រាជធានីភ្នំពេញ ៖ ម៉ូតូ២គ្រឿង បានជិះប្រដេញគ្នា ក្នុងល្បឿនលឿនបានជ្រុលទៅទាក់ដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿង ដួលបោកទៅលើផ្លូវ និងធ្វើឲ្យបុរសបីនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ទល់មុខនឹងស្ថានីយបូបទឹកស្អុយបឹងត្របែក ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុ គេបានឃើញបុរស៤នាក់ បានជិះម៉ូតូចំនួនពីរគ្រឿង ដោយមួយគ្រឿង ម៉ាកឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១G-៩៦៥៧ ជិះគ្នា២នាក់ និងមួយគ្រឿងទៀត ម៉ាកឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១H-៣៩៨១ ជិះគ្នា២នាក់ដូចគ្នា ហើយអ្នកទាំងបួននាក់នោះ គឺសុទ្ធតែអ្នកស្គាល់គ្នា ហើយក៏មិនដឹងថាចេញពីផឹកស៊ីនៅទីណានោះ បានធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ព្រមទាំងដេញគ្នា ដូចក្រុមប្រណាំងម៉ូតូអញ្ចឹង ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូទាំង២គ្រឿងបានគេចនឹងរថយន្តមួយគ្រឿង ដែលមកពីក្រោយ បណ្តាលឲ្យម៉ូតូទាំង២គ្រឿង បានជ្រុលទៅទាក់ដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូទាំងពីគ្រឿង ដួលបោកទៅលើផ្លូវ និងធ្វើឲ្យបុរសបីនាក់រងរបួសសន្លប់ស្តូកស្តឹង ហើយភ្លាមនោះ ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម្នាក់ទៀតរងរបួសរលាត់ដៃរលាត់ជើងស្រាល មិនបានទៅមន្ទីរពេទ្យនោះទេ ។ ចំណែកម៉ូតូវិញរងការខូចខាតទាំង២គ្រឿង ។
ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចមកយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ