ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ជលផល​អំពាវនាវ សូម​បញ្ឈប់​ការ​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​មានការ​ផ្សព្វផ្សាយ​អប់រំ របស់​មន្ត្រី​ជលផល​ផល ដល់​ប្រជាពលរដ្ឋ សូម​បញ្ឈប់​ការ​ប្រើប្រាស់​របាំង​ស្បៃ​មុង​យ៉ាងណា​ក្តី

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​មានការ​ផ្សព្វផ្សាយ​អប់រំ របស់​មន្ត្រី​ជលផល​ផល ដល់​ប្រជាពលរដ្ឋ សូម​បញ្ឈប់​ការ​ប្រើប្រាស់​របាំង​ស្បៃ​មុង​យ៉ាងណា​ក្តី ក៏​ក្នុង​រដូវ​ហាមឃាត់​នេសាទ​នេះ ការ​នេសាទ​របៀប​បំផ្លាញ​ពូជ​ត្រី​តាំងពី​តូច​ដល់​ធំ​នេះ​នៅ​តែ​កើត​មាន​ឡើង នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ដែល​ជា​ក្តី​កង្វល់​របស់​មន្ត្រី​ជំនាញ ហើយ​បាន​ដាក់​ផែនការ​ចេញ​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​។ ផ្តើម​ចេញពី​ក្តី​កង្វល់ និង​ជា​តួនាទី​របស់​មន្ត្រី​ជំនាញ​នេះ​ដែរ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់​សូម​បញ្ឈប់​ការ​នេសាទ ដាក់​របាំង និង​លូ​ស្បៃ​មុង​នេះ​បន្ត​ទៀត ព្រោះថា របាំង និង​លប​លូ​ស្បៃ​មុង វា​បាន​បំផ្លាញ​មច្ឆា​ជាតិ​តូច​ធំ ប៉ុនណា​ក៏​មិន​សល់​ដែរ ដែល​បញ្ហា​នេះ​ប្រឈម​ទៅ​នឹង​ការ​វិនាស​បាត់បង់​ធនធាន​ជលផល​ជា​ពុំខាន​។

លោក​បាន​បញ្ជាក់​ថា របាំង និង​លប​លូ​ស្បៃ​មុង មាននៅ​ស្រុក​ជល​គី​រី កំពង់ត្រឡាច និង​ក្រុង​កំពង់ឆ្នាំង​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ របាំង​លប និង​លូ​សាច់​អួន ដែល​មាន​ប្រវែង​វែង​ៗ​ដែល​ច្បាប់​ហាមឃាត់ ក៏​នៅ​មាន​កើតឡើង​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ស្រុក​កំពង់លែង ស្រុក​បរិបូរណ៍ និង​ស្រុក​មួយ​ចំនួន​ទៀត ដែល​ជាប់មាត់​ទន្លេ ដែល​សមត្ថកិច្ច​ជលផល បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​រាល់ថ្ងៃ ហើយ​បើ​តាម​ការ​បញ្ជាក់​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល រូប​នោះ​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​ក្នុង​ខែសីហា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​៤២​ករណី ស្មើនឹង​៤៩២​កន្លែង នៅ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង រលាប្អៀរ កំពង់ត្រឡាច ក្រុង​កំពង់ឆ្នាំង និង​ស្រុក​ជល​គី​រី​។

  ដោយ​ក្នុង​នោះ​បង្ក្រាបរ​បាំងសាច់​អួន​២៥២​កន្លែង ប្រវែង​១០.០៦០​ម៉ែត្រ របាំង​ស្បៃ​មុង​២៤០​កន្លែង ប្រវែង​៩.៦៧០​ម៉ែត្រ របាំង​រាំង​ភ្ជិត​ព្រែក​២០​កន្លែង​ប្រវែង​២៨០​ម៉ែត្រ លប​លូ​សាច់​អួន និង​លប​លូ​ស្បៃ​មុង​៤៥០​មាត់ បង្គោល​១២.០៤០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ជាង​មួយ​លាន​ហុកសិប​ម៉ឺន​កូន ចូល​ទន្លេ​ធម្មជាតិ​វិញ​។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បទល្មើស​មួយ​ចំនួន នៅ​ស្រុក​កំពង់លែង ចំណុច​ផ្លូវ​ទូក ប្រឡាយ​មាស និង​ស្រុក​បរិបូរណ៍ ចំណុច​កំពង់​អួរ កំពង់ព្រះ​គគីរ នៅ​មិន​ទាន់​បង្ក្រាប​អស់​នៅឡើយ​ទេ ដែល​បញ្ហា​នេះ​មន្ត្រី​ជំនាញ​ថា ការ​បង្ក្រាប​ជួប​ការ​លំបាក ដូច​វែក​ចក បង្ក្រាប​ខាង​មុខ​នៅ​ខាងក្រោយ យ៉ាងនេះ​ក្តី​ក៏​ខិតខំ​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ​ឲ្យ​ដូច​ភ្លៀងរលឹម​ដែរ​៕