ខេត្តកំពត ៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរផង ជិះគ្នាបីនាក់ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ នៅលើកំណាត់ផ្លូវជាតិលេខ៣ (កំពត- ខេត្តព្រះស៊ីហនុ) ត្រង់ចំណុចមុខវត្តកំពត ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដែលបង្កឡើងដោយម៉ូតូហុងដា សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CQ-៣០៦២ បើកបរដោយឈ្មោះ សៀន គឹមហេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបន្ទាយរឹង ឃុំជ្រៃវៀត ស្រុកព្រៃឈ ខេត្តកំពង់ចាម និងមានអ្នករួមដំណើរ២នាក់ជាស្ត្រីផង បានរេចង្កូតទៅបុករថយន្តខាងស្តាំដៃ ក្នុងទិសដៅបញ្ជ្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរ រួមនឹងអ្នករួមដំណើរទាំងបីនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
សមត្ថកិច្ចចរាចរណ៍ខេត្ត បានឲ្យដឹងថា ៖ មុនកើតហេតុ ម៉ូតូបើកបរ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ មិនដឹងជាមានមូលហេតុអ្វី ស្រាប់តែគេឃើញម៉ូតូរេចង្កូតទៅបុករថយន្តដឹកដីមួយគ្រឿងម៉ាក ហ្វុយហ្សូ (FUSO) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-៥៤៨០ បើកបរដោយឈ្មោះ ប៊ុន ឌីន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។
ប្រភពបន្តថា ៖ ក្នុងហេតុការណ៍ខាងលើ ម៉ូតូបានខូចខាតកំរិតធ្ងន់ រថយន្តខូចខាតស្រាល ចំណែកអ្នករងរបួសខាងម៉ូតូ ត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ឬឯយានយន្តទាំងពីរគ្រឿង និងអ្នកបើកបររថយន្ត ត្រូវបាននគរបាលចរាចរណ៍ខេត្តឃាត់ខ្លួន នាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ