ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ផែស្ងួត តេ​ង​ឡាយ បត់​ឆ្លងផ្លូវ បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ស្ទើរតែ​បាត់បង់​ជីវិត​ទៅ​ហើយ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​សុខ​ៗ ស្រាប់តែ​មាន​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង

រាជ​ធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ស្ទើរតែ​បាត់បង់​ជីវិត​ទៅ​ហើយ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​សុខ​ៗ ស្រាប់តែ​មាន​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ទៅ​ដល់​បាន​បត់​ឆ្លងផ្លូវ ហើយ​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង ហើយ​បាន​កិន​ម៉ូតូ​ជាប់​ពីក្រោម បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​តែ​ម្ដង​។ ចំណែក​ជន​រង​គ្រោះ​បាន​ខ្ទាត​ចេញពី​រថយន្ត ទើប​មិន​ស្លាប់​គ្រាន់តែ​រង​របួសធ្ងន់​បែប​នេះ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១​របស់​កងពលតូច​៧១១​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​សាលា​សុវណ្ណ​ភូមិ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ លិ​ន ភ័​ណ្ឌ អាយុ​២៨​ឆ្នាំ ហើយ​មិន​បានដឹង​ថា​គាត់​ស្នាក់​នៅ​កន្លែង​ណា​ឡើយ នៅ​មុន​ពេល​កើតហេតុ​បុរស​ម្នាក់​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​១​គ្រឿង​ម៉ាក​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CZ-8148 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ត្រូវ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន ផែស្ងួត តេ​ង​ឡាយ ម៉ាក​FUTON ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5551 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ទៅ​ដល់​ហើយ​បាន​បត់​ឆ្លងផ្លូវ​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​នោះ​រង​របួសធ្ងន់ ចំណែក​ម៉ូតូ​គាប​ជាប់​ក្រោម​រថយន្ត​រង​ការ​ខូចខាត​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​អង្គភាព​៧១១​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ភ្លាម​ៗ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​នគរបាល​ខណ្ឌ រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕