ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ឈរ​លំដាប់​ទី​1 ​ជា​ប្រទេស​នាំ​ចូល​អង្ករ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង​៣១​ម៉ឺន​តោន ក្នុង​នោះ​ចិន​ជាទី​ផ្សារ​លំដាប់​ទី​១ ដែល​បាន​នាំ​ចូល​ចំនួន​៩៧.៧៥២​តោន ក្នុង​ចំណោម​ទីផ្សារ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង​៣១​ម៉ឺន​តោន ក្នុង​នោះ​ចិន​ជាទី​ផ្សារ​លំដាប់​ទី​១ ដែល​បាន​នាំ​ចូល​ចំនួន​៩៧.៧៥២​តោន ក្នុង​ចំណោម​ទីផ្សារ​គោលដៅ​៥៦​ប្រទេស​ដែល​កម្ពុជា​បាន​នាំ​ចេញ ។ ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​នេះ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ​៣០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ៗ គិត​ចាប់ពី​ឆ្នាំ​នេះ​ទៅ ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន Amru Rice មាន​ប្រសាសន៍​ថា កម្ពុជា​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​កន្លង​មកនេះ ភាគច្រើន​កើនឡើង​នៅ​ទីផ្សារ​ចិន ហើយ​កំណើន​នេះ​នឹង​កើនឡើង​បន្ត​ទៀត ព្រោះ​ចិន​នៅ​តែ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា ខណៈ​ទីផ្សារ​អង្ករ​នៅ​អឺរ៉ុប​មាន​លក្ខណៈ​ទ្រឹង ។

លោក​ឧកញ៉ា​ថា ៖« ទីផ្សារ​អង្ករ​កម្ពុជា​នៅ​ប្រទេស​ចិន មានការ​ប្រកួតប្រជែង​ថ្លៃ​ជាមួយ​អង្ករ​ថៃ ហើយ​តម្លៃ​នេះ​មិនសូវ​ជា​ល្អ​ដូច​ជា​នៅ​ទីផ្សារ​អឺរ៉ុប​ប៉ុន្មាន​ទេ តែ​វា​ធ្វើ​ឱ្យ​យើង​មាន​ជម្រើស​ថ្មី​មួយទៀត កុំ​រំពឹង​តែ​ទៅ​លើ​ទីផ្សារ​អឺរ៉ុប ។ ទីផ្សារ​អឺរ៉ុប​មាន​ទំហំ​តូច​ជាង​ចិន ព្រោះ​ចិន​ត្រូវការ​នាំ​ចូល​អង្ករ​១​ឆ្នាំ ប្រហែល​៣​លាន​តោន​។ ដូចនេះ យើង​ត្រូវ​យក​ទីផ្សារ​ចិន​ជាទី​ផ្សារ​សំខាន់ ព្រោះ​កំណើន​ដែល​យើង​មាន គឺ​ពឹង​លើ​ទីផ្សារ​ចិន » ។

លោក​ឧកញ៉ា​បន្ត​ថា ៖« សម្រាប់ Amru Rice កន្លង​មក​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ចំពោះ​ទីផ្សារ​ចិន​ពុំ​ទាន់​បាន​នាំ​ចេញ​ទេ តែ​យើង​កំពុង​សុំ​រដ្ឋាភិបាល​ចរចា​ដើម្បី​មានឱកាស​អាច​នាំ​ចេញ​អង្ករ​ទៅ​ចិន​បាន​ដែរ » ។

លោក​ឧកញ៉ា ភូ ពុ​យ នាយក​ក្រុមហ៊ុន បៃតង​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​៧​ខែ​កន្លង​ទៅ ក្រុមហ៊ុន​បាន​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​ប្រហែល​១៥%, អាស៊ី​ប្រហែល​៨៥% ក្នុង​នោះ​សម្រាប់​ទីផ្សារ​ចិន​៥០% ។ នៅ​ក្នុងឆ្នាំនេះ ផែនការ​របស់​ក្រុមហ៊ុន គឺ​ចង់ឱ្យ​ការ​នាំ​ចេញ​កើនឡើង​៣០% បើ​ប្រៀបធៀប​នឹង​ទៅ​ពេល​មុន ។ លោក​ថា ៖« រដ្ឋាភិបាល​ចិន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ទិញ​អង្ករ​៣​សែន​តោន​ក្នុង​ឆ្នាំ​២០១៧​នេះ ។ អីចឹង ខ្ញុំ​គិត​ថា នេះ​ជា​ចំណុចខ្លាំង​មួយ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ចិន ហើយ​នៅ​ថ្ងៃក្រោយ ទីផ្សារ​អង្ករ​កម្ពុជា​នឹង​រីក​ធំ​ឡើង » ។

យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៧ អង្ករ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​ចំនួន​៥៦​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​នោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​១ នាំ​ចូល​អង្ករ​ប្រមាណ​៩៧.៧៥២​តោន​, បារាំង​ទី​២ មាន​៤២.៣៦៧​តោន​, ប៉ូ​ឡូញ​ទី​៣ មាន​២៨.៣៨៦​តោន​, អង់​គ្លេស​ទី​៤ មាន​២២.១៨៦​តោន​, ហូ​ឡង់​ទី​៥ មាន​១៧.៥១១​តោន​, បែ​ល​ហ្ស៊ិ​ក​ទី​៦ មាន​១២.៨៨០​តោន​, ឆែក​ទី​៧ មាន​១០.៣៤៦​តោន​, ម៉ា​ឡេ​ស៊ី​ទី​៨ មាន​៩.៧៤៣​តោន​, កា​បុ​ង​ទី​៩ មាន​៨.៩៥៧​តោន និង​អីុ​តា​លី​ទី​១០ មាន​៨.៣១២​តោន ។

របាយការណ៍​ដដែល​បន្ត​ថា បរិមាណ​អង្ករ​ដែល​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទិស​ដៅ​សហភាព​អឺរ៉ុប​មាន​២៥​ប្រទេស ក្នុង​បរិមាណ​សរុប​១៧១.១១៩​តោន ។ ទិស​ដៅ​អាស៊ាន​៤​ប្រទេស ក្នុង​បរិមាណ​១៧.៨២៨​តោន និង​ទិស​ដៅ​ដទៃ​ទៀត​២៧​ប្រទេស ក្នុង​បរិមាណ​សរុប ១២៦.៩៦៩​តោន ។

កម្ពុជា​មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅ​បរទេស​ចំនួន​៧៥​ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុននាំចេញ​ឈានមុខ​គេ​មាន Cristal Rice, Baitang Kampuchea, Apsara Rice, Khmer Food Group, Amru Rice, Golden Rice, City Rice Import Export, Nikoline Investment, Kol Veasna Investment និង Signatures of Asia ជា​ដើម៕