខារ​ទំនើប​នៅ​ក្នុង​ថ្នាក់រៀន គឺជា​ភាព​ចាំបាច់​មួយ​ដើម្បី​អភិវឌ្ឍន៍​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា ។

លោក ឈឹ​ម រិ​ទ្ធី នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធាន​កម្ពុជា បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ក្នុង​ថ្នាក់រៀន​នៅ​កម្ពុជា គឺជា​រឿង​ចាំ​បាច់​ដើម្បី​ជួយ​ឲ្យ​សិស្ស​កាន់តែ​មាន​សមត្ថភាព និង​តាម​ទាន់​បរិយាកាស​ការងារ​ដែល​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ។ លោក​បន្ត​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​រាប់​ទាំង​ការ​បង្រៀន និង​ការ​សិក្សា​មាន​ភាពល្អ​ប្រសើរ ការ​បណ្តុះបណ្តាល​គ្រូ និង​ការ​បណ្តុះបណ្តាល​សា​ឡើង​វិញ​ដើម្បី​ក្លាយជា​អ្នក​បង្វឹក​បន្ត​ដល់​កូនសិស្ស អ្នក​បង្រៀន និង​អ្នក​បង្វឹក​សិស្ស ដើម្បី​រៀន​អំពី​របៀប​រៀនសូត្រ ក្លាយជា​សិស្ស​ឯករាជ្យ​រៀន​ដោយ​ខ្លួនឯង​បាន​គឺ​ត្រូវ​តែ​ប្រើ​ធនធាន​មេរៀន​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ឲ្យ​អស់ពី​លទ្ធភាព ។ ចំណុច​នេះ តម្រូវ​ឲ្យ​មាន​ជំនាញ​ភាសា​អង់គ្លេស និង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ផង​ដែរ ។

លោក​បន្ត​ថា ៖« បច្ចេកវិទ្យា​កំពុង​ផ្លាស់​ប្តូរ​កន្លែងធ្វើការ​យ៉ាង​ឆាប់រហ័ស ។ អ្វី​ដែល​សិស្ស​រៀន​ពីសា​លា នឹង​មិន​អាច​ជួយ​ពួក​គេ​មួយ​ជីវិត​បាន​ទេ ក៏​ព្រោះតែ​ការ​ផ្លាស់​ប្តូរ​បែប​ផែន​នៃ​ការ​ធ្វើការ​យ៉ាង​ឆាប់រហ័ស » ។ លោក​បន្ត​ថា ៖«​ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​រៀន​ពី​មេរៀន​ថ្មី​ៗ និង​ជំនាញ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ពេញ​មួយ​ជីវិត​តែ​ម្តង » ។

នា​ថ្ងៃ​អនាគត ជំនាញ​ទន់​ដែល​អាច​ផ្លាស់​ពី​ការ​ធ្វើ​ការងារ​មួយ​ទៅ​ការងារ​មួយទៀត​បាន នឹង​មាន​សារសំខាន់​សម្រាប់​អ្នក​បញ្ចប់​ការ​សិក្សា ដើម្បី​បត់បែន​ទៅ​តាម​ទីផ្សារ​ការ​ងារ​ដ៏​ប្រកួតប្រជែង​ទាន់​ពេលវេលា ។ ជំនាញ​ទន់​ទាំងនេះ​រួម​មាន ជំនាញ​បង្វឹក​គំនិត​ច្នៃប្រឌិត ការ​គិត​ស៊ីជម្រៅ ទំនាក់ទំនង និង​ជំនាញ​សហការ ។

លោក ឈឹ​ម រិ​ទ្ធី បន្ថែម​ថា អនាគត​របស់​វិស័យ​អប់រំ គឺ​ត្រូវ​ពឹងផ្អែក​លើ​ការ​សិក្សា​ទាំង​ខាងក្នុង និង​ខាងក្រៅ​ថ្នាក់រៀន ។ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទទួល​បាន​ជំនាញ​សម្រាប់​ប្រើប្រាស់​ក្នុង​សតវត្សរ៍​ទី​២១​នេះ អ្នក​ចាំបាច់​ត្រូវ​តែ​មើល​សា​ឡើង​វិញ​លើ​ការ​តុបតែង និង​គ្រឿង​បរិក្ខារ​បំពាក់​ក្នុង​ថ្នាក់រៀន ។ គ្រូបង្រៀន​គួរតែ​ទទួល​បានការ​បណ្តុះបណ្តាល រីឯ​ថ្នាក់រៀន​វិញ​គួរតែ​រៀបចំ​ឡើង ដើម្បី​ជួយ​ឲ្យ​សិស្ស​អាច​សិក្សា​បាន​ដោយ​ខ្លួនឯង ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា និយាយ​ពី​បញ្ហា​បច្ចេកវិទ្យា​ឃើញ​ថា ចំណេះដឹង​របស់​យុវជន​នៅ​មាន​កម្រិត​ច្រើន បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ គឺ​មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​មានចំណេះ​ដឹង និង​អាច​ទាញ​យក​ផលប្រយោជន៍​ច្រើន​ពី​ផ្នែក​នេះ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​នេះ​មិន​បាន​ពង្រីក​ដល់​ជនបទ​ឡើយ ហើយ​ស្ថានភាព​នៅ​កម្ពុជា គឺ​ដូច​ប្រទេស​កូរ៉េ​ក្នុង​ទសវត្សរ៍​៨០ ។ លោក​បន្ត​ថា ក្នុង​ស្ថានភាព​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​មាន​គម្លាត​ប្រាក់​ចំណូល​កាន់តែ​ខ្លាំង​រវាង​ប្រជាពលរដ្ឋ​នៅ​ទីក្រុង និង​ជនបទ ។

លោក​បន្ត​ថា ៖« តាម​រយៈ​កម្មវិធី STEM របស់​ក្រសួង​អប់រំ វា​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ដែល​បាន​ដាក់​ចេញ ។ វា​ជា​ចំណុច​ចាប់ផ្តើម​មួយ ប៉ុន្តែ​ទាមទារ​ការ​វិនិយោគ​ច្រើន​ពី​រាជរដ្ឋាភិបាល » ៕